ជនសង្ស័យ​៣​នាក់​ពាក់ព័ន្ធ​ករណី​ឆក់​កាច់​បំបែក​សោ​រក​ម៉ូតូ​និង​ប្លន់​នៅ​ខេត្ត​ព្រះសីហនុ​បាន​ខ្លួន​

​ខេត្ត​ព្រះសីហនុ​៖ ក្រុម​ជនសង្ស័យ​ចំនួន​៣​នាក់​ពាក់ព័ន្ធ​ករណី​ឆក់​កាច់​បំបែក​សោ​រក​ម៉ូតូ និង​ជា​មុខសញ្ញា​ចាស់​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​នៅ​ខេត្ត​ព្រះសីហនុ​ត្រូវបាន​នគរបាល នៃ​ស្នងការ​នគរបាល​ខេត្ត ស្រាវជ្រាវ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់ កាលពី​ល្ងាច​ថ្ងៃទី​២៨​មករា​កន្លងមក​បន្ទា​ប់​ពី​ពលរដ្ឋ​ប្តឹង​នោះមក ហើយ​ជនសង្ស័យ​ទាំងនោះ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​តុលាការខេត្ត​រួចហើយ កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ​។​

​លោក​វរសេនីយ៍ឯក កុល ផា​លី ស្នងការរង​ទទួលបន្ទុក​ព្រហ្មទណ្ឌ បាន​ប្រាប់​ឲ្យ​ដឹងថា បន្ទាប់ពី​បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​មកជា​បន្តបន្ទាប់ កម្លាំង​ជំនាញ​ក្រោម​ការ​បញ្ចា​ផ្ទា​ល់ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត បាន​បើក​ការស្រាវជ្រាវ យ៉ាង​ម៉ត់ចត់ ដោយ​ទទួលបាន​ពន្លឺ​ជាច្រើន​ជុំវិញ​ករណី​ចោរកម្ម​នោះ រហូត​នៅវេលា​ម៉ោង​១៤ និង​០០​នាទី​រសៀល​កម្លាំង​ជំនាញ​សហការ​ជាមួយ​កម្លាំង​អធិការ និង​ប៉ុស្តិ៍​រដ្ឋា​បាល បាន​ក្រសោប​មុខសញ្ញា​ទាំងនោះ​។

​លោក​វរសេនីយ៍ឯក កុល ផា​លី បន្តថា​៖ ជនសង្ស័យ​ទាំង​៣​នាក់​នោះ​មានឈ្មោះ​ទី​១ ថន ចាន់​ធឿន ហៅ​គា ភេទ​ប្រុស នៅ​ចំណុច​ក្បែរ​ផ្សារ​ឃ្លាំង​លើ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។ យកមក​សាកសួរ​បន្ថែ​ម​។​ក្រោយពី​ធ្វើការ​សាកសួរ​ជិត​មួយ​ម៉ោង កម្លាំង​ជំនាញ​បាន​បន្តទៅ​ឡោមព័ទ្ធ​ជនសង្ស័យ​ទី​២​ឈ្មោះ លឿង លី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ចំណុច​ម្តុំ​ក្រោយ​ផ្សារលើ​ក្រុងព្រះសីហនុ ស្ថិតក្នុង​ក្រុមទី​៣២ ភូមិ​១ សង្កាត់​លេខ​៤ និង​ជនសង្ស័យ​ទី​៣​ឈ្មោះ​មឿ​ន ភាព ហៅ​ខ្មៅ ហៅ​តឿ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ​នៅ​ចំណុច​ភូមិ​១ សង្កាត់​លេខ​៤ ។

ក្នុង​យុទ្ធនាការ​នោះ កម្លាំង​ជំនាញ​បាន​រកឃើញ​នូវ​សម្ភារៈ​របស់​ជនសង្ស័យ​ធ្វើ​សកម្មភាព​មួយចំនួន និង ម៉ូតូ​ចំនួន​២​គ្រឿង​ម៉ាក​គ្លី​ក​ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​និង​ម៉ូតូ​អ៊ែ​ប្លែ​ត ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ ជា​ផល​នៃ​អំពើរ​ចោរកម្ម និង ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ជា​មធ្យោបាយ​ធ្វើ​សកម្មភាព​។ សូម​បញ្ចាក់​ផងដែរ​ថា ក្នុងចំណោម​ជនសង្ស័យ​ទាំង ៣​នាក់​ដែល​បាន​ចាប់ខ្លួន​មាន​ម្នា​ក់មាន​ដីការ​នាំខ្លួន (​ឈ្មោះ​លឿង លី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​) និង​ជនសង្ស័យ ទី​៣(​ឈ្មោះ​មឿ​ន ភាព ហៅ​ខ្មៅ ហៅ​តឿ​) ជា​មុខសញ្ញា​ទើប​ចេញពី​ពន្ធ​ធនាគារ ពាក់ព័ន្ធ​នឹង​ករណី​ចោរកម្ម និង ប្លន់​៕ សមុទ្រ​ខៀវ​

KA-01-02-2015-20 KA-01-02-2015-21