រឿង​ឈ្មួញ​បំផ្លាញ​ភ្នំ​នៅ​ស្រុក​បាណន់ ខេត្តបាត់ដំបង មាន​ជាប់​ពាក់ព័ន្ធ​ទៅនឹង​មន្ត្រី​ពុករលួយ​

​មន្ត្រីរាជការ​នៅ​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា សកម្មភាព​កាយ​ដីភ្នំ​មួយកន្លែង​នៅ​ភូមិ​កក់​ស្វាយ ឃុំ​តា​គ្រាម ស្រុក​បាណន់ ស្ទើរ​រលាយបាត់​រូបរាង​នោះ មាន​ជាប់​ពាក់ព័ន្ធ​នឹង​លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង ព្រមទាំង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ​។ ប្រសិនបើ​គ្មាន​ការបើក​ដៃ​ពី​មន្ត្រី​អាជ្ញាធរ​ឃុំ អាជ្ញាធរ​ស្រុក និង​អាជ្ញាធរខេត្ត​ទេនោះ គឺ​ឈ្មួញ​មិនអាច​កាយ​ភ្នំ​យក​អាចម៍ដី​លក់​និង​យក​ថ្ម​លក់​ស្រេច​តែ​អំពើ​ចិត្ត​ឡើយ​។ ដូច្នេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល គួរពិនិត្យមើល​បញ្ហា​នេះ​ជាបន្ទាន់ ព្រោះ​ភ្នំ​ជាច្រើន​កន្លែង​នៅ​ស្រុក​បាណន់ ត្រូវគេ​ធ្វើ​អាជីវកម្ម​ថ្មកែវ ថ្ម​ក្រហម និង​កាយ​អាចម៍ដី​លក់​ស្ទើរ​រលាយ​សាបសូន្យ​អស់​ទៅហើយ​។

ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​តា​គ្រាម ស្រុក​បាណន់ បាន​ឲ្យ​ដឹងថា មេឃុំ និង​អភិបាលស្រុក តែងតែ​គេចវេះ​ពី​ការទទួលខុសត្រូវ ហើយ​ឆ្លើយ​ដោះសា​យករួចខ្លួន​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស​បន្តិច​ណា​ឡើយ​។ លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង ក៏​មិនដែល​គិតគូរ​ចាត់វិធានការ​ទប់ស្កាត់​អាជីវកម្ម​ថ្មកែវ ថ្ម​ក្រហម និង​សកម្មភាព​កាយ​ដីភ្នំ​លក់​នៅ​ស្រុក​បាណន់ ខេត្តបាត់ដំបង​នោះដែរ ប្រហែល​ជាប់​ពាក់ព័ន្ធ​នឹង​ផលប្រយោជន៍​ផង​ក៏​មិនដឹង​។ ហេតុនេះហើយ​ទើប​ក្រុម​ឈ្មួញ​នៅតែ​អាច​បន្តសកម្មភាព​ធ្វើ​អាជីវកម្ម​ថ្មកែវ ថ្ម​ក្រហម និង​កាយ​ដីភ្នំ​ក្នុង​ឃុំ​តា​គ្រាម ស្រុក​បាណន់ ស្រេច​តែ​អំពើ​ចិត្ត​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​បរិស្ថាន​ធម្មជាតិ និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។

មន្ត្រី​បម្រើ​ការងារ​នៅ​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា លោក អ៊ា​ន មាឃ ប្រធាន​មន្ទីរ​នេះ គិតគូរ​តែ​រឿង​ផលប្រយោជន៍​ផ្ទាល់ខ្លួន​ប៉ុណ្ណោះ ហើយ​ករណី​ឈ្មួញ​ធ្វើ​អាជីវកម្ម​ថ្មកែវ ថ្ម​ក្រហម និង​កាយ​ដីភ្នំ​នៅ​ស្រុក​បាណន់​នោះ គឺជា​ប្រភព​ចំណូល​របស់លោក អ៊ា​ន មាឃ​។ ជាងនេះទៅទៀត​លោក អ៊ា​ន មាឃ តែងតែ​ព្យាយាម​គេចវេះ​ពី​អ្នកសារព័ត៌មាន​មិន​ទទួលខុសត្រូវ​ចំពោះ​អាជីវកម្ម​ថ្មកែវ ថ្ម​ក្រហម និង​កាយ​ដីភ្នំ​នៅ​ស្រុក​បាណន់​នោះឡើយ​។ ប្រការនេះ​លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល មិនត្រូវ​មើលរំលង​តទៅទៀត​ទេ ព្រោះ​បច្ចុប្បន្ន​មិនមែន​តែ​ថ្មកែវ និង​ថ្ម​ក្រហម ក្នុងស្រុក​បាណន់​ទេ ដែល​ត្រូវ​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ គឺ​រ៉ែ​មាស​នៅ​ស្រុក​ភ្នំព្រឹក ក៏​កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ដែរ​៕

b d e