មន្ត្រី​បក្ស​ប្រឆាំង​ដាក់​លិខិត​ទៅ​សភា​ទាមទារ​ឲ្យ​នាយករដ្ឋមន្ត្រី​ដក​ដី​ពី​កងទ័ព​វៀតណាម

តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ុំ សំអាន នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ នេះ បាន​ឲ្យ​ដឹង​ថា លោក​បាន​ដាក់​លិខិត​ទៅ​លោក ហេង សំរិន ប្រធាន​រដ្ឋសភា ទាមទារ​ឲ្យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​កងទ័ព​វៀតណាម ដែល​កំពុង​កាន់កាប់ និង​បោះ​មូលដ្ឋាន​យោធា​ក្នុង​ខេត្ត​រតនគិរី។

នៅ​ក្នុង​លិខិត​របស់​លោក​ទៅ​កាន់​លោក ហ៊ុន សែន តាម​រយៈ​លោក ហេង សំរិន ចុះ​កាល​ទី​២៥ ខែ​មករា ដែល​លោក​ទើប​ចេញ​ផ្សាយ​ជា​សាធារណៈ បញ្ជាក់​ថា  ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​កងទ័ព​វៀតណាម ដែល​មាន​ទំហំ​ ៤០.០០០ (បួន​ម៉ឺន) ហិកតារ ផ្ទុយ​ទៅ​នឹង​រដ្ឋធម្មនុញ្ញ​មាត្រា ៥៣ ដែល​ចែង​ថា ព្រះរាជាណាចក្រ​កម្ពុជា មិន​អនុញ្ញាត​ឲ្យ​មាន​មូលដ្ឋាន​យោធា​បរទេស​ក្នុង​ទឹកដី​របស់​ខ្លួន។

​លោក អ៊ុំ សំអាន អះអាង​ថា យោធា​វៀតណាម គ្មាន​សិទ្ធិ​បោះ​ទី​តាំង​ទ័ព​ក្នុង​ទឹកដី​កម្ពុជា​ឡើយ ហើយ​ថា ការ​ផ្ដល់​ដី​សម្បទាន​សេដ្ឋកិច្ច​ដ៏​ច្រើន​សន្ធឹក​សន្ធាប់​ទៅ​ឲ្យ​កងទ័ព​វៀតណាម ដូច្នេះ អាច​នាំ​ឲ្យ​កម្ពុជា បាត់បង់​ទឹកដី​ទៅ​ថ្ងៃ​អនាគត។  សំណើ​របស់​លោក អ៊ុំ សំអាន ធ្វើ​ឡើង​បន្ទាប់​ពី​សារព័ត៌មាន ឌឹ ខេមបូឌា ដេលី (The Cambodia Daily) កាល​ពី​ថ្ងៃ​ទី​២៨ ខែ​ធ្នូ បាន​ចុះ​ផ្សាយ​អត្ថបទ​មួយ​មាន​ចំណង​រឿង​ថា "កងទ័ព​ប្រជាជន​វៀតណាម​ទទួល​បាន​ការ​គ្រប់គ្រង​ដី​ប្រហែល ៤​ម៉ឺន​ហិកតារ​យ៉ាង​ស្ងាត់ៗ​នៅ​ក្នុង​ខេត្ត​រតនគិរី"៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។