NOCC និងណាហ្គាវើល រួម​គ្នា​ស្វែង​រក​អត្ត​ពលិក​ឆ្នើមដើម្បី​ផ្តល់​ពាន និង​រង្វាន់

គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC) ក្រោម​ការ​ឧបត្ថម្ភ​របស់​ណាហ្គាវើល​ និង​ក្រុម​ហ៊ុន​ Sabay បាន​ធ្វើ​សន្និសីទ​កាសែត​រួម​គ្នាមួយ នៅ​ទី​ស្នាក់​ការ NOCC កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដើម្បី​ប្រកាស​​ឲ្យសហព័ន្ធទាំង​អស់ បញ្ជូន​​ឈ្មោះ​​អត្ត​ពលិក គ្រូ​បង្វឹក ដែល​មាន​ភាព​លេខ​ធ្លោ​ជាង​គេ មក​ឲ្យ​ក្រុម​ការងារ​របស់​ខ្លួន ធ្វើ​ការ​វាយ​តម្លៃ​​ស្វែង​រក​អត្ត​ពលិក​ឆ្នើម និង​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​ឆ្នាំ​២០១៥។

sport-kh-1

sport-kh-4ចំណែក ​អ្នក​កាសែត និង​អ្នក​ថត​រូប ក៏​ត្រូវ​បញ្ចូន​អត្ថបទ និ​ង​រូប​ថត ទាក់​ទង​ទៅ​នឹង​កីឡា ដែល​ខ្លួន​គិត​ថា មាន​ខ្លឹម​សារ មាន​គុណ​ភាព និង​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង មក​ឲ្យ NOCC ផង​ដែរ ដើម្បី​ឈ្នះ​ពាន​ជា​អ្នក​កាសែត​កីឡា​ឆ្នើម និង​អ្នក​ថត​រូប​កីឡាឆ្នើម ហើយ​បេក្ខភាព ដែល​នឹង​​​ឈ្នះបាន​​​ពានលើ​ផ្នែក​មួយៗ នឹង​ត្រូវ​ប្រកាស​ឡើង ដោយ​មាន​ការ​​​ផ្តល់ជូន​​ប្រាក់​រង្វាន់ ​នៅ​ក្នុង​ពិធី​ជប់​លៀង ដែលនឹង​ត្រូវ​ធ្វើ​ឡើងជា​លើក​ដំបូង ​នៅ​មជ្ឈមណ្ឌល​កម្សាន្ត​ណាហ្គាវើល នា​រាត្រី​ថ្ងៃ​ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦​។

sport-kh-2
លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ NOCC បាន​ថ្លែង​ថា ក្រោម​ការ​ឧបត្ថម្ភ​ពី​ណាហ្គាវើល និង​ដោយ​មាន​ការ​ចូល​រួម​ជួយ​ផ្សព្វ​ផ្សាយ​របស់​វេបសាយ​Sabay ផង​នោះ យើង​​នឹង​​រៀបចំពិធី​ប្រគល់​រង្វាន់​ដល់​អ្នក​មាន​ស្នាដៃ​នៅ​ក្នុង​វិស័យ​កីឡា ក្នុង​ឆ្នាំ​២០១៥ ដោយ​ក្នុង​នោះ​​យើង​មាន​ពានអត្ត​ពលិក(កីឡាករ និង​កីឡាការិនី)ឆ្នើម ដែល​ធ្លាប់​ដណ្តើម​បាន​មេដាយ​នៅ​លើ​ឆាក​អន្តរជាតិ ពាន​អត្ត​ពលិក​មាន​ប្រជា​ប្រិយ​​ ពាន​អត្ត​ពលិក​កីឡា​ជន​ពិកា ពាន​គ្រូបង្វឹក​​ឆ្នើម ពាន​អត្ថបទអ្នក​កាសែត​ឆ្នើម និង​ពានរង្វាន់​សម្រាប់​អ្នក​ថត​រូប​កីឡា បាន​ល្អ​ដាច់​គេ។

sport-kh-3
គួរ​បញ្ជាក់​ថា សម្រាប់​អ្នក​ទទួល​បាន​ពាន​រង្វាន់​ទាំង​៩​ផ្នែក ដែល​លោក វ៉ាត់ ចំរើន បាន​រៀប​រាប់​ខាង​លើ​នេះ សុទ្ធ​តែ​ទទួល​បានប្រាក់​រង្វាន់ ក្រោម​ការ​ឧបត្ថម្ភ​ដោយ​ផ្ទាល់​ពី​ណាហ្គាវើល ដោយ​ក្នុង​នោះ
១-​កីឡាករ​ឆ្នើម នឹង​ទទួល​បាន​ពាន​១ និង​ប្រាក់​រង្វាន់​៣០០០​ដុល្លារ ​
២- ​កីឡា​ការិនី​ឆ្នើម នឹង​ទទួល​បាន​ ពាន​១ និង​ប្រាក់​រង្វាន់​​ ៣០០០​ដុល្លារ​
៣-កីឡាករ​មាន​ប្រជា​ប្រិយជាង​គេ នឹង​ទទួល​បាន​ពាន​១ និង​ប្រាក់​រង្វាន់​២០០០​ដុល្លារ
៤-​កីឡាការិនី​មាន​ប្រជា​ប្រិយ​ជាង​គេ នឹង​បាន​ពាន​១ និង​ប្រាក់​រង្វាន់​២០០០​ដុល្លារ
៥- គ្រូ​បង្វឹក​ឆ្នើម នឹង​ទទួល​បាន​ពាន​១ និង​ប្រាក់​រង្វាន់​ចំនួន​២០០០​ដុល្លារ
៦- កីឡាករ​ជន​ពិការ​ឆ្នើម នឹង​ទទួល​បាន ពាន​១​ និង​ប្រាក់​រង្វាន់ ​១៥០០​ដុល្លារ​
៧- កីឡា​ការិនី​ជន​ពិការ​ឆ្នើម នឹង​ទទួល​បាន​ ពាន​១​ និង​ប្រាក់​​រង្វាន់ ​១៥០០​ដុល្លារ​
៨- ​អត្ថបទ​អ្នក​កាសែត​ឆ្នើម នឹង​ទទួលបាន ​ពាន​១​ និង​ប្រាក់​រង្វាន់​១០០០​ដុល្លារ
៩- រូបភាព​ល្អ​ដាច់​​គេ នឹង​ទទួលបាន ​ពាន​១​ និង​ប្រាក់​រង្វាន់​១០០០​ដុល្លារ៕