ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

យោង​តាម YONHAP ថា ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង​គូសបញ្ជាក់​កាលពី​ថ្ងៃ​ទី​១ កុម្ភៈ ថា ការ​ប្រើ​ត្រួត​គ្នា​នូវ​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល​អា​មេ​រិ​ក THAAD និង​ប្រព័ន្ធ​មី​ស៊ី​ល​ដី​-​អាកាស​រយៈ​ឆ្ងាយ L-SAM របស់​កូរ៉េ​អាច​គ្រោង​អនុវត្ត ។

អ្នកនាំពាក្យ​ក្រសួង​ការពារ​ប្រទេស​កូរ៉េ​ខាងត្បូង លោក MOON SANG KYUN ផ្តល់​ចម្លើយ​នេះ​ចំពោះ​សំណួរ​ទាក់ទិន​នឹង​ភាព​ចាំបាច់​នៃ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD នៅ​ឧបទ្វីប​កូរ៉េ ទោះ​មានការ​អភិវឌ្ឍន៍​ប្រព័ន្ធ L-SAM របស់​ប្រទេស​ក្តី ។

អ្នកនាំពាក្យ​រូប​នេះ​បន្ត​ថា ប្រព័ន្ធ L-SAM និង​ប្រព័ន្ធ THAAD គឺ​ខុស​គ្នា ហើយ​ការ​បាញ់​ក៏​មាន​ចម្ងាយ​ខុស​គ្នា​ដែរ ហើយ​យើង​ចាត់​ទុក​ប្រព័ន្ធ​ទាំង​២​ថា​ជា​ប្រព័ន្ធ​ដែល​មាន​ប្រសិទ្ធភាព​ដូច​គ្នា ។ ក៏​ប៉ុន្តែ​ប្រសិនបើ​គេ​អាច​ប្រើ​ប្រព័ន្ធ​ទាំង​២​ត្រួត​គ្នា ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​កូរ៉េ​ខាងជើង​នោះ​នឹង​ជួយ​ការពារ​កាន់តែ​ប្រសើរ​នូវ​ប្រទេស​របស់​យើង ។

ប្រព័ន្ធ​ការពារ​ប្រឆាំង​មី​ស៊ី​ល L-SAM បើ​ប្រៀបធៀប​ទៅ​នឹង​ប្រព័ន្ធ THAAD សុទ្ធតែ​អាច​ស្ទាក់​កម្ទេច​មី​ស៊ី​ល​ក្នុង​កម្ពស់​ខ្ពស់ ។ កងទ័ព​កូរ៉េ​ខាងត្បូង​គ្រោង​បញ្ចប់​គម្រោង​នេះ​នា​ដើមឆ្នាំ​២០២០ ។

លោក​បន្ត​ទៀត​ថា THAAD ជា​មធ្យោបាយ​ដើម្បី​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​កូរ៉េ​ខាងជើង ។ បែប​នេះ​នឹង​អាច​ជួ​ួ​យ​ការពារ និង​ថែរក្សា​សន្តិសុខ​របស់​ប្រទេស ។ រដ្ឋាភិបាល​អា​េ​ម​រិ​ក​បច្ចុប្បន្ន​កំពុង​ពិភាក្សា​ពី​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ THAAD នៅ​ឧបទ្វីប​កូរ៉េ ក៏​ប៉ុន្តែ​ពុំ​បាន​ធ្វើ​សំណើ​ចំពោះ​រដ្ឋាភិបាល​យើង​នៅឡើយ ៕