ពុទ្ធ​បរិ​ស័​ទ្ធ​វត្ត​ខ្ពប​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន ដោះស្រាយ​រឿង​អធិករណ៍​

កណ្តាល: ពុទ្ធ​បរិ​ស័​ទ្ធ ព្រមទាំង​អតីត​ចៅអធិការ​វត្ត​ខ្ពប នៅក្នុង​ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​បើក​ឲ្យ​ដំណើរការ​វត្ត​ឡើងវិញ បន្ទាប់ពី​ត្រូវបាន​បិទ​រឿង​ចោទប្រកាន់​អាស្រូវ​ផ្លូវភេទ​ទៅលើ​ចៅអធិការ​វត្ត​។​

​អតីត​ចៅអធិការ​វត្ត​ខ្ពប សេង សំបូរ ត្រូវបាន​រង​ការចោទប្រកាន់​ដោយ​អយុត្តិធម៌​រឿងអាស្រូវ​ផ្លូវភេទ ហើយ​ត្រូវបាន​ចាប់​ផ្សឹក​ទាំង​បង្ខំ កាលពី​ខែកញ្ញា ឆ្នាំ​២០១៥ ត្រូវបាន​លោក មិន ឃិន រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​សាសនា កាលពី​ថ្ងៃទី​៣០ ខែមករា ឆ្នាំ​២០១៦ តែងតាំង​ជា​ប្រធាន​គណៈកម្មការ​សាងសង់​វត្ត​ខ្ពប ហើយ​បើក​ឲ្យ​មាន​ព្រះសង្ឃ​ចូល​គង់នៅ​ក្នុង​វត្ត​នេះ​ឡើងវិញ បន្ទាប់ពី​មាន​អធិករណ៍​ក្នុង​វត្ត និង​ទុក​វត្ត​ចោល​ជាង​១​ឆ្នាំ​មក​។ ចំណាត់ការ​របស់លោក​រដ្ឋមន្ត្រី ធ្វើឡើង​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន បញ្ជា​ឲ្យ​ដោះស្រាយ​រឿងនេះ​ឲ្យ​បាន​ឆាប់​។​

​លោក មិន ឃិន បាន​ប្រាប់​ប្រជាពលរដ្ឋ ខណៈ​ចុះទៅ​ពិនិត្យមើល​ស្ថានភាព​ក្នុង​វត្ត កាលពី​ថ្ងៃ​សៅរ៍​ថា ករណី​អធិករណ៍​នៅក្នុង​វត្ត​ខ្ពប​នៅ​ភូមិ​សរ​ម៉ាំង ឃុំ​ក្រាំង​ម្កាក់ ស្រុក​អង្គស្នួល​នេះ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេច​ឲ្យ​លោក​ចុះមក ដើម្បី​បើក​វត្ត​ឲ្យ​មានការ​ធ្វើបុណ្យ​ទាន​ឡើង វិញ ដោយ​និមន្ត​ព្រះសង្ឃ​ពី​វត្ត​គោក​រវៀង ឃុំ​ព្រៃ​ពួច​ចំនួន​៥​អង្គ មក​គង់នៅ​សម្រាប់​ពុទ្ធបរិស័ទ​បានធ្វើ​បុណ្យ​ទាន​បណ្តោះអាសន្ន​សិន​។

​លោក​បាន​បញ្ជាក់ថា "​យើង​អនុវត្ត​នយោបាយ​ឈ្នះ​ឈ្នះ​ទាំងអស់គ្នា ហើយក៏​អត់​មាន​ភាពមិន​ចុះសម្រុង​គ្នា​អី​ទៅមុខទៀត​ដែរ​។ រឿង​អ្វី​ផ្សេងទៀត​ទុក​ឲ្យ​ខ្ញុំ​ដោះស្រាយ​"​។​

​អតីត​ចៅអធិការ​វត្ត​ខ្ពប​លោកគ្រូ សេង សំបូរ វ័យ​៤៦ ឆ្នាំ​បាន​ថ្លែង​អរគុណ​ដល់​សម្តេច ហ៊ុន សែន និង​លោក​រដ្ឋមន្ត្រីក្រសួង​ធម្មការ និង​ថ្នាក់ដឹកនាំ​ស្រុក​អង្គស្នួល ដែល​បានផ្តល់​យុត្តិធម៌​នេះ​។​

