បុរស​ក៏​មាន​ចំណែក​ធ្វើឲ្យ​អត់​កូន​បាន​ដែរ​

ក្នុងពេលបង្កកំណើត មនុស្សយើងភាគច្រើនគឺផ្តោតសំខាន់តែទៅលើសុខភាពស្ត្រីទេ ចំណែកឯសុខភាពបន្តពូជបុរសច្រើនតែមិនសូវខ្វល់ឡើយ។ ដូច្នេះហើយវាតែងតែជារឿងមួយយឺតពេលនៅពេលគូរស្វាមីភរិយាទាំងពីរ រកឃើញមូលហេតុ។ ចូរចាំថា នៅពេលកំពុងតែព្យាយាមយកកូន យកល្អគួរតែយកចិត្តទុកដាក់ទៅលើសុខភាពមនុស្សទាំងពីរនាក់ និងសិក្សាទៅលើមូលហេតុនៃការមិនអាចមានកូនបានផង។
ខណៈពេលដែលមានសញ្ញាជាច្រើនដែលអាចបញ្ជាក់ថាមានបញ្ហាទៅលើមនុស្ស ស្រ់នោះ សញ្ញានៃការមិនអាចមានកូនរបស់បុរសច្រើនតែមិនអាចស្តែងឲ្យឃើញ ជាក់ស្តែងឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ បើសិនជាគូស្វាមីភរិយាអាយុចាប់ពី ៣៥ឆ្នាំឡើងទៅ ហើយកំពុងតែព្យាយាមយកកូនយូរជាងមួយឆ្នាំមិនបានជោគជ័យនោះ វាគឺជាសញ្ញាមួយដែលត្រូវការជំនួយពីគ្រូពេទ្យហើយ។ ភាគច្រើនសមត្ថភាពមានកូនរបស់បុរសត្រូវបានសិក្សាដឹងតាមរយៈការធ្វើតេស្តមួយចំនួនដូចជា តេស្តឈាម ទឹកនោម និងការថតរូបភាពវេជ្ជសាស្ត្រខ្លះ។

ជាទូទៅ លទ្ធភាពមានកូនរបស់បុរសម្នាក់អាស្រ័យទៅរឿងពីរយ៉ាងនោះគឺ គុណភាពរបស់មេជីវិតឈ្មោល និងបរិមាណរបស់វា។ មូលហេតុជាច្រើនដែលនាំឱរបស់ទាំងពីរនេះប្រែប្រួលបានមានដូចជា បញ្ហាអ័រម៉ូ បញ្ហាផ្លូវកាយ និងផ្លូវចិត្ត ហើយវាក៏នាំឲ្យមិនអាចមានកូនបានដែរ។ ការស្ទះបំពង់ផ្លូវទឹកកាម ពងស្វាសមិនលូតលាស់ ហាត់ប្រាណច្រើន និងការប៉ះពាល់នឹងជាតិពុលសុទ្ធតែជាដើមហេតុនាំឲ្យមិនអាចមានកូន បានទាំងអស់។ ចំពោះរោគសញ្ញារបស់បុរសដែលមិនអាចមានកូនបានមានមួយចំនួនដែរដូចជា ៖
•    ប្រែប្រួលលើការលូតលាស់របស់សក់ (ក្បាលទំពែក ឬសក់ទៅស្តើង)
•    ចំណង់ផ្លូវភេទថយចុះ
•    មានការឈឺចាប់ ដុំ ឬហើមនៅពងស្វាស
•    លិង្គមិនឡើងរឹង ឬមានបញ្ហាជាមួយនឹងការចេញទឹកកាម
•    ពងស្វាសតូច ឬមិនលូតលាស់
•    ឆាប់ចេញទឹកកាមពេក

បើសិនជាអ្នកសម្គាល់ឃើញរោគសញ្ញាដូចបាន រៀបរាប់ខាងលើនេះ ហើយដៃគូមិនអាចមានកូនបានទៀតក្រោយពីព្យាយាមអស់រយៈពេល មួយឆ្នាំហើយនោះ វាគួរតែដល់ពេលពិគ្រោះជាមួយអ្នកជំនាញហើយ៕


បុរស​ក៏​មាន​ចំណែក​ធ្វើឲ្យ​អត់​កូន​បាន​ដែរ​