សមត្ថកិច្ច​ឃាត់ខ្លួន​ជនបរទេស​ខុសច្បាប់ ជាង​៣០០​នាក់ ក្នុង​ខែមករា​

​ជនអន្តោប្រវេសន៍​ខុសច្បាប់​ចំនួន ៣៤៩​នាក់ ត្រូវបាន​អាជ្ញាធរ​កម្ពុជា​ឃាត់ខ្លួន​និង​បណ្តេញចេញ ដោយ​គិត​ត្រឹម​ខែមករា ឆ្នាំ​២០១៦ ។ ក្នុងចំណោម​ជនបរទេស​ទាំងនោះ ជនជាតិ​វៀតណាម​មាន​ចំនួន​ច្រើនជាងគេ ដែលមាន​រហូតដល់ ៣០៩​នាក់​។

​ប្រធាន​នាយកដ្ឋាន​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី លោក អ៊ុក ហៃ​សីលា បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ព្រឹក​នេះ​ថា ជនបរទេស​ខុសច្បាប់​ចំនួន ៣៤៩​នាក់ (​ស្រី​៩០​នាក់​) មាន​ចំនួន ១៦​សញ្ជាតិ ត្រូវបាន​សមត្ថកិច្ច​អន្តោប្រវេសន៍​ឃាត់ខ្លួន​និង​បញ្ជូនទៅ​ស្រុកកំណើត​វិញ ក្នុង​ខែមករា ឆ្នាំ​២០១៦ នេះ​។ លោក​ថា ក្នុងចំណោម​ជនអន្តោប្រវេសន៍​ទាំងនោះ អន្តោប្រវេសន៍​វៀតណាម​មាន​ចំនួន​ច្រើនជាងគេ ដែលមាន​រហូតដល់ ៣០៩ នាក់ (​ស្រី​៨៩​នាក់​)​។​

​ជុំវិញ​បញ្ហា​នេះ លោក អ៊ុក ហៃ​សីលា បាន​អះអាងថា ចំពោះ​ជនជាតិ​វៀតណាម​ដែល​មក​រស់នៅ​និង​ធ្វើការ​នៅ​កម្ពុជា ពួកគេ​ភាគច្រើន ប្រកបមុខរបរ​ជាជាង​ឈើ ជាងសំណង់ ជាងដែក និង​ជាង​កែច្នៃ​ផ្សេងៗ ហើយ​ខ្លះទៀត​ក៏មាន​មុខរបរ​ខ្លួនឯង​ដែរ ដូចជា​បើកហាង​លក់​កាហ្វេ លក់​បាយ ជាដើម​។ ជាងនេះទៅទៀត ស្ត្រី​ជនជាតិ​វៀតណាម​ខ្លះ ក៏​ធ្វើជា​អ្នក​ម៉ាស្សា និង​ធ្វើការ​ក្នុង​ហាង​ខារ៉ាអូខេ​ផងដែរ​។​

​ប្រធាន​នាយកដ្ឋាន​រូបនេះ​បន្ថែមថា ក្នុង​ឆ្នាំ​២០១៦​នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៅតែ​បន្ត​រឹតបន្តឹង​នូវ​វិធានការ​តាម​ច្រក​អន្តរជាតិ​ទាំងអស់ ដើម្បី​ទប់ស្កាត់​ការហូរចូល​ជនបរទេស​ខុសច្បាប់ ជាពិសេស​ជនជាតិ​វៀតណាម​។ លោក​បញ្ជាក់​បែបនេះ​ថា​៖«​យើង​បាន​បន្ថែម​កម្លាំង​សមត្ថកិច្ច នៅ​គ្រប់​ច្រក​អន្តរជាតិ និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​ម៉ត់ចត់ ដើម្បី​គ្រប់គ្រង​ការចេញចូល របស់​ជនជាតិ​ដទៃ​មក​កម្ពុជា ឲ្យ​បាន​ត្រឹមត្រូវ​»​។​

​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៥ ជនបរទេស​ខុសច្បាប់​ចំនួន ៤៤២៤​នាក់ (​ស្រី​៥៥៣​នាក់​) មាន​ចំនួន ៤៩​សញ្ជាតិ ត្រូវបាន​សមត្ថកិច្ច​អន្តោប្រវេសន៍​ឃាត់ខ្លួន​និង​បញ្ជូនទៅ​ស្រុកកំណើត​វិញ​។ ក្នុងចំណោម​ជនអន្តោប្រវេសន៍​ទាំងនោះ អន្តោប្រវេសន៍​វៀតណាម​ចំនួន​៣៩៧៨​នាក់ (​ស្រី​១១៥​នាក់​)​។ នេះ​បើតាម​របាយការណ៍​ឆ្នាំ​២០១៥ ពី​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ នៃ​ក្រសួងមហាផ្ទៃ​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​