ពលរដ្ឋ​ចោទ លោក ឌួង លាង នាយក​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប ថា​ទិញ​ដី​ខុសច្បាប់​

នៅ​ដើម​សប្តាហ៍​នេះ ប្រជាពលរដ្ឋ​ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល បាន​រិះគន់​ការទិញ​លក់​ដី​បឹង​ពី​សំណាក់​លោក ឌួង លាង  នាយក​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប  នៅ​ចំណុច​បឹង​កាច់​ស្ថិតក្នុង​ភូមិ​លើ ឃុំ​ស្វាយជ្រំ ថា​ជា​សកម្មភាព​ល្មើសច្បាប់ ។ ការរិះគន់​របស់​ប្រជាពលរដ្ឋ​ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល គឺធ្វើឡើង​ក្រោយពី​នាយក​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប គឺ​លោក ឌួង លាង បាន​អះអាងថា ការទិញ​ដី​នៅ​ទីនោះ​ពី​អ្នកភូមិ​ទំហំ​២​ហិកតា​ដោយមាន​ប្លង់​ត្រឹមត្រូវ​។​

​បើទោះជា​មានការ​ចោទប្រកាន់​ពី​ប្រជាពលរដ្ឋ និង​ការឆ្លើយ​ការពារ​ខ្លួន​ពី​សំណាក់​លោក ឌួង លាង នាយក​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​ក៏ដោយ ក៏​មន្ត្រីជលផល​ស្រុក​ខ្សាច់កណ្តាល បាន​បញ្ជាក់ថា​ផ្ទៃដី​បឹង​ដែល​ត្រូវគេ​លក់​ទិញ​ទាំង​ចម្រូងចម្រាស​ក្នុងករណី​ខាងលើនេះ​គឺ​ស្ថិតនៅក្នុង​ឡូ​តិ៍​នេសាទ​លេខ​១៧ ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ គ្រប់គ្រង​ដោយ​សមត្ថកិច្ច​ជលផល ដែល​ពុំមាន​អ្នកណាម្នាក់​អាចមាន​សិទ្ធិ​ទិញ​លក់​បានឡើយ ហើយ​បើ​មានការ​ទិញ​លក់ នោះ​ជា​អំពើ​បំពាន​ច្បាប់​ដែល​អាច​នឹងត្រូវ​សើរើ​ឡើងវិញ​ដោយ​មន្ត្រី​សាលាខេត្ត​កណ្តាល​។​

​មន្ត្រីរាជការ​បម្រើការ​ងារ​នៅ​សាលាស្រុក​ខ្សាច់កណ្តាល បានលើកឡើង​ដែរ​ថា បើទោះបីជា​ពលរដ្ឋ​ក្នុងភូមិ​មាន​សិទ្ធិ​អាស្រ័យ​ផល​នៅលើ​ផ្ទៃដី​បឹង​កាច់​ដូចជា​ដាំ​ឈូក និង ធ្វើស្រែ​ប្រាំង នា​រដូវ​ទឹកសម្រក​ក្ដី ប៉ុន្តែ​ពួកគាត់​ពុំមាន​សិទ្ធិ​លក់ដូរ​ទេ ព្រោះ​ដី​នោះ​ជា​ដី​បឹង​សម្រាប់​ត្រី​ពង​កូន ហើយ​គ្មាន​ស្ថាប័ន​ជំនាញ​របស់​រដ្ឋ​ណាមួយ​អាច​ចេញ​ប្លង់​ឲ្យ​គ្រប់គ្រង​ដី​ដោយ​ស្របច្បាប់​បានឡើយ ដូច្នេះ​រាល់​ការលក់​-​ទិញ​ដី​បឹង គឺជា​រឿង​ខុសច្បាប់ និង​អាច​ប្រឈម​បញ្ហា​នៅ​ថ្ងៃ​ខាងមុខ​។​

គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ដោយ​តម្លៃ​ដី​ឡើង​ខ្ពស់ ជាពិសេស​ដី​ក្នុង​តំបន់​ក្បែរ​រាជធានី​ភ្នំពេញ ត្រូវបាន​ក្រុមអ្នកមានអំណាច​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​ខិលខូច​ទន្ទ្រាន​ទិញយក ដែល​សូម្បីតែ​ផ្ទៃដី​បឹង​របស់​រដ្ឋ​ក៏ដោយ ។ ប្រជាពលរដ្ឋ​ស្រុក​ខ្សាច់កណ្តាល​បាន​រិះគន់ថា បើ​មន្ត្រី​ជំនាញ​ទាំង​នៅ​ថ្នាក់មូលដ្ឋាន ថ្នាក់​ខេត្ត និង​ថ្នាក់ជាតិ ពួកគេ​សុទ្ធ​តែមាន​ភាព​ស្អាតស្អំ ឈ្មួញ​ខិលខូច​ក៏​មិនអាច​ទន្ទ្រាន​យក​ដី​រដ្ឋ ឬ​ដី​ប្រជា​ពល​ដ្ឋ​បានឡើយ តែ​បញ្ហា​ក្នុង​ជម្លោះដីធ្លី​កន្លងមក​ភាគច្រើន​មន្ត្រី​ជំនាញ​តែងតែ​ឃុបឃិត​ជាមួយ​ឈ្មួញ​តាម​គ្រប់​រូបភាព​ដើម្បី​បាន​ដី​យក​គ្រប់គ្រង​៕

Pic05​    ​