ក្រសួងសុខាភិបាល បើក​យុទ្ធនា​ការផ្តល់​វ៉ាក់សាំង​ជំងឺ​រលាក​ខួរក្បាល រយៈពេល​១​ខែ​

ភ្នំពេញ: ​ក្រសួងសុខាភិបាល​គ្រោង​នឹង​បើក​យុទ្ធនា​ការផ្តល់​ថ្នាំ​បង្ការ​ប្រភេទ​ថ្មី​គឺ “ វ៉ាក់សាំង​ជំងឺ​រលាក​ខួរក្បាល “ ដល់​កុមារ​កម្ពុជា​នៅ​ថ្ងៃទី​១  ដល់​៣១ ខែមីនា ឆ្នាំ​២០១៦​ខាងមុខ ដោយ​យុទ្ធនាការ​នេះ​គ្រោង​នឹង​ចាប់ផ្តើម​អនុវត្តន៍​ដោយ​ចែកចេញជា​ពីរ​ដំណាក់កាល នឹងមាន​កុមារ​កម្ពុជា​ប្រមាណ​៤​លាន​នាក់ នៅ​ទូទាំងប្រទេស​នឹង​ទទួលបាន​វ៉ាក់សាំង​ការពារ​ជំងឺ​រលាក​ខួរក្បាល​។​

​កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក​វេជ្ជបណ្ឌិត កែវ សំឡី ប្រធាន​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ​នៃ​ក្រសួងសុខាភិបាល​មានប្រសាសន៍ថា  នៅ​ដំណាក់កាល​ទី​១​នឹង​ចាប់ពី​ថ្ងៃទី​១​ខែមីនា រហូតដល់​ថ្ងៃទី​១៥ ខែមីនា ឆ្នាំ​២០១៦ ដោយ​ធ្វើ​នៅតាម​ខេត្ត / រាជធានី​ចំនួន​១៦ រួមមាន​៖ ខេត្តរតនគិរី ឧ​ត្ត​រ​មានជ័យ ព្រះវិហារ  ប៉ៃលិន ក្រចេះ ស្ទឹងត្រែង ពោធិ៍សាត់ បន្ទាយមានជ័យ សៀមរាប មណ្ឌលគិរី បាត់ដំបង រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម កណ្តាល ព្រៃវែង និង​ខេត្តកំពង់ធំ សរុប​ចំនួន​៤៥​ស្រុក​/​ខណ្ឌ​។​

​លោក​វេជ្ជបណ្ឌិត បាន​បន្តថា ចំណែក​ដំណាក់កាល​ទី​២​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​១៦ ខែមីនា ដល់​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦ ដោយ​ធ្វើ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​៩ គឺ​ខេត្ត​ព្រះសីហនុ តាកែវ កំពត កែប កំពង់ឆ្នាំង ស្វាយរៀង កោះកុង កំពង់ស្ពឺ ត្បូងឃ្មុំ និង​ខេត្ត​មួយចំនួនទៀត​ធ្វើ​ពាក់កណ្តាល​ដោយសារ​ចំនួន​ប្រជាជន​ច្រើន ដែល​ខេត្ត​ទាំងនោះ​មាន​ខេត្តកំពង់ចាម កណ្តាល និង​ខេត្តព្រៃវែង សរុប​ចំនួន​៤២​ស្រុក​។​

​លោក​វេជ្ជបណ្ឌិត​បា​នប​ន្ត​ទៀតថា យើង​នឹង​បញ្ចូល​វ៉ាក់សាំង​រលាក​ខួរក្បាល​នេះ​ទៅក្នុង​កម្មវិធី​ជាតិ​ផ្តល់​ថ្នាំ​បង្ការ ហើយ​នៅ​ដើមឆ្នាំ​២០១៧ ក្រសួង​នឹង​បើក​យុទ្ធនា​ការផ្តល់​វ៉ាក់សាំង​នេះ​នៅ​ទូទាំងប្រទេស​តែម្តង​ដល់ កុមារ​ប្រមាណ​៤​លាន​នាក់​ដែលមាន​អាយុ​ចាប់ពី​៩​ខែ​ដល់​១៥​ឆ្នាំ​។ វ៉ាក់សាំង​ដល់​កុមារ​នេះ​គឺ​អង្គការ​ហ្គា​វី (GAVI) ជា​អ្នក​ផ្តល់ឱ្យ​ទាំង​ថវិកា និង​វ៉ាក់សាំង គឺ​បាន​ជួយឧបត្ថម្ភ​ពី​អង្គការ Path​។​

​គួរ​បញ្ជាក់ថា រហូតមកដល់​ពេលនេះ កម្មវិធី​ជាតិ​បានផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​ចំនួន​៩​មុខ​រួមមាន​៖ ជំងឺរបេង  ជំងឺ​រលាក​ថ្លើម​ប្រភេទ​បេ ជំងឺ​ខាន់ស្លាក់ ក្អកមាន់ តេតាណូស ស្វិតដៃជើង រលាក​សួត រលាក​ស្រោមខួរ​និង​ជំងឺ​កញ្ជ្រឹល​៕​