ប្រាសាទ​​ភិ​មាន​អាកាស ​បង្កប់​អាថ៌កំបាំង​យ៉ាង​ជ្រាលជ្រៅ​

Doliprane TVC

​ប្រាសាទភិមានអាកាស​ជា​កេរដំណែល​បុព្វបុរស​ខ្មែរ​ដ៏​ល្អ​ឯក ដែល​បង្កប់​ទៅដោយ​អាថ៌កំបាំង​នៃ​វប្បធម៌​សម្រាប់​ភ្ញៀវទេសចរ​ជាតិ និង អន្តរជាតិ ដែល​បាន​ទៅ​ទស្សនា​នៅ​ប្រាសាទ​នោះ បាន​សិក្សា​ឈ្វេងយល់ ។ ភាព​ដ៏​អស្ចារ្យ និង អច្ឆរិយ​នៃ​ប្រាសាទភិមានអាកាស​នេះ បានធ្វើឱ្យ​ភ្ញៀវទេសចរ​ទាំងឡាយ​មានការ​កោតសរសើ​រយ៉ា​ង​ខ្លាំង ដោយសារតែ​ពួកគេ​កម្រ​បានឃើញ​ប្រាសាទ​ណា​ដូច​ប្រាសាទ​នេះឡើយ ។

ប្រាសាទ​​ភិ​មាន​អាកាស ​បង្កប់​អាថ៌កំបាំង​យ៉ាង​ជ្រាលជ្រៅ​

​រ​ប្រាសាទភិមានអាកាស​នេះ​មាន​ទីតាំងនៅ​ខាងជើង​ប្រាសាទបាពួន ស្ថិតក្នុង​បរិវេណ​ព្រះបរមរាជវាំង​សម័យអង្គរ ហើយ​ប្រាសាទបុរាណ​នេះ​ត្រូវបាន​កសាងឡើង​នៅ​ចុង​សតវត្សរ៍​ទី ១០ និង ដើម​សតវត្សរ៍​ទី ១១ ដោយ​ស្នា​ព្រះហស្ត​របស់​ព្រះមហាក្សត្រ​ចំនួន ៣ អង្គ គឺ​ព្រះបាទ រាជេន្ទ្រ​វរ្ម័ន ព្រះបាទ ជយ វរ្ម័នទី ៥ និង សូរ្យ​វរ្ម័នទី ១ ដែល​ការសាងសង់​ប្រាសាទ​នេះ​ឡើង គឺ​ដើម្បី​ឧទ្ទិស​ដល់​ព្រហ្មញសាសនា ។ បើ​ផ្អែក​តាម​ឯកសារ​របស់​មន្ទីរ​ទេស​ចរណ៍​ខេត្តសៀមរាប​បានឱ្យដឹង​ថា ប្រាសាទភិមានអាកាស​នេះ​ហាក់ដូចជា​បាន​បង្កប់​នូវ​អាថ៌កំបាំង​ជាច្រើន​សម្រាប់អ្នកទេសច​រ​ក៏ដូចជា​អ្នកស្រាវជ្រាវ​ប្រវត្តិវិទូ​ដែល​បាន​មកដល់​ទីនេះ ។

ប្រាសាទ​​ភិ​មាន​អាកាស ​បង្កប់​អាថ៌កំបាំង​យ៉ាង​ជ្រាលជ្រៅ​

ប្រាសាទ​នេះ​កសាងឡើង​ដើម្បី​គោរពបូជា​របស់​ស្តេច​ជំនាន់​នោះ និង ត្រូវបាន​អភិសេក​ដំបូង ដោយមាន​ប្រាង្គ​មាស តាម​សម្តី​អ្នកដំណើរ​ជនជាតិ​ចិន​ឈ្មោះ ជីវ តាក្វាន់ ។ មិនតែប៉ុណ្ណោះ​ប្រាសាទភិមានអាកាស​នេះ​ក៏មាន​ជាប់ទាក់ទង​នឹង​រឿងព្រេង ដែល​បាន​តំណាល​ថា ប្រាង្គ​មាស​នៅក្នុង​ព្រះបរមរាជវាំង​អង្គរ​ដែលជា​កន្លែង​ព្រលឹង​នាគរាជ ក្បាល ៩ បានរស់នៅ និង បាន​ប្រែ​កាឡាខ្លួន​ជា​ស្រី​ម្នាក់​ស្អាត​ចំពោះ​ព្រះ​ភក្ត្រ ព្រះអង្គ ដើម្បី​រួមដំណេក​ជាមួយ​ទ្រង់​ជា​រៀងរាល់​យប់​នៅលើ​ប្រាង្គ​មាស​នេះ​មុនពេល​ព្រះអង្គ​យាង​ចូល​បន្ទប់​អគ្គមហេសី និង ស្រីស្នំ​ផ្សេងទៀត ។

