ក្រុមហ៊ុន​ចិន​ឈ្មោះ​រួយ​ហ្វេ​ង បន្ត​បំពាន​លើ​ដីធ្លី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ឆែប ខេត្តព្រះវិហារ

​ជម្លោះដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ម្លូព្រៃ​២ ស្រុក​ឆែប ខេត្តព្រះវិហារ ដែល​អូសបន្លាយ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មកហើយ​នោះ មិនត្រូវ​បាន​លោក អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ យកចិត្តទុកដាក់​ដោះស្រាយ​ឲ្យ​ស្របតាម​បទបញ្ជា​របស់លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន នាពេល​កន្លងមក​នោះទេ​។ ផ្ទុយទៅវិញ​មន្ត្រីរាជការ មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តព្រះវិហារ បាន​រិះគន់ថា លោក អ៊ុំ ម៉ា​រ៉ា ជា​អ្នកបម្រើ​និង​ការពារ​ផលប្រយោជន៍​ក្រុមហ៊ុន​ចិន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​ទាល់តែសោះ​។ ហេតុនេះហើយ​ទើប​កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦ ក្រុមហ៊ុន​ចិន​ឈ្មោះ​រួយ​ហ្វេ​ង បន្ត​ឈូសឆាយ​ប៉ះពាល់​ដីស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​នៅ​ឃុំ​ម្លូព្រៃ​២​យ៉ាង​កំរោល​។

​សេចក្ដីរាយការណ៍​ពី​ប្រជា​សហគមន៍​ឃុំ​ម្លូព្រៃ​២ ស្រុក​ឆែប ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា ពួកគាត់​ជំរុញ​ឲ្យ​អាជ្ញាធរខេត្ត​ជួយ​ព​ន្លឿ​ន​ដំណោះស្រាយ​ជម្លោះដីធ្លី​រវាង​ពួកគាត់​នឹង​ក្រុមហ៊ុន​រួយ​ហ្វេ​ង​ឲ្យ​បាន​ឆាប់រហ័ស ព្រោះ​ក្រុមហ៊ុន​នេះ​បាន​យក​គ្រឿងចក្រ​មក​ឈូសឆាយ​ប៉ះពាល់​ដីស្រែ​ចម្ការ​និង​វាលស្មៅ​ចិញ្ចឹមសត្វ​របស់​ពួកគាត់​ជា​បន្តបន្ទាប់​។ ប្រជាពលរដ្ឋ​ក្នុងភូមិ​បុស្ស ឃុំ​ម្លូព្រៃ​២ ស្រុក​ឆែប ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា ពួកគាត់​មាន​គម្រោង​ប្រមូល​ផ្ដុំគ្នា​ដើម្បី​ប្រឆាំង​ខ្លាំងក្លា​ជាមួយ​ក្រុមហ៊ុន​រួយ​ហ្វេ​ង កុំ​ឲ្យ​ប៉ះពាល់​ដល់​ដីស្រែ​ចម្ការ​និង​ដីព្រៃ​សហគមន៍​របស់​ពួកគាត់​តាម​អំពើ​ចិត្ត​ទៀត​។ តំណាង​អ្នកភូមិ​បាន​បញ្ជាក់ថា អំពើ​រំលោភបំពាន​របស់​ក្រុមហ៊ុន​រួយ​ហ្វេ​ង​ជា​បន្តបន្ទាប់​កន្លងទៅនេះ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ពួកគាត់​យ៉ាង​ពេញបន្ទុក​។

មន្ត្រី​អង្គការសិទ្ធិមនុស្ស​ក្នុង​ខេត្តព្រះវិហារ ដែល​ឃ្លាំមើល​ករណី​ជម្លោះដីធ្លី​នេះ បាន​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦ អ្នកភូមិ​ស្រី​ប្រុស ក្មេង ចាស់ ប្រមាណ​ជិត​២០០​នាក់​បាន​លើកគ្នា​ទៅ​រារាំង​គ្រឿងចក្រ​ក្រុមហ៊ុន​រួយ​ហ្វេ​ង មិន​ឲ្យ​ឈូសឆាយ​ពង្រីក​ផ្ទៃដី​សម្បទាន​សេដ្ឋកិច្ច​ស្រេច​តែ​អំពើ​ចិត្ត​ទៀតឡើយ​។ ហេតុនេះហើយ​ទើប​ពួកគាត់​បាន​ចាត់​គ្នា​ឲ្យ​ឃ្លាំមើល​សកម្មភាព​របស់​ក្រុមហ៊ុន​ចិន ដែល​នៅតែមាន​ចេតនា​អាក្រក់​បំពាន​លើ​ដីធ្លី​ស្រែចម្ការ​និង​វាលស្មៅ​ចិញ្ចឹមសត្វ​របស់​ពួកគាត់​តាំងពី​ដូនតា​មក​។ ទន្ទឹមនឹងនេះ​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក អ៊ុំ ម៉ា​រ៉ា អភិបាលខេត្ត​ព្រះវិហារ ជួយ​ដោះស្រាយ​ជម្លោះដីធ្លី​របស់​ពួកគាត់​ជាបន្ទាន់ ព្រោះ​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​ក្រុមហ៊ុន​ចិន​ឈ្មោះ​រួយ​ហ្វេ​ង បង្ក​ទុក្ខលំបាក​ដល់​អ្នកភូមិ​គ្មាន​ទីបញ្ចប់​៕

CH-00182លោក អ៊ុំ ម៉ារ៉ា អភិបាលខេត្តព្រះវិហារ a4b5c0b5-1846-4412-a7f1-8a3292c99ae1