ប្រេសិតអ.ស.ប.​តស៊ូដើម្បី​ឲ្យ​កិច្ច​ចរចា​ស៊ីរី​ដំណើរការទៅមុខ

ប្រេសិតអ.ស.ប.​តស៊ូដើម្បី​ឲ្យ​កិច្ច​ចរចា​ស៊ីរី​ដំណើរការទៅមុខ

លោក​ Assad Al-Zoubi តំណាង​ក្រុម​ប្រឆាំង​ស៊ីរី​ និង​លោក​ Salim al-Muslat អ្នក​នាំ​ពាក្យ​សម្រាប់​គណៈកម្មការ​ចរចាជាន់​ខ្ពស់​ ចូលរួម​កិច្ច​ចរចា​សន្តិភាព​ ជាមួយលោក Staffan de Mistura ប្រេសិត​អ.ស.ប.​ នៅ​ក្រុង​ហ្ស៊ឺណែវ​ ប្រទេស​ស៊្វីស នៅ​ថ្ងៃ​ទី​១ ខែ​កុម្ភៈ ឆ្នាំ​២០១៦។​​

កាល​ពី​ថ្ងៃ​ច័ន្ទ​ លោក Staffan de Mistura ប្រេសិត​អ.ស.ប.បាន​ខិតខំ​ព្យាយាម​ធ្វើ​ឱ្យ​កិច្ច​ចរចា​សន្តិភាព​នៅ​ក្នុង​ក្រុង​ហ្ស៊ឺណែវ​ (Geneve) ឋិត​នៅ​គង់វង្ស​ ដែល​នៅ​ទី​នោះ​ក្រុម​អ្នកតំណាង​រដ្ឋាភិបាល​ស៊ី​រីនិង​ក្រុម​អ្នកតំណាងក្រុម​ប្រឆាំង​មាន​វត្តមាន ​ក៏​ប៉ុន្តែ​មិន​ទាន់​ទាក់ទិន​ទាំង​ស្រុង​ជាមួយ​នឹង​កិច្ចចរចា​គ្នា​ដោយ​មិនផ្ទាល់នេះទេ។

ក្រុម​មន្ត្រី​អ.ស.ប.​បាន​និយាយ​ថា​ កិច្ចចរចា​ដែល​ត្រូវ​បាន​កំណត់​ធ្វើ​រវាង​ប្រេសិត​អ.ស.ប.​និង​គណៈប្រតិភូ​រដ្ឋាភិបាល​ស៊ីរី​នៅ​ពេល​ថ្ងៃ​ត្រង់​នៅ​ថ្ងៃ​ច័ន្ទ​ត្រូវ​បាន​ពន្យា​ពេល​លើក​ទៅ​ធ្វើ​នៅ​ពេល​ក្រោយ​ហើយ។

អ្នក​នាំ​ពាក្យ​មា្នក់​នៃ​ក្រុម​ប្រឆាំង​ធំ​ជាង​គេ​បាន​និយាយ​កាល​ពី​ថ្ងៃ​ច័ន្ទ​ថា​ លោក​បាន​ទទួល«ការ​ឆ្លើយ​តប​វិជ្ជមាន»មួយ​ពី​លោក​ de Mistura អំពី​ការ​ទាមទារ​របស់​ក្រុម​ប្រឆាំង​ដែល​សុំ​ឱ្យ​មាន​ការ​បញ្ឈប់​ការទម្លាក់​គ្រាប់បែក​និង​អនុញ្ញាត​ឱ្យ​មានលំហូរ​ជំនួយ​មនុស្ស​ធម៌​ទៅ​កាន់​តំបន់​កាន់​កាប់​ដោយ​ពួក​ឧទ្ទាម។​

ក៏​ប៉ុន្តែ​ក្រុម​ប្រឆាំង​បាន​និយាយ​ថា ​ការ​បង្កើន​អំពើ​ហិង្សា​អាច​បង្អាក់​ដំណើរការ​ដែល​មិន​មាំ​ទាំ​ហើយ​នោះ។​

លោក​ Bob Corker សមាជិក​ព្រឹទ្ធសភា​ស.រ.អា.និង​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​ខាង​ទំនាក់ទំនង​បរទេស​នៃ​ព្រឹទ្ធសភា​អាមេរិកាំង​បាន​ពិភាក្សា​អំពី​កិច្ចចរចា​សន្តិភាព​ស៊ីរី​ជាមួយ​ VOAកាល​ពី​ថ្ងៃ​ច័ន្ទ​ ដោយ​លោក​បាន​មាន​ប្រសាសន៍​ថា ​លោក​យល់​ថា​កិច្ចចរចា​គ្នា​នេះ​បាន​ចាប់ផ្តើម​ធ្វើ​ពី​បញ្ហា​ពិបាក​មួយ។​

លោក​បាន​និយាយ​ថា​ «ខ្ញុំ​យល់​ថា​ក្រុម​ប្រឆាំង​ខ្លះ​ដែល​យើង​បាន​ទាក់ទង​ជាមួយ​កាល​ពី​សប្តាហ៍​មុន​បាន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ពិបាក​ណាស់។​ សំណើ​ខាង​មនុស្ស​ធម៌​ដែល​ពួក​គេ​បាន​សុំ​ឱ្យ​បំពេញ​នោះ​មិន​ទាន់​បាន​សម្រេចទេ។​»

លោក​បាន​និយាយ​ថា​ «ខ្ញុំ​គាំទ្រ​កិច្ចចរចា​ខាង​ការទូត​ដូច​ដែល​អ្នក​ឯ​ទៀត​គាំទ្រ​ដែរ ក៏​ប៉ុន្តែ​ចំណុច​សំខាន់ៗ​នៅ​ពេល​នេះ​បង្ហាញ​ថា​ក្រុម​ប្រឆាំង​កំពុង​មាន​បញ្ហា​ពិបាកៗ។»

កង​កម្លាំង​រដ្ឋាភិបាល​ស៊ីរី​ដោយ​មាន​ជំនួយ​ពី​ប្រទេស​រុស្ស៊ី​បាន​បង្កើន​ការ​វាយ​ប្រហារ​ ហើយ​កាល​ពី​ថ្ងៃ​ច័ន្ទ​បាន​បើក​ធ្វើការ​វាយ​លុក​មួយ​នៅ​ខាង​ជើង​ក្រុង​Aleppo។​

ក្រុម​ប្រឆាំង​បាន​និយាយ​ថា​ការវាយ​ប្រហារ​តាម​អាកាស​ដោយ​រដ្ឋាភិបាល​បាន​សម្លាប់​ជន​ស៊ីវិល៕