លោកខៀវ កាញារីទ្ធ៖ សម្តេច បានដូររបៀបទាក់ទង ជាមួយប្រជាពលរដ្ឋ ដោយមិនឆ្លង កាត់អ្នកកណ្តាល

ភ្នំពេញ ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានមានប្រសាសន៍ប្រាប់អ្នកសារព័ត៌ មាននៅថ្ងៃទី០២ កុម្ភៈឆ្នាំ២០១៦នេះថា “សម្តេចតេជោ បានដូររបៀបទាក់ទង ជាមួយប្រជាពលរដ្ឋ ដោយមិនឆ្លងកាត់អ្នកកណ្តាល ជាចំណុចមួយដ៏ល្អ បន្ថែមពីលើក្រុមរបស់ លោកនៅលើសំណើរផ្សេងៗ ដែលលោកមានក្រុមជំនាញសម្រាប់ដោះស្រាយបញ្ហាផ្សេងៗទាំងនោះដែរ”។

លោក ខៀវ កាញារីទ្ធ លើកឡើងបែបនេះបន្ទាប់ពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានប្រកាសពី Facebook ផ្ទាល់ខ្លួនរបស់សម្តេចឲ្យប្រជាពលរដ្ឋធ្វើការទំនាក់ទំនងដោយផ្ទាល់មកកាន់សម្តេច ដែលគេមើលឃើញថា Facebook នោះ មានអ្នកចូលមកគាំទ្រ និងផ្តល់មតិយោបល់ ឆ្លើយឆ្លងផ្ទាល់រវាងប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈជាមួយ សម្តេចមានការកើនឡើងកាន់តែខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ។

លោករដ្ឋមន្រ្តីបញ្ជាក់ថា “ កន្លងមកគេមិនស្គាល់ច្បាស់ថា មួយណាជា Page របស់សម្តេច និងមាន Pageក្លែងក្លាយ លើកលែងតែមានPage ដែលសម្តេចប្រកាសច្បាស់ថា ជាPage ផ្ទាល់របស់សម្តេច ដូចពេលនេះ ទើបបានមានអ្នកឡាកច្រើន “។

លោករដ្ឋមន្រ្តីក្រសួងព័ត៌មានបានបន្តថា “ប្រជាពលរដ្ឋលោកមានបញ្ហាអ្វីចង់ទាក់ទងតាម Facebook ក៏បាន តាមតំណាងរាស្រ្តក៏បាន ឬតាមណាក៏បានដែរ  ព្រោះប្រភពព័ត៌មានរបស់សម្តេចមានច្រើន មិនមែនមានតែតាម Facebook តែមួយនោះទេ “។

សូមបញ្ជាក់ថា សម្តេច តេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី បានទទួលស្គាល់ Facebook ជាផ្លូវការនៅថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០១៥ មានឈ្មោះថា “Samdech Hun Sen, Cambodian Prime Minister” (គិតមកដល់ពេលនេះបានជាង៤ខែ) គិតមកដល់ម៉ោង២រសៀលថ្ងៃទី២ខែកុម្ភៈនេះ មានអ្នកគាំទ្រនិងចូលចិត្ត (Likes) គឺ ២,១០១,០១៩នាក់។

នៅក្នុងគេហទំព័ររបស់សម្តេចនៅថ្ងៃនេះបានបង្ហាញឲ្យសាធារណៈជនដឹងថា “តាមពិតទៅខ្ញុំទើបចាប់កាន់កាប់ Page ផ្ទាល់ខ្លួនរបស់ខ្ញុំចាប់ពីខែ ២០ កញ្ញា្ ២០១៥ មកទល់ថ្ងៃទី ២ កុម្ភះ ឆ្នាំ២០១៦ (ជាង៤ ខែ) គឺបានទទួលការគាំទ្រនិង Likes(2,099,740) ។ ខ្ញុំប្រើប្រាស់ Facebook គឺដើម្បីប្រយោជន៌សង្គម និងបានដឹងអំពីសុខទុក្ខពលរដ្ឋ ព្រមទាំងផ្តល់ឱកាសអោយពលរដ្ឋបាននៅកាន់តែជិតស្និទ្ឋជាមួយខ្ញុំ។ កន្លងមកថ្មីៗនេះ ខ្ញុំបានដោះស្រាយបញ្ហាសង្គមជាតិ និងជួយពលរដ្ឋកម្ពុជាបានច្រើនតាមរយៈបណ្តាញសង្គមនេះ។

ខ្ញុំប្រើប្រាស់បណ្តាញសង្គមនេះមិនទៅប្រកួតប្រជែងជាមួយអ្នកណាម្នាក់ឡើយ។ ចំនួនអ្នកគាំទ្រច្រើននៅក្នុងបណ្តាញ Facebook គឺជាសម្លេងគាំទ្ររបស់ពលរដ្ឋដែលចូលចិត្តខ្ញុំ នៅពេលដែលបងប្អូនដឹងថា នេះគឺជាគេហទំព័រពិតតែមួយរបស់ខ្ញុំ។ ខ្ញុំសូមស្វាគមន៍ទាំងអស់គ្នា ទោះបីបងប្អូនមកពីបក្សណាក៏ដោយ។ ខ្ញុំក៏សូមអរគុណជនរួមជាតិ និយយុវជនដែលបានគោរពស្រឡាញ់ខ្ញុំ និងនៅជាមួយខ្ញុំ ដើម្បីថែរក្សា ការពារសន្តិភាពសម្រាប់ជាតិយើងទាំងមូល៕

លោកខៀវ កាញារីទ្ធ៖ សម្តេច បានដូររបៀបទាក់ទង ជាមួយប្រជាពលរដ្ឋ ដោយមិនឆ្លង កាត់អ្នកកណ្តាល