ប្រាសាទ​​ភិ​មាន​អាកាស ​បង្កប់​អាថ៌កំបាំង​យ៉ាង​ជ្រាលជ្រៅ​

ឯកសារ​របស់​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​បានឱ្យដឹង​ទៀតថា ប្រាសាទ ភិ​មាន​អាកាស​ត្រូវបាន​កសាងឡើង​អំពី​ថ្មភក់ និង ជើង​គ្រឹះ​ធ្វើ​ពី​ថ្មបាយក្រៀម មាន ៣ ជាន់ ស្រដៀង​នឹង​ប្រាសាទ​ពីរ៉ាមីដ​ដែរ ។ កម្ពស់​នៃ​ជើង​គ្រឹះ​ប្រាសាទ​ទាំង ៣ ជាន់ មាន​ប្រវែង​ប្រហែល ១២ ម៉ែត្រ មាន​សណ្ឋាន​ជា ៤ ជ្រុង​ទ្រវែង មាន​ជណ្តើរ​ចោត​ទាំង ៤ ផ្នែក ។ ចំណែកឯ​ផ្លូវ​ចូលទៅ​ទស្សនា​ព្រះរាជវាំង ត្រូវ​ដើរ​ឆ្លងកាត់​ជើង​គ្រឹះ​ឡើងលើ​ព្រះ​ពន្លា​ខ្ពស់​ទៅតាម​ជណ្តើរ​គ្រុឌ ពីព្រោះ​ព្រះរាជវាំង​នេះ​តាំង​នៅលើ​ព្រះ​ពន្លា​ខ្ពស់ ពេលណា​យើង​ឡើងទៅ​កាន់​ព្រះ​ពន្លា​នឹង​ឃើញ​បដិមា​ផុស​រូប​សិង្ហ រចនាបថ​សម័យ​បាយ័ន​ឈរ យ៉ាង​អង់អាច​នៅ​ក្បាល​ជណ្តើរ​ទាំងសងខាង ក៏ប៉ុន្តែ​បច្ចុប្បន្ននេះ​ព្រះ​ពន្លា ធ្វើ​ពី​ឈើ​នោះ​មិនមាន​នៅសល់​ស្លាកស្នាម​ច្បាស់លាស់​នោះឡើយ ។​

ប្រាសាទ​​ភិ​មាន​អាកាស ​បង្កប់​អាថ៌កំបាំង​យ៉ាង​ជ្រាលជ្រៅ​

​លោក ឆឺ​យ ឆន អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​បានឱ្យដឹង​ថា នៅ​ប្រាសាទភិមានអាកាស​នេះ​មាន​អ្វីៗ​ជាច្រើន​សម្រាប់​ភ្ញៀវទេសចរ​ទស្សនា យើង​បានឃើញ​នៅលើ​ជើង​គ្រឹះ​ខ្ពស់ ៣ ជាន់ ក្នុង​មួយ​ជាន់ៗ មាន​កម្ពស់ ៣ ម៉ែត្រ ដែល​ជាន់​ក្រោម​បង្អស់​មាន​ទទឹង ២៨ ម៉ែត្រ (​នៅ ទិស​ខាងត្បូង និង ខាងជើង​) រីឯ​បណ្តោយ​វិញ​មាន​ប្រវែង ៣៥ ម៉ែត្រ (​នៅ​ទិស​ខាងលិច និង ខាងកើត​) ។

