Facebook សម្តេច​តេ​ជោ មាន​ចំនួន​អ្នកគាំទ្រ​និង​ចូលចិត្ត Likes ២.០៩៩.៧៤

ភ្នំពេញ: សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ថ្លែង​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​ថា "​ថ្ងៃនេះ Facebook ខ្ញុំ​មាន​ចំនួន​អ្នកគាំទ្រ​និង​ចូលចិត្ត (Likes)​មកទល់​ម៉ោង 11:09am ថ្ងៃទី ២ កុម្ភៈ ២០១៦ គឺ​២.០៩៩.៧៤​។ ខ្ញុំ​សូម​អរគុណ​ជនរួមជាតិ និង​យុវជន យុវតី​ទាំង​ក្នុង និង​ក្រៅប្រទេស​ដែល​បាន​គាំទ្រ​ខ្ញុំ​គ្រប់ពេល​។ ថ្ងៃនេះ​ខ្ញុំ​សូម​និយាយ​អំពី​ប្រវត្តិ Facebook ខ្ញុំ​ជម្រាបជូន​ជនរួមជាតិ​អោយបាន​ដឹងថា​តើ Facebook ខ្ញុំ​នេះ​ចាប់​បើក​នៅពេលណា​?"

​សម្តេច​តេ​ជោ បាន​មានប្រសាសន៍ថា មាន​យុវជន​ម្នាក់​ដែល​ក្រោយពី​បានបញ្ចប់​ការសិក្សា​នៅ​ប្រទេស​កម្ពុជា​ហើយ គឺ​បាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​កាណាដា និង​សហរដ្ឋអាមេរិក​។ ដោយសារ​មើលឃើញ​អំពី​សារសំខាន់​បណ្តាញ Facebook នៅក្រៅ​ប្រទេស​ដែលមាន​ការនិយម​ចូលចិត្ត​ពី​យុវវ័យ​និង​និស្សិត​ជាច្រើន ហើយ​យុវជន​រូបនេះ​គិតថា នាយករដ្ឋមន្ត្រី​កម្ពុជា ត្រូវតែមាន​បណ្តាញ​សង្គម​បែបនេះ​ដើម្បី​មាន​ទំនាក់ទំនង​ល្អ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ប្រជាជន ជាពិសេស​យុវជន ទើប​នៅ​ថ្ងៃទី​២៩ ខែ មិថុនា ឆ្នាំ ២០១០ យុវជន​រូបនេះ​បានរៀបចំ​បង្កើត Facebook ដាក់ឈ្មោះ​ខ្ញុំ “Samdech Hun Sen, Cambodian Prime Minister” ។ យុវជន​រូបនេះ​បានរៀបចំ​បង្ហោះ​ជា​ព័ត៌មាន​អំពី​សកម្មភាព​ខ្ញុំ រួមទាំង​ព័ត៌មាន​សង្គម ព្រមទាំង​រូបថត និង​ព័ត៌មាន​ទាក់ទាញ​ទេសចរណ៍​កម្ពុជា​។ ខ្ញុំ​បាន​តាមដាន​មើល​ព័ត៌មាន​អំពី Facebook ដែលមាន​ឈ្មោះ​ខ្ញុំ​ជាប្រចាំ ទន្ទឹមនឹងនោះ​គឺមាន​អ្នកបង្កើត Facebook ដែល​បានដាក់​ឈ្មោះ​ខ្ញុំ​ជាច្រើន​ផ្សេងទៀត​។ ខុទ្ទកាល័យ​ខ្ញុំ​ក៏បាន​ចេញ​លិខិត​បដិសេធន៍​ពីមុន​ថា នាយករដ្ឋមន្ត្រី​ពុំទាន់​មាន Facebook ផ្ទាល់ខ្លួន​នៅឡើយ​ទេ​នៅពេលនោះ​។ ខាង​គណបក្សប្រឆាំង​បានប្រកាសថា មេដឹកនាំ​គណបក្ស​គេ គឺ​ឈ្នះ​ដាច់​បក្ស​កាន់អំណាច​សព្វថ្ងៃ ដែល​នៅពេលនោះ គឺ​ខ្ញុំ​ពុំទាន់​មាន Facebook ផ្លូវការ​នៅឡើយ គឺ​គេ​ប្រកួត​តែ​ជាមួយ​ខ្លួនឯង​។ ចំពោះ​យុវជន​ដែល​បានរៀបចំ​បង្កើត Facebook ខ្ញុំ​នៅតែ​បន្ត​ផ្សាយ​ព័ត៌មាន​ជាធម្មតា ទោះបី​ពុំទាន់​មានការ​ទទួលស្គាល់​ជា​ផ្លូវការ​ក៏ដោយ​។ ខ្ញុំ​បន្ត​តាមដាន​ពិនិត្យ​ទៅលើ Facebook ទាំងអស់​ដែល​ប្រើប្រាស់​ឈ្មោះ​ខ្ញុំ ហើយ​ប្រៀបធៀប​គុណភាព​ការផ្សាយ និង​ការទទួលខុសត្រូវ ដែល​ខ្ញុំ​សម្រេច​ថា​នឹងត្រូវ​ជ្រើស​រើសយក​មួយ​ជា​ផ្លូវការ​។ នៅពេលដែល​គេហទំព័រ​យុវជន​រូបនេះ​នេះ​ទទួលបាន​អ្នកគាំទ្រ ១​លាន​៥​ម៉ឺន​នាក់ នៅក្នុង​ខែកញ្ញា ឆ្នាំ ២០១៥ គឺ​ខ្ញុំ​បាន​ប្រាប់​កូនប្រុស​របស់ខ្ញុំ​ឲ្យ​ស្វែងរក​យុវជន​រូបនេះ ហើយ​បន្ទាប់មក​ក៏បាន​ទទួលស្គាល់ Facebook នេះ​ជា​ផ្លូវការ​របស់ខ្ញុំ​តែម្តង​នៅ​ថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ ២០១៥​។​

