រាជរដ្ឋាភិបាលចេញ បទបញ្ជាឲ្យពង្រឹង វិធានការ ប្រយុទ្ធប្រឆាំង គ្រឿងញៀន

ភ្នំពេញ ៖ ដើម្បីដោះស្រាយ នូវការព្រួយបារម្ភ របស់ប្រជាពលរដ្ឋ ធានាបានសុវត្ថិភាព សណ្តាប់ធ្នាប់ សន្តិសុខ និងការអភិវឌ្ឍសង្គម រាជរដ្ឋាភិបាល កម្ពុជា បានដាក់ចេញបទបញ្ជា៥ចំណុច ដើម្បីទប់ស្កាត់ និងពង្រឹងវិធានការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន។

វិធានការទាំង៥នោះរួមមាន៖ ទី១-អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ និងក្រសួងស្ថាប័ន ពាក់ព័ន្ធ ត្រូវចាត់តាំងរៀបចំ ធ្វើសកម្មភាពឲ្យបានខ្លាំងក្លាថែមទៀត ក្នុងការផ្សព្វផ្សាយអប់រំឲ្យមាន ការយល់ដឹងពីផលប៉ះពាល់និង ចាក់ចេញពីឥទ្ធិពលគ្រោះថ្នាក់ នៃគ្រឿងញៀនដល់ប្រជាពលរដ្ឋ។

ទី២-អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញឿន និងគណៈកម្មាធិការទទួលបន្ទុកការងារព្យាបាល និងស្តារនីតិ សម្បទា អ្នកញៀនគ្រឿងញៀន ត្រូវចាត់ចែងរៀបចំពង្រឹង លើកកម្ពស់សមត្ថភាព ការគ្រប់គ្រង ការផ្តល់សេវា គុណភាពសេវាវេជ្ជសាស្រ្ត ។

ទី៣-ក្រសួងមហាផ្ទៃ និងស្ថាប័នពាក់ព័ន្ធ ពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត ត្រូវពង្រឹងបន្ថែម ទៀត នូវការអនុវត្តគោល នយោបាយ ភូមិ-ឃុំមានសុវត្ថិភាព និងផែនការប្រៀបសមរភូមិប្រឆាំង បទល្មើសគ្រឿងញៀន ដើម្បីបង្ការនូវអំពើចោរលួច ប្លន់ និងគ្រប់គ្រងបាននូវមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ទី៤-អាជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងមហាផ្ទៃ ត្រូវពង្រឹងយន្តការ និងតួនាទីដឹកនាំទាំងនៅថ្នាក់ ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងការអនុវត្តទិសដៅការងារប្រយុទ្ធប្រឆាំង គ្រឿងញៀនឆ្នាំ២០១៦។

និងទី៥- អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រសួងមហាផ្ទៃត្រូវធ្វើការតាមដាន បូកសរុប វាយតម្លៃ និងធ្វើរបាយការណ៍ពីលទ្ធផល ជូនរាជរដ្ឋាភិបាល ដើម្បីមានមូលដ្ឋានដឹកនាំបន្តប្រកបដោយប្រសិទ្ធភាព៕