ប្រាសាទ​​ភិ​មាន​អាកាស ​បង្កប់​អាថ៌កំបាំង​យ៉ាង​ជ្រាលជ្រៅ​

ជើង​គ្រឹះ​ទាំង ៣ នេះ គឺជា​ផ្លូវ​ឡើងទៅ​កាន់​កំពូល​ប្រាសាទ មាន​ជណ្តើរ​នៅ​កណ្តាល​នៃ​ជើង​គ្រឹះ​ទាំង ៤ ដោយ សព្វថ្ងៃ​បាក់បែក​ខ្លះៗ​ទៅហើយ ។ បន្ទាប់ពីនោះ​យើង​អាច​ឡើងទៅ​ទស្សនា​ជាន់​លើ​បង្អស់​នៃ​តួ​ប្រាសាទ ផ្នែក​ខាងក្រៅ​ជា​រោងថែវ​សាងសង់​អំពី​ថ្មភក់ និង ឃើញ​មាន​ស្រះ កំពែង នៅ​បរិវេណ​ខាងត្បូង​ប្រាសាទ​ដែល​កសាងឡើង ដើម្បី​ការពារ​កុំឱ្យ​ទឹក​ស្រក ។

ប្រាសាទ​​ភិ​មាន​អាកាស ​បង្កប់​អាថ៌កំបាំង​យ៉ាង​ជ្រាលជ្រៅ​

អ្វីដែល​គួរឱ្យ​ស្ញប់ស្ញែង​ទៀត​នោះ គេ​ឃើញ​កំពែង​នេះ​មាន​រូបចម្លាក់​ដ៏​វិចិត្រ​ស្រដៀង​នឹង​រូបចម្លាក់​នៅតាម​ជញ្ជាំង ទី​ព្រះ​លាន​ស្តេច​គម្លង់​ថែម​ទៀតផង ។ លោក​អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​បានបញ្ជាក់​ថា បន្ទាប់ពី​នោះមក​គេ​នៅ​ឃើញ​មាន​ស្រះ​ទឹកតូចៗ និង របៀង​ទាបៗ និង នៅមាន​ចំណុច​គួរឱ្យ​ចាប់អារម្មណ៍​មួយទៀត​គឺ​រូបចម្លាក់​នៅលើ​កំពែង​ចំណែកឯ​របៀង​ខាងកើត​មាន​រាង​ជា​រូប​កាកបាទ មាន​សសរ​មូល​ទ្រ​នៅ​ខាងក្រោម ដោយពេល​នេះ​បាន​បាត់​ស្លាកស្នាម​ខ្លះៗ​ទៅហើយ ដែល​ធ្វើឱ្យ​អ្នកសិក្សា​ស្រាវជ្រាវ​ក៏ដូចជា​អ្នកទេសចរ​ពិបាក​ក្នុងការ​ទស្សនា ។

ប្រាសាទ​​ភិ​មាន​អាកាស ​បង្កប់​អាថ៌កំបាំង​យ៉ាង​ជ្រាលជ្រៅ​

ប្រាសាទភិមានអាកាស​នេះដែរ​គឺមាន​បង្កប់​នូវ​អាថ៌កំបាំង​ក៏ដូចជា​ភាព​អស្ចារ្យ​នៃ ការកកើត​សំណង់​ស្ថាបត្យកម្ម​ប្រាសាទបុរាណ​នេះ​ជាច្រើន​ទៀត ។ បច្ចុប្បន្ននេះ​អ្នក​បុរាណ​វិទូ​ជាតិ និង អន្តរជាតិ​កំពុងតែ​សិក្សា​ឈ្វេងយល់ ព្រោះថា​ប្រាសាទភិមានអាកាស​ដែល​កសាងឡើង​ក្រោម​ស្នា​ព្រះហស្ត​រហូតដល់​ស្តេច​ចំនួន ៣ អង្គ គឺ​បាន​បន្សល់ទុក​នូវ​ប្រវត្តិ និង អាថ៌កំបាំង​សម្រាប់អ្នកទេសចរ​ជាតិ អន្តរជាតិ ជាពិសេស​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ ។ សព្វថ្ងៃ​នៅក្នុង​បរិវេណ​ប្រាសាទភិមានអាកាស គេ​សង្កេតឃើញ​មាន​ភ្ញៀវទេសចរ​ជាតិ និង ភ្ញៀវទេសចរ​អន្តរជាតិ​ចូល​ទស្សនា​ឥត​ដាច់ ដែល​ភ្ញៀវទេសចរ​ទាំងនោះ​បាន​ទស្សនា​នូវ​ក្បាច់រចនា​យ៉ាង​ផ្ចិតផ្ចង់ និង យកចិត្តទុកដាក់​បំផុត ៕​នឿន​

ប្រាសាទ​​ភិ​មាន​អាកាស ​បង្កប់​អាថ៌កំបាំង​យ៉ាង​ជ្រាលជ្រៅ​