H2O Production ត្រៀម​បង្ហាញ ស្នាដៃ​ទី១​


H2O Production ត្រៀម​បង្ហាញ ស្នាដៃ​ទី១​

ខ្សែភាពយន្ត​ដែល​បាន​ល្បី​ទៅ​ថត​ដល់​ហុង​កុង រឿង​«ខ្មោចប្រពន្ធស្ដេចល្បែង» ដែល​ជា​វណ្ណកម្ម​ដំបូង​របស់​ផលិតកម្ម «H2O Production» គ្រោង​ចាក់​​បញ្ចាំង​នៅ​ថ្ងៃទី១៨ ខែ កុម្ភៈ  ខាង​មុខ​នេះ។

 

 

H2O Production ត្រៀម​បង្ហាញ ស្នាដៃ​ទី១​

 

 

តាម​​ការ​លើក​ឡើង​​របស់​លោក យិន សុខហេង ចាងហ្វាង​ផលិតកម្ម «H2O Production» បាន​ឲ្យ​ដឹង​ថា រឿង​«ខ្មោចប្រពន្ធស្ដេចល្បែង»  គឺ​ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ ដែល​និយាយ​ពី​ល្បិច​ជា​ច្រើន​ក្នុង​ការ​លេង​​ល្បែង ក្នុង​នោះ​ក៏​មាន​បញ្ចូល​សាច់រឿង​បែប​ គំនុំ​សងសឹក ភាព​ភ័យ​ខ្លាច កំសត់  កំប្លែង និង មាន​​ខ្លឹម​សារ​អប់រំ​ជា​ច្រើន​ផង​ដែរ។

 

មាន​តារា​សម្ដែង​ល្បី​ជា​ច្រើន​បាន​ចូល​រួម​សម្ដែង​នៅ​ក្នុង​ខ្សែភាពយន្ត​នេះ ដោយ​នៅ​ក្នុង​នោះ លោក ប៉ែន ចំរ៉ុង និង ​កញ្ញា គង់ វង្សយ៉ាទី ជា​តួឯក។ លោក យិន សុខហេង បាន​ឲ្យ​ដឹង​​ទៀត​ថា ​ផលិតកម្ម​​បាន​ចំណាយ​រហូត​​អស់​ទៅ​ខ្ទង់ ៦ម៉ឺន​ដុល្លារ ​ឯណោះ​ក្នុង​ការ​ផលិត​ខ្សែភាពយន្ត​មួយ​នេះ ដោយ​នៅ​ក្នុង​នោះ ការ​ចំណាយ​ច្រើន​ជាង​គេ គឺ​ត្រង់​ប្លង់​ផត​នៅ​ឯ ហុងកុង។ ​ក្រៅ​ពី​ទេស​ភាព​នៅ​ហុង​កុង សាច់រឿង​ក៏​បាន​បង្ហាញ​ពី​​តំបន់​ទេសចរណ៍​ជា​ច្រើន​ ក្នុង​ប្រទេស​កម្ពុជា ដូច​ជា  តំបន់​​យាម៉ៅ ពេជ្រនិល និង តំបន់ ព្រៃភ្នំ​ជា​ច្រើន​ទៀត។

 

 

 

 

នេះ​ជា ស្នាដៃ​ទី១​ហើយ​របស់​ផលិតកម្ម «H2O Production»។ ខ្សែភាពយន្ត​មួយ​នេះ​គ្រោង​ចាក់​បញ្ចាំង​ថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០១៦ ខាង​មុខ​ នៅ​តាម​រោងភាពយន្ត​ទំនើប​នានា ក្នុង​រាជធានី ភ្នំពេញ និង ​ខេត្ត សៀមរាប។ ក្រោយ​ពី​​​បញ្ចប់​ការ​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ខាង​លើ​នេះ លោក យិន សុខហេង  បង្ហើប​ថា ផលិតកម្ម​របស់​លោក ក៏​គ្រោង​ចាក់​បញ្ចាំង​​ស្នាដៃ​ទី ២​ទៀត​គឺ រឿង​”ទឹក​កន្លះ​ក្អម” ដោយ​បច្ចុប្បន្ន​បាន​ថត​​ និង​កាត់ត​រួច​រាល់​អស់​ហើយ កំពុង​តែ​ចរចា​រោង​​ភាពយន្ត​ដើម្បី​រើស​ថ្ងៃ​ចាក់​បញ្ចាំង៕

 

អត្ថបទ៖ ខុត សីហា