ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានីភ្នំពេញ ៖ ​តំណាង​ប្រជាពលរដ្ឋ​ប្រមាណ​ជា៥០​នាក់ មក​ពី​បណ្តា​ខេត្ត​-ក្រុង​នានា ដែល​ចាញ់បោក​ក្រុមហ៊ុន EBC នៅ​តែ​បន្ត​នាំ​គ្នា​​ធ្វើការ​តវ៉ា​នៅ​មុខ​ស្នាក់​ការ​ក្រុមហ៊ុន​ ដើម្បី​ទាមទារ​ស្នើ​​សុំ​​ទៅ​ដល់​រដ្ឋាភិបាល ពិសេស​គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន​សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុ​ន ​រ៉ា​នី ហ៊ុន​សែន ដែល​ជា​ប្រមុខ​ដឹកនាំ​​ដ៏​ឆ្នើម​នា​ពេល​​បច្ចុប្បន្ន​នេះ ជួយ​អន្តរាគមន៍​​​ធ្វើ​យ៉ាងណា​ចាប់ខ្លួន​អ្នកដឹកនាំ​ប្រតិបត្តិ​ក្រុមហ៊ុន EBC យក​មក​ទូទាត់​បំណុល​​ជាមួយ​ប្រជា​ពល​រដ្ឋ​ឱ្យ​​បាន​គ្រប់​ចំនួន​នូវ​អ្វី​ដែល​បាន​សន្យា​ជាមួយ​គ្នា ។

ក្នុងនោះដែរ​ ប្រជាពលរដ្ឋ​ ក៏​បាន​សម្តែង​នូវការ​ខកចិត្ត​ជាមួយ​អាជ្ញាធរ​ខណ្ឌទួលគោក ​ដែលគ្មាន​ដោះ​ស្រាយ​អ្វី​ទាំងអស់ ហើយ​ក៏​មិន​​បាន​បញ្ជាក់​អំពី​ជំហរ​​ជួយ​អន្តរាគមន៍​ជូន​​ប្រជាពលរដ្ឋ​ឱ្យ​​បាន​ច្បាស់លាស់​ដែរ កាលពី​រសៀល​ថ្ងៃ​ទី​១ មក​រា ២០១៦ ម្សិលមិញ។ ដោយសារ​អាជ្ញា​ធរ​ពុំ​មាន​ការ​សន្យា​ស្វែង​រក​ដំណោះ​ស្រាយ​ណា​មួយ​ ទើបនៅ​​ព្រឹក​ថ្ងៃ​​ទី​០២ កុម្ភៈ​ ​នេះ ​​ប្រជាពលរដ្ឋ​បាន​លើកគ្នា​ធ្វើការ​តវ៉ា​​បន្ថែម​ទៀត រហូត​មាន​​អ្នកខ្លះ​បាន​លើក​ម្រាមដៃ​​១០ សំពះ​សុំ​អន្តរាគមន៍​ពី​សម្តេច​​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​ជួយ​ដល់​ពួក​គាត់​ ដោយសារ​បច្ចុប្បន្ន ប្រជាពលរដ្ឋ​ច្រើន​ពាន់​ច្រើន​ម៉ឺន​​នាក់​ណាស់ ​ដែល​កំពុង​ចាញ់បោក​ក្រុមហ៊ុន​មួយ​នេះ ជា​ហេតុ​ធ្វើ​ឱ្យ​​ពួក​គាត់​យក​ប្លង់​​ដី ប្លង់​ផ្ទះ ​យក​ទៅ​បញ្ចាំ​នៅ​ធនាគារ ហើយ​ប្រឈម​នឹង​ការ​រឹបអូស​ពី​ធនាគារ​​នានា ព្រោះ​ពួក​គាត់​គ្មាន​លុយ​ សម្រាប់​បង់​សង​ទៅ​​ធនាគារ​វិញ​ឡើយ ​ដោយសារ​ក្រុមហ៊ុន EBC បោកប្រាស់​លុយ​របស់​ពួក​គាត់ យក​ហើយ​រត់គេច​ខ្លួន​បាត់​អស់​នា​ពេល​បច្ចុប្បន្ន​នេះ ។

សូម​បញ្ជាក់ថា តំណាង​នាយក​ប្រតិបត្តិ​ដែល​​ប្រឈម​មុខ​នឹង​ការ​ប្តឹងប្តល់​ដោយ​ប្រជាពលរដ្ឋ​ដែល​ចាញ់បោក មាន​​១-ឈ្មោះ​លី គឹ​ម​សែ, ​​២-ឈ្មោះគ្រែ​ន សុ​ភក្ត្រ, ​៣-ឈ្មោះយ៉ា​ន់ យ៉ា​ន ​៤-ឈ្មោះ​ឡុ​ង សម្បត្តិ, ​៥-ឈ្មោះ​ស្បៃ, ៦-ឈ្មោះរត​នះ, ៧​-ឈ្មោះ​ភារ​ម្យ និង​​៨​-​ឈ្មោះ​​សា​វី ។