​សម្តេចនាយក​រដ្ឋមន្ត្រី បាន​ថ្លែងបន្តថា ក្រោយពី​ខ្ញុំ​បានប្រកាស​ទទួលស្គាល់ Page នេះ​ជា​ផ្លូវការ​របស់ខ្ញុំ និង​បានបញ្ជាក់​ទៅ​ក្រុមហ៊ុន Facebook ដើម្បី (Verify)​បញ្ជាក់ថា ជា Page របស់ខ្ញុំ គឺ​ខ្ញុំ​សង្កេតឃើញ​កំណើន​ចំនួន​អ្នកគាំទ្រ និង Likes បាន​កើនឡើង​យ៉ាងខ្លាំង​។ តាមពិតទៅ​ខ្ញុំ​ទើប​ចាប់​កាន់កាប់ Page ផ្ទាល់ខ្លួន​របស់ខ្ញុំ​ចាប់ពី​ខែ​២០ កញ្ញា ២០១៥ មកទល់​ថ្ងៃទី​២ កុម្ភៈ ឆ្នាំ ២០១៦ (​ជាង​៤ ខែ​) គឺ​បានទទួល​ការគាំទ្រ​និង Likes (២.០៩៩.៧៤០) ។ ខ្ញុំ​ប្រើប្រាស់ Facebook គឺ​ដើម្បី​ប្រយោជន៍​សង្គម និង​បានដឹង​អំពី​សុខទុក្ខ​ពលរដ្ឋ ព្រមទាំង​ផ្តល់ឱកាស​ឲ្យ​ពលរដ្ឋ​បាន​នៅ​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ខ្ញុំ​។ កន្លងមក​ថ្មីៗ​នេះ ខ្ញុំ​បាន​ដោះស្រាយ​បញ្ហា​សង្គមជាតិ និង​ជួយ​ពលរដ្ឋ​កម្ពុជា​បាន​ច្រើន​តាមរយៈ​បណ្តាញ​សង្គម​នេះ​។ ខ្ញុំ​ប្រើប្រាស់​បណ្តាញ​សង្គម​នេះ​មិន​ទៅ​ប្រកួតប្រជែង​ជាមួយ​អ្នកណាម្នាក់​ឡើយ​។ ចំនួន​អ្នកគាំទ្រ​ច្រើន​នៅក្នុង​បណ្តាញ Facebook គឺជា​សម្លេងគាំទ្រ​របស់​ពលរដ្ឋ​ដែល​ចូលចិត្ត​ខ្ញុំ នៅពេលដែល​បងប្អូន​ដឹងថា​នេះ​គឺជា​គេហទំព័រ​ពិត​តែមួយ​របស់ខ្ញុំ​។ ខ្ញុំ​សូម​ស្វាគមន៍​ទាំងអស់គ្នា ទោះបី​បងប្អូន​មកពី​បក្ស​ណាក៏ដោយ​។​

​ខ្ញុំ​ក៏​សូម​អរគុណ​ជនរួមជាតិ និង​យុវជន​ដែល​បាន​គោរព​ស្រឡាញ់​ខ្ញុំ និង​នៅ​ជាមួយ​ខ្ញុំ ដើម្បី​ថែរក្សា ការពារ​សន្តិភាព​សម្រាប់​ជាតិ​យើង​ទាំងមូល​៕

Facebook សម្តេច​តេ​ជោ មាន​ចំនួន​អ្នកគាំទ្រ​និង​ចូលចិត្ត Likes ២.០៩៩.៧៤