ព័ត៌មាន​អន្តរជាតិ &raquo ព្រឹត្តិការណ៍អន្តរជាតិ

រដ្ឋមន្ត្រី​ការពារ​ប្រទេស​អា​មេ​រិ​ក លោក ASHTON CARTER ត្រូវ​លាតត្រដាង​នា​ថ្ងៃ​ទី​២ កុម្ភៈ ពី​គម្រោង​ថវិកា​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​សម្រាប់​ឆ្នាំ​២០១៧ ជាមួយ​ការ​ផ្គត់ផ្គង់​ខាង​ហិរញ្ញវត្ថុ​ថែម​ទៀត​សម្រាប់​ការ​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម សម្រាប់​យន្តហោះ​គ្មាន​មនុស្ស​បើក​ធុន​តូច​ថ្មី​ៗ ព្រមទាំង​ការ​ពង្រឹង​វត្តមាន​អា​មេ​រិ​ក​នៅ​អឺរ៉ុប​ខាងកើត ។

អ្នក​ទទួលខុសត្រូវ​ម្នាក់​នៃ​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​និយាយ​កាលពី​ថ្ងៃ​ទី​១ កុម្ភៈ ថា គម្រោង​ថវិកា​មូលដ្ឋាន​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​សម្រាប់​ឆ្នាំ​សារពើពន្ធ​២០១៧ ពី​ថ្ងៃ​ទី​១ តុលា ឆ្នាំ​២០១៦ ដល់​៣០ កញ្ញា ឆ្នាំ​២០១៧ ត្រូវ​ឡើង​ដល់​៥២៤​ពាន់​លាន​ដុល្លារ ដែល​មានការ​កើនឡើង​៥៩​ពាន់​លាន​ដុល្លារ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន ។ ថវិកា​នេះ​នឹង​រួម​មាន​ទឹកប្រាក់​សម្រាប់​ប្រតិបត្តិការ​នានា​នៅ​ឯ​បរទេស ដើម្បី​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ដល់​ប្រតិបត្តិការ​របស់​ខ្លួន​នៅ​អា​ហ្វ​ហ្គា​នី​ស្ថាន និង​ការ​តស៊ូ​ប្រឆាំង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ។

ចំណែក​អ្នក​ទទួលខុសត្រូវ​ម្នាក់​ទៀត​ដែល​មិន​បញ្ចេញ​ឈ្មោះ​ដែរ​បញ្ជាក់​ថា ថវិកា​នេះ​នឹង​រួម​បញ្ចូល​ទឹកប្រាក់​៧​ពាន់​លាន​ដុល្លារ​សម្រាប់​តែ​ការ​ប្រយុទ្ធ​ប្រឆាំង​ពួក​ជី​ហា​ដ ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ដែល​មានការ​កើនឡើង​៣៥% បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន ។

ថវិកា​យោធា​អា​េ​ម​រិ​ក​មាន​ច្រើន​ជាងគេ​បំផុត​លើ​ពិភពលោក​លើស​ថវិកា​ការពារ​រួម​បញ្ចូល​គ្នា​របស់​មហាអំណាច​យោធា​ពិភពលោក​៨​ទៀត ។

លោក ASHTON CARTER ត្រូវ​គូសបញ្ជាក់​នា​ថ្ងៃ​ទី​២ កុម្ភៈ ពី​ស្ថានភាព​នៃ​ការ​គំរាមកំហែង​នានា ពិសេស​ទាក់ទិន​ជាមួយ​រុ​ស្ស៊ី​ចាប់តាំងពី​ប្រទេស​នេះ​ចាប់​យក​តំបន់​គ្រី​មេ​កាលពី​ឆ្នាំ​២០១៤​មក ។

អ្នក​ទទួលខុសត្រូវ​យោធា​អា​មេ​រិ​ក​ម្នាក់​ទៀត​ធ្វើការ​កត់​សម្គាល់ថា រដ្ឋមន្ត្រី​ការពារ​ប្រទេស​ក៏​នឹង​ប្រកាស​ផង​ដែរ​ពី​ការ​បង្កើន​វត្តមាន​យោធា​អា​េ​ម​រិ​ក​នៅ​អឺរ៉ុប​ខាងកើត​ពិសេស​នៅ​អេ​ស្តូ​នី និង​រូ​ម៉ា​នី ដើម្បី​ប្រឈម​មុខ​នឹង​ការ​គំរាមកំហែង​របស់​រុ​ស្ស៊ី ។ លោក ASHTON CARTER ក៏​ត្រៀម​លាតត្រដាង​ផង​ដែរ​ពី​យន្តហោះ​ថ្មី​ៗ​ដែល​រហូត​មក​ទល់​ពេល​នេះ​ស្ថិត​ក្នុង​ការ​សម្ងាត់​បំផុត​នោះ​គឺ​បណ្តា​យន្តហោះ​គ្មាន​មនុស្ស​បើក​តូច​ៗ ។

ថវិកា​យោធា​ក៏​នឹង​បញ្ចូល​ផង​ដែរ​នូវ​ផែនការ​របស់​មន្ទីរ​ប៉ង់​តា​ហ្គោ​ន​សម្រាប់​យន្តហោះ​វាយប្រហារ​មក​ដី A-10 ដែល​យន្តហោះ​ធុន​នេះ​ផលិត​កាលពី​ទស​វត្ស​ឆ្នាំ​១៩៧០ ដែល​ផ្អាក​ឈប់​ប្រើប្រាស់ ក៏​ប៉ុន្តែ​វា​ក្លាយទៅជា​ឧបករណ៍​ពិសេស​បំផុត​សម្រាប់​តស៊ូ​ប្រឆាំង​ពួក​ជី​ហា​ដ ហើយ​ការ​ប្រើប្រាស់​យន្តហោះ​ធុន​នេះ​ត្រូវ​បន្ត​ទៀត ៕