លោក កែប កត់ នៅតែ​បណ្ដោយ​ឲ្យ​មាន​បទល្មើស​កាប់​ឈើ​ក្នុងស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី

​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី បាន​ឲ្យ​ដឹងថា ចាប់តាំងពី​លោក កែប កត់ មកកាន់​តំណែង​ជា​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​នេះ គឺ​មិនបាន​យកចិត្តទុកដាក់​ទប់ស្កាត់​បទល្មើស​បំផ្លាញ​ព្រៃឈើ​ដែល​កើតឡើង​យ៉ាង​អនាធិបតេយ្យ​នោះទេ​។ សូម្បីតែ​ក្នុងដំណាក់កាល​គណៈកម្មកា​រ​ជាតិ​ដើម្បី​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ កំពុង​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស ក៏មាន​សកម្មភាព​កាប់​ឈើ​យ៉ាង​អនាធិបតេយ្យ​នៅ​ស្រុក​អូរ​យ៉ា​ដាវ ខេត្តរតនគិរី ដដែល​។ ឈ្មួញ​ធំៗ​ក៏ដូចជា អ្នកមាន​លុយ អ្នកមានអំណាច មិន​ញញើត​ក្នុងការ​បន្ត​កាប់​ឈើ​ក្នុងព្រៃ​សហគមន៍ ព្រៃ​ដែន​ជម្រក​សត្វ និង​ព្រៃ​បម្រុង​របស់​រដ្ឋ​នោះទេ ហើយ​សូម្បីតែ​ឈើ​ក្នុង​ឧទ្យាន​ជាតិ​ក៏​នៅតែ​ប្រឈម​នឹង​មហន្តរាយ​ដែរ​។

តាម​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​តា​កុក​ច្រាយ ភូមិ​តា​កុក​ព្នង ឃុំ​បរខាំ ស្រុក​អូរ​យ៉ា​ដាវ និង​នៅ​ភូមិ​ខ្វែង ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា បទល្មើស​កាប់​រាន​ព្រៃឈើ​ទន្ទ្រាន​យក​ដី​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​កើតមាន​ឥតឈប់ឈរ​។ មន្ត្រី​អាជ្ញាធរ​ស្រុក​អូរ​យ៉ា​ដាវ និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​អូ​រយ៉ា​ដាវ មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​នោះទេ ក្នុងខណៈដែល​អ្នកមាន​លុយ អ្នកមានអំណាច ប្រើ​គ្រឿងចក្រ​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ ប្រើ​រណារយន្ត​កាត់​រំលំ​ដើមឈើ ហើយ​ប្រមូល​ដុតចោល​បំបាត់ភស្តុតាង​យ៉ាង​រលូន​។ លើស​នេះ​ទៅទៀត​អាជ្ញាធរ​ឃុំ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​កាប់​គាស់​ឈូសឆាយ​ព្រៃ​ទន្ទ្រាន​យក​ដី​ពី​សំណាក់​អ្នកមាន​លុយ អ្នកមានអំណាច​ផងដែរ​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ឃុំ​បរខាំ និង​ឃុំ​យ៉ា​ទុង ស្រុក​អូរ​យ៉ា​ដាវ បាន​ឲ្យ​ដឹងថា ពួកគាត់​តែងតែ​រាយការណ៍​ទៅ​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​អាជ្ញាធរ​ស្រុក ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​ជាច្រើនលើក​មកហើយ ប៉ុន្តែ​មិនទាន់​ឃើញ​មាន​ចំណាត់ការ​ប្រកបដោយ​ប្រសិទ្ធភាព​នោះទេ​។ ហេតុនេះហើយ​ទើប​អ្នកមាន​លុយ អ្នកមានអំណាច ធ្វើ​សកម្មភាព​កាប់​គាស់​ឈូសឆាយ​បំផ្លាញ​ព្រៃឈើ​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ និង​កាប់​ឈើ​ជន្លង់ម្រេច​ដឹក​ចេញពី​ស្រុក​អូរ​យ៉ា​ដាវ​យ៉ាង​ពេញបន្ទុក​។ ចំណែក​លោក កែប កត់ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តរតនគិរី នៅតែ​រក្សា​ភាព​ស្ងៀមស្ងាត់​បណ្ដោយ​ឲ្យ​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​អូ​រយ៉ា​ដាវ បន្ត​រាលដាល​ឥតឈប់ឈរ​៕

WAT-02026 WAT-02024 WAT-02025