ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តពោធិ៍សាត់ ​៖ ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ បន្ទាប់​ពី​ប្រទះ​ឃើញ​​សាកសព​​ទណ្ឌិត​ម្នាក់​ចង​.​ក​សម្លាប់​ខ្លួន​ក្នុង​បន្ទប់ទឹក ​នៅ​​ក្នុង​មណ្ឌល​​អប់រំ​កែប្រែ​ទី​៤ ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ព្រ​ហ​ស្ប​ក្បាល ​ឃុំ​ផ្ទះ​រុង ​ស្រុក​ភ្នំក្រវាញ ​ខេត្តពោធិ៍​សាត់​ កាលពី​វេលា​ម៉ោង​០៤​ និង​៣០​នាទី​ទៀប​ភ្លឺ​ថ្ងៃ​ទី​០១​ កុម្ភៈ ២០១៦ ។

​មន្ត្រី​បម្រើការងារ​នៅ​ក្នុង​មណ្ឌល​​អប់រំ​កែប្រែ​ទី​៤​នោះ​​បានឱ្យ​​ដឹង​ថា ទណ្ឌិតខាងលើ​​ឈ្មោះ​តូច វណ្ណ​រ៉េ​ត ​ហៅ​ចិន​ ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​ មាន​ទីលំនៅ​សង្កាត់​ទឹកល្អក់​ ខ​ណ្ឌ​ទួល​គោក ​រាជធានី​ភ្នំពេញ​ បាន​ចង​.​ក​នឹង​ក្រមា​ពោះគោ​ជាប់​នឹង​ចំរឹង​​បង្អួច​ក្នុង​បន្ទប់ទឹក​បណ្ដាល​​ឱ្យ​​ស្លាប់ ​។

​ទណ្ឌិត​រូប​នេះ​​ជាប់គុក​ពី​បទ​ជួញដូរ​គ្រឿងញៀន​ កាលពី​ថ្ងៃ​ទី​០១​​ ឧសភា​ ២០១៤ ​មក​​ម្ល៉េះ នៅ​សល់​តែ​មួយ​ឆ្នាំ​បួន​ខែ​ទៀត​ប៉ុណ្ណោះ​ត្រូវ​រួច​ទោស​ ស្រាប់តែ​ពេល​នេះ​ បែ​រជា​ធ្វើ​អត្តឃាត​ចង​.​​ក​សម្លាប់​ខ្លួន​ទៅ​វិញ​ ។ ពុំ​មាន​អ្នក​ណា​ដឹង​ពី​មូលហេតុ​ច្បាស់​លាស់​ទេ ប៉ុន្តែ​តាម​ប្រភព​ព័ត៌មាន​ពី​​អ្នកទោស​ដែល​រស់នៅ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​ទី​៤​ នោះ​បាន​ឱ្យ​​ដឹង​ថា ជន​រង​គ្រោះ​អាច​តូចចិត្ត​នឹង​​ឪពុក​ម្ដាយឬ​​បងប្អូន​ដែល​មិនសូវ​ទៅ​សួរសុខទុក្ខ​ដូច​គេ​ ព្រោះ​កន្លង​មក ​ធ្លាប់​ឮ​ជន​រង​គ្រោះ​ពោល​ប្រាប់​​អ្នក​រស់នៅ​ជាមួយ​ប៉ុន្មាន​លើក​ដែរ​ ។​

គេ​មិនដឹង​ថា ​ជន​រង​គ្រោះ​ធ្វើ​អត្តឃាត​ពី​ពេល​​ណា​នោះទេ ​លុះ​វេលា​ម៉ោង​០៤​និង​៣០​នាទី​ទៀប​ភ្លឺ​​ថ្ងៃ​ទី​០១ កុម្ភៈ ត្រូវ​​អ្នកទោស​​ដែល​ដេក​ក្នុង​បន្ទប់​ជាមួយ​​ក្រោក​បត់​ដៃ​បត់ជើង​ ក៏​ប្រទះ​ឃើញ​ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្ដង​ ​។