​ចំណែក លោក សេក សំអុន តំណាង​ពុទ្ធ​បរិ​ស័​ទ្ធ​ជើងវត្ត​ខ្ពប បាន​ថ្លែងអំណរគុណ​ដល់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​បានចេញ​អន្តរាគមន៍​រឿងអាស្រូវ​នេះ​។ លោក សំអុន បាន​បន្ថែមថា "​យើង​ជា​ពលរដ្ឋ​ត្រេកអរ​ណាស់​ហើយ​ទម្រាំ​មកដល់ពេលនេះ ពួកយើង​ជា​ពុទ្ធ​បរិ​ស័​ទ្ធ​ឃុំ​ក្រាំង​ម្កាក់ ឃុំ​ព្រៃ​ពួច ឃុំ​បែក​ចាន ឃុំ​លំហាច និង​មក​ទី​តំបន់​ផ្សេងទៀត រួមទាំង​ថ្នាក់ដឹកនាំ​ឃុំ​-​ស្រុក បាន​ប្រឹងប្រែង​ខ្លាំងណាស់​។ រឿង​អនុគណ​ស្រុក​អង្គស្នួល​ចោទ​អតីត​ចៅអធិការ​វត្ត​ជា​រឿង​ឈ្នានីស​កាច់​កុង​តែប៉ុណ្ណោះ​"​។​

"​ជម្លោះ​ក្នុង​វត្ត​ខ្ពប​នេះ បានកើត​ឡើង​នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៥ ដែល​កាលនោះ​មាន​សង្ឃ ១​អង្គ​នៅ​វត្ត​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី អះអាង​ប្រាប់​មេគណ​ខេត្តកណ្តាល និង​អនុគណ​ស្រុក​អង្គស្នួល​ថា អតីត​ចៅអធិការ​វត្ត​ព្រះនាម សេង សំបូរ បាន​សេព​មេថុន​ជាមួយ​លោកជំទាវ​ម្នាក់ ហើយ​ត្រូវ​មេគណ​ខេត្តកណ្តាល ព្រះ​តេជគុណ ជា សំអាង និង​អនុគណ​ស្រុក​អង្គស្នួល ភិន ចន្ថា ចាប់​ផ្សឹក​ទាំង​បង្ខំ​ដោយ​ហាម​មិន​ឲ្យ​ពុទ្ធបរិស័ទ​តវ៉ា​អ្វី​ឡើយ​"​។ នេះ​បើតាម​ការរៀប​រាប់រប​ស់លោ​កតា សេក សំអុន​។​

​ក្រោយពី​ផ្សឹក​លោកគ្រូ សេង សំបូរ មក​ពុទ្ធបរិស័ទ​៤​ឃុំ មាន​២.៣៩៦​មេដៃ បាននាំគ្នា​ផ្តិតមេដៃ​ដាក់​ញត្តិ​ទៅគ្រប់​ស្ថាប័ន​ពាក់ព័ន្ធ និង​បានធ្វើ​បាតុកម្ម​ពី​៥ ទៅ​៦​លើក ដើម្បី​ទាមទារ​ឲ្យ​មេគណ​ទាំងពីរ​អង្គ​រក​ភ័ស្តុតាង​រឿង​ការ​ចោទ​លោកគ្រូ សេង សំបូរ និង​ទាមទារ​ឲ្យ​ថ្នាក់លើ​ដក​ព្រះ​តេជគុណ ភិន ចន្ថា ពី​អនុគណ​ស្រុក​អង្គស្នួល​៕

ពុទ្ធ​បរិ​ស័​ទ្ធ​វត្ត​ខ្ពប​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន ដោះស្រាយ​រឿង​អធិករណ៍​

ពុទ្ធ​បរិ​ស័​ទ្ធ​វត្ត​ខ្ពប​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន ដោះស្រាយ​រឿង​អធិករណ៍​

ពុទ្ធ​បរិ​ស័​ទ្ធ​វត្ត​ខ្ពប​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ ហ៊ុន សែន ដោះស្រាយ​រឿង​អធិករណ៍​