ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ លោកគ្រូ-អ្នកគ្រូ​ និង​សិស្ស​​នៃ​វិទ្យាល័យ​ទួល​អំពិល​​ប្រមាណ​២០០​នាក់ នាំគ្នា​ធ្វើ​កូដកម្ម​ទាមទារ​​សុំ​ឱ្យ​​មន្ទីរ​អប់រំ​រាជធានី​ភ្នំពេញ​ ក៏​ដូច​ជា​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ កុំ​ជឿ​តាម​ការ​ញុះញ​ង់​របស់​លោកនាយក​​សាលា ដែលបាន​ដក​លោកគ្រូ​បង្រៀន​​ចំនួន​​២​នាក់ (ផ្នែក​ឯកទេស​រូបវិទ្យា និង​ជីវវិទ្យា​) រួម​និង​លោកគ្រូ​​នាយករង​ម្នាក់​ទៀត​ចេញពី​វិទ្យាល័យ​​ខាងលើ ដោយ​ពួក​គេ​​​អះអាង​ថា​ លោកគ្រូ​និង​លោកនាយក​សាលា​​​នោះ គឺជា​ជន​​សក​កម្ម​ក្នុង​ការងារ និង​ជាទី​រាប់អាន ​សម្រាប់​លោកគ្រូ​-អ្នកគ្រូ ទាំង​អស់​នៅ​ក្នុង​សាលា មិន​ដែល​បង្កទំនាស់​ ឬ​នាំ​ឱ្យ​​មានការ​បែកបាក់​​សាមគ្គី​ផ្ទៃក្នុង​​ម្ដងណា​ឡើយ​ ។

ហេតុ​ការ​ណ៍​នេះ​​កើតឡើង​កាលពី​វេលា​ម៉ោង​១០ និង​២៥​នាទី​ព្រឹក​ថៃ្ង​ទី​១ កុម្ភៈ ២០១៦ ស្ថិត​នៅ​ចំណុច​មុខ​វិទ្យាល័យ​ទួល​​អំពិល​ដែល​​មា​នទី​តាំងនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​២១៧ ក្នុងភូមិ​តា​ឡី សង្កាត់​ដង្កោ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ ។

ក្រុម​អ្នក​តវ៉ា​បានឱ្យ​​ដឹង​ថា លោកគ្រូ​ដែល​​ត្រូវ​ដក​ចេញ​នោះ ១-​ឈ្មោះ​​ស៊ុន​ ភ​ន គ្រូបង្រៀន​មុខ​វិជ្ជា​ជីវ​វិទ្យា ​ត្រូវ​បាន​ចាត់​ឱ្យ​​ទៅ​បម្រើ​ការ​នៅ​វិទ្យាល័យ​ជា​ ស៊ី​ម ឈូ​ល ​វ៉ា វិញ ២-​ឈ្មោះ​ភាព សំណាក់ គ្រូបង្រៀន​មុខ​វិជ្ជារូបវិទ្យា ​ត្រូវ​បាន​ចាត់​ឱ្យ​​ទៅ​បម្រើ​ការ​នៅ​វិទ្យា​ល័យ សម្តេច ហ៊ុន ​សែន ព្រែក​កំពឹស វិញ​ ​​ដែល​សេចក្ដីសម្រេច​ចុះ​ថៃ្ង​ទី​២២ ​មករា ២០១៦ ​ចេញ​ដោយ​មន្ទីរ​អប់រំ​យុវជន ​និង​កីឡា រាជធានី​ភ្នំពេញ​ និង៣​-​លោក យ៉ង់ ប៊ុ​ន​ធឿ​ន ​ដែល​ជា​នាយករង​នៃ​វិទ្យាល័យ​ទួល​អំពិល​ ត្រូវផ្លាស់​​​​​ទៅ​ធ្វើ​ជា​នាយករង​​នៅ​វិទ្យាល័យ​ទួល​ប្រាសាទ​ ក្នុង​ខណ្ឌ​សែន​សុខ ។

ក្រុម​អ្នក​តវ៉ា​បាន​បន្ត​ថា ដោយសារ​តែ​​មានការ​ផ្លាស់​ប្ដូរ​ដោយ​គ្មាន​ហេតុផល​បែប​នេះ ទើប​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​ឡើង​នៅ​ការ​តវ៉ា​បែប​នេះ ព្រោះ​លោកគ្រូ​​ និងលោកនាយក​សាលា​ទាំង​៣​នាក់​នោះ បាន​បម្រើ​ការងារ​នៅ​ក្នុង​សាលា​ខាងលើ​​យូរហើយ​ ពួក​គាត់​គឺជា​មនុស្ស​​ដែល​គួរ​ឲ្យ​រាប់អាន មិន​ដែល​បង្កទំនាស់​ជាមួយអ្នកដ​ទៃ ​ឬ​បង្ក​ឲ្យ​មានការ​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​សាលា​ឡើយ​ ។