ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្ទឹងត្រែង ​៖​ ជនជាតិ​ឡាវ​៥​​នាក់​​បម្រុងដឹកថ្នាំ​ញៀន​ឆ្លង​ដែន​ចូល​ប្រទេស​កម្ពុជា​តាម​ច្រក​អន្តរជាតិ​ត្រពាំង​ក្រៀល (​ច្រកព្រំដែន​កម្ពុជា-ឡាវ​) ត្រូវ​កម្លាំងសមត្ថកិច្ច​​ទំនាក់ទំនង​ព្រំដែន ហៅ​កាត់ BLO នៃ​ប្រទេស​ទាំង​​២ ធ្វើ​ការ​បង្ក្រាប​បាន រួម​ទាំង​វត្ថុ​តាង​គ្រឿង​ញៀន ​។

​លោក​វរសេនីយ៍ត្រី ម៉ា​ន់ សៀ​ប ប្រធាន​ BLO ប្រចាំ​ច្រក​អន្តរជាតិ​ត្រពាំង​ក្រៀល​ឱ្យ​ដឹង​​កាលពីព្រឹក​ថ្ងៃ​ទី​០២ កុម្ភៈ ​នេះ​ថា សម​ត្ថិ​កិច្ច​ប្រទេស​ទាំង​២ ​បាន​សហការ​គ្នា​ចាប់​ជនជាតិ​ឡាវ​៥​នាក់ រួម​ទាំង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​​គ្រាប់​ (WY)​ ជាង​២​ម៉ឺន​គ្រាប់ ក្នុង​ភូមិ​សាស្ត្រ ស្រុក​ខូង ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ ក្បែរ​ព្រំដែន​កម្ពុជា​ប្រហែល​២០​គីឡូម៉ែត្រ កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃ​ទី​០១ ​កុម្ភៈ ឆ្នាំ​២០១៦ ​។ ​លោក​បន្ត​ថា ជនជាតិ​ទាំង​៥​នាក់នេះគេ​សង្ស័យ​ថា ជា​មេ​​គ្រឿងញៀន​ជួញដូរ​ធំ ហើយ​តែងតែ​​ធ្វើ​សកម្មភាព​នាំ​យក​គ្រឿង​ញៀន​ពី​ឡាវ មក​លក់ និង​ចែកចាយ​តាម​តំបន់​មួយ​ចំនួន​នៅ​​កម្ពុជា ​។   

​ប្រភព​​បន្ត​​ទៀត​ថា ដំបូង​​គឺ​ចាប់​បាន​៣​នាក់ និង​ថ្នាំ​ញៀន​១២​ដុំ ក្នុង​១​ដុំ ស្មើ​២០០០​គ្រាប់ និង​ដកហូត​រថយន្ត​ស៊េរី​ទំនើប​ចំនួន​​២​គ្រឿង និង​អាវុធ​ខ្លី​២​​ដើម ។ បន្ទាប់​ពី​ធ្វើ​សាកសួរ សមត្ថកិច្ច​ទាំង​២​ប្រទេស បាន​សហការ​ចាប់​ជនសង្ស័យ​២​នាក់​ទៀត រួម​នឹង​រថ​យន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ទៀត សរុប​ទាំងអស់​​ចាប់​បាន​ជនសង្ស័យ​ចំនួន​៥​នាក់​ ជា​ជនជាតិ​ឡាវ រួម​នឹង​វត្ថុ​តាង​ថ្នាំ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​គ្រាប់​WYជាង​២​ម៉ឺន​គ្រាប់ អាវុធ​ខ្លី​២​ដើម និង​មធ្យោបាយ​ធ្វើ​ដំណើរ​៣​គ្រឿង​ ។