សាលាក្ដី​ខ្មែរ​ក្រហម​ស្ដាប់​សាក្សី​ទាក់ទង​នឹង​ការ​សម្លាប់​អតីត​ទាហាន លន់ នល់

អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​១ កុម្ភៈ បន្ត​សវនាការ​សួរ​ដេញដោល​សាក្សី​ថ្មី​មួយ​រូប​ទាក់ទង​នឹង​ការ​សម្លាប់​អតីត​ទាហាន លន់ នល់ នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

សាក្សី​ឈ្មោះ សៅ វ៉ន អតីត​ជា​ប្រធាន​រណសិរ្ស​ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ និង​ជា​មេឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។

សាក្សី សៅ វ៉ន ហៅ សៅ ពត បដិសេធ​ចំពោះ​អង្គ​ជំនុំជម្រះ​សាលា​ដំបូង​នៃ​សាលាក្ដី​ខ្មែរ​ក្រហម នៅ​ថ្ងៃ​ទី​១ កុម្ភៈ ថា លោក​មិន​បាន​ដឹង​អំពី​ការ​សម្លាប់​អតីត​ទាហាន​នៃ​របប លន់ នល់ ទេ ក្នុង​ពេល​ដែល​លោក​ជា​ប្រធាន​រណសិរ្ស​ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

លោក​បញ្ជាក់​ទៀត​ថា កម្មាភិបាល​ថ្នាក់​តំបន់ និង​ភូមិភាគ​តែង​ណែនាំ​លោក និង​កម្មាភិបាល​ថ្នាក់​ក្រោម មិន​ឱ្យ​បែងចែក​រើសអើង​ប្រជាជន​ចាស់ ឬ​ប្រជាជន​ថ្មី ហើយ​ក៏​មិន​ឱ្យ​ប៉ះពាល់​អតីត​ទាហាន​របប លន់ នល់ ដែរ៖ «ការ​ដោះស្រាយ​ទំនាស់ កុំ​ផ្អែក​លើ​ថ្មី​លើ​ចាស់។ អា​ហ្នឹង​ចំណែក​ប្រជាជន។ ឯ​មួយ​ទៀត គាត់​បាន​សង្កត់​ធ្ងន់​ចំពោះ​ទាហាន ចាប់​តាំង​ពី​ស័ក្ដិ​មួយ​ទៅ​ទល់​ស័ក្ដិ​ប្រាំ កុំ​ធ្វើ​អ្វី​ប៉ះពាល់​ដល់​រាងកាយ​គេ​ឱ្យ​សោះ។ គាត់​បាន​កំណត់​ឱ្យ​យើង​ចងចាំ​ថា ព្រោះ​រយៈកាល​កន្លង​មក​គេ​មាន​សាច់​ឈាម​របស់​គេ ដែល​នៅ​រួម​ធ្វើ​បដិវត្តន៍​ជា​មួយ​យើង​ក្នុង​ចលនា​រំដោះ​ប្រទេស​ជាតិ»

សាក្សី សៅ វ៉ន ថ្លែង​បន្ត​ថា លោក​តែង​តែ​ពេញ​នឹង​ការ​ណែនាំ​នេះ។ ទោះ​ជា​ដូច្នេះ​ក្ដី លោក​កត់​សម្គាល់​ថា ការ​អប់រំ​នយោបាយ​នោះ​មាន​ភាព​ផ្ទុយ​គ្នា ព្រោះ​នៅ​ក្នុង​រយៈ​ពេល​ក្រោយ​មក​ទៀត គឺ​នៅ​ចុង​ឆ្នាំ​១៩៧៧ ស្រាប់​តែ​មាន​ឯកសារ​ណែនាំ​ឱ្យ​មាន​ការ​បែងចែក​ឋានៈ​ប្រជាជន​ទៅ​វិញ៖ «ឆ្នាំ​១៩៧៧ និង​ដើម​ឆ្នាំ​១៩៧៨ ឃើញ​ឯកសារ​និយាយ​ថា មាន​គេ​បែងចែក​ក្នុង​ឯកសារ មាន​ប្រជាជន​ពេញ​សិទ្ធិ ប្រជាជន​ត្រៀម ប្រជាជន​ផ្ញើ។ ត្រង់​នេះ​ចំណុច​មួយ។ ឯ​ចំណុច​មួយ​ទៀត ខ្ញុំ​ឃើញ​នៅ​ឆ្នាំ ១៩៧៩ នៅ​ពេល​ដែល​ខ្ញុំ​រត់​ចូល​មក​ដល់​ស្រុក​ទេស ខ្ញុំ​ក៏​បាន​ឃើញ​នៅ​ស្រុក​ត្រាំកក់ មាន​កន្លែង​គេ​ហៅ​ថា ក្រាំង​តា​ចាន់ ឃើញ​មាន​លលាដ៍​ព្រះកេស ដែល​មាន​ទុក្ខ​នៅ​ទី​នោះ»

សាក្សី​រូប​នេះ​ក៏​ត្រូវ​អង្គ​ជំនុំជម្រះ​សួរដេញដោល​អំពី​ការ​ប្រមូល​ជនជាតិ​វៀតណាម នៅ​ក្នុង​ស្រុក​ត្រាំកក់ នោះ​ដែរ។ លោក​ថា លោក​ដឹង​ថា ជនជាតិ​វៀតណាម ត្រូវ​បាន​ប្រមូល​បញ្ជូន​ទៅ​ស្រុក​វិញ។

លោក សៅ វ៉ន ថ្លែង​ថា អតីត​ជា​ប្រធាន​រណសិរ្ស​ឃុំ​ជាងទង ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ចាប់​តាំង​ពី​ឆ្នាំ ១៩៧០ ដល់​ឆ្នាំ​១៩៧៥។ លោក​មាន​តួនាទី​ជា​អ្នក​រៀបចំ​ប្រជាជន​នៅ​តាម​ភូមិ ប៉ុន្តែ​មិន​ទាក់ទង​នឹង​យោធា​ទេ។ នៅ​ឆ្នាំ​១៩៧៦ លោក​ត្រូវ​បាន​គណៈ​ស្រុក​ត្រាំកក់ ឈ្មោះ​យាយ ខុម ដែល​ជា​កូន​តា ម៉ុក បញ្ជូន​ឱ្យ​ទៅ​ធ្វើ​ជា​មេឃុំ​កំពង់ស្វាយ ស្រុក​កៀនស្វាយ ខេត្ត​កណ្ដាល។ លោក​ក៏​ជា​បក្ខជន​នៃ​បក្ស​កុម្មុយនិស្ត​កម្ពុជា​មួយ​រូប​ដែរ។ លោក​អះអាង​ថា លោក​ស្គាល់​មន្ទីរ​អប់រំ​លេខ ២០៤ នៅ​ព្រៃ​ក្ដួច បច្ចុប្បន្ន​នៅ​ក្នុង​ភូមិ​ត្រពាំងក្រញូង ស្រុក​ត្រាំកក់ ព្រោះ​បង​ប្រុស​លោក​ម្នាក់​ដែល​ជា​អតីត​អ្នក​រដ្ឋការ​របប លន់ នល់ ត្រូវ​បាន​មេភូមិ​បញ្ជូន​ទៅ​ឃុំឃាំង​នៅ​ទីនោះ ពេញ​មួយ​របប​កម្ពុជា​ប្រជាធិបតេយ្យ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។