បុរស​ប៊ុលហ្គារី​និង​រ៉ូម៉ានី​ជាប់ចោទ​ពី​បទ​លួច​ដក​ប្រាក់​ពី​ម៉ាស៊ីន​អេធីអឹម

ក្រុម​មន្ត្រី​បាន​និយាយ​ថា បុរស​អឺរ៉ុប​ពីរ​នាក់​ដែល​ត្រូវ​ចាប់​ខ្លួន​បាន​ក្នុងពេល​ព្យាយាម​ដាក់​ឧបករណ៍​លួច​កូដ​នៅ​ម៉ាស៊ីន​អេធីអឹម​មួយ​កន្លែង​នៅ​ជិត​ផ្សារមួយក្នុង​ក្រុង​សៀមរាប​កាលពី​ថ្ងៃ​សៅរ៍ ត្រូវ​បាន​តុលាការ​ខេត្ត​ចោទ​ប្រកាន់​កាលពី​ថ្ងៃ​ច័ន្ទ បន្ទាប់ពី​ពួកគេ​បាន​សារភាព​ថា​បាន​លួច​ប្រាក់​ជិត​១៤.០០០​ដុល្លារ ដោយ​ប្រើ​វិធី​នេះ។

លោក ភឿង ចិន្តារ៉េត ស្នងការ​រង​នគរបាល​ខេត្ត បាន​មាន​ប្រសាសន៍​ថា ជនជាតិ​ប៊ុលហ្គារី ផិធឺ អាតាណាសូវ (Peter Atanasov) អាយុ​៤៤​ឆ្នាំ និង​ដៃគូ​រ៉ូម៉ានី​របស់​គាត់ ឈ្មោះ មូរ៉េសាន អឺហ្គិនហូរ៉ាធីវ (Mure­san Eugen-Horatiu) អាយុ​៥២​ឆ្នាំ ត្រូវ​បាន​ចាប់​ខ្លួន បន្ទាប់ពី​ប្រទះ​ឃើញ​តាម​កាមេរ៉ា​សន្តិសុខ​ដោយ​បុគ្គលិក​ធនាគារ​អេប៊ីអេ​នៅ​ម៉ាស៊ីន​អេធីអឹម​មួយ។

លោក​បាន​មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​នេះ​បាន​ធ្វើ​ឡើង​បន្ទាប់ពី​ធនាគារ​នេះ​បាន​ជូន​ដំណឹង​ដល់​នគរបាល​ថា អតិថិជន​ពីរ​នាក់​បាន​រាយការណ៍​ថា ត្រូវ​គេ​លួច​ប្រាក់​អស់​២១.០០០​ដុល្លារ​នៅ​ខែ​ធ្នូ។ លោក​បាន​បន្ថែម​ថា ជន​សង្ស័យ​ទាំង​ពីរ​នាក់​បាន​សារភាព​ថា បាន​លួច​ប្រាក់១៣.៧០០​ដុល្លារ។

លោក ចិន្តារ៉េត បាន​មាន​ប្រសាសន៍​ថា “ជនសង្ស័យ​ទាំង​ពីរ​នាក់​មាន​កិរិយា​ចម្លែក​នៅ​ម៉ាស៊ីន​អេធីអឹម​នោះ ឃើញ​ដូច្នេះ​ធនាគារ​បាន​រាយការណ៍​មក​នគរបាល​របស់​យើង”។

លោក​បាន​ឲ្យ​ដឹង​ថា ជន​ទាំង​ពីរ​បាន​សារភាព​ថា​បាន​ប្រើ​ឧបករណ៍​នេះ ដែល​ចម្លង​ទិន្នន័យ​ពី​ប័ណ្ណ​ឥណទាន​ដែល​សូក​ចូល​ម៉ាស៊ីន​អេធីអឹម​មួយ​ក្នុង​ប្រទេស​កម្ពុជា ហើយ​បន្ទាប់​មក​ប្រើ​ព័ត៌មាន​នោះ​ដើម្បី​ដក​ប្រាក់​នៅ​ធនាគារ​អេប៊ីអេ​ក្នុង​ប្រទេស​ឡាវ។

លោក ថង សាគុណ ស្នងការ​រង​ខេត្ត បាន​មាន​ប្រសាសន៍​ថា ជន​ទាំងពីរ​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ខេត្ត និង​ជាប់​ចោទ​ពី​បទ​ចោរកម្ម។

លោក​បាន​និយាយ​ថា “ឥឡូវ​ជនសង្ស័យ​នៅ​ក្នុង​ពន្ធនាគារ” ហើយ​ថា ឧបសគ្គ​ភាសា​ក្លាយ​ជា​បញ្ហា​មួយ។

លោក​បាននិយាយ​ថា “យើង​មាន​អ្នក​បកប្រែ​ភាសា​អង់គ្លេស​សម្រាប់​ជន​សង្ស័យ ប៉ុន្តែ​ជនសង្ស័យ​ធ្វើ​ពុត​ជា​មិន​យល់​ភាសា​អង់គ្លេស អ៊ីចឹង​យើង​បាន​ផ្តល់​អ្នក​បកប្រែ​ភាសា​រុស្ស៊ី ហើយ​ពួកគេ​ធ្វើ​ពុត​ជា​មិន​ចេះ​ភាសា​រុស្ស៊ី​ទៀត” ហើយ​នៅ​ទី​បំផុត ជន​សង្ស័យ​និយាយ​ភាសា​រុស្ស៊ី។

លោក​ស្រី ចាប ចាន់ឌីណា ប្រធាន​ទំនាក់​ទំនង​សាធារណៈ​នៅ​ធនាគារ​អេប៊ីអេ បាន​និយាយ​ថា អតិថិជន​ដែល​ត្រូវ​គេ​លួច​បន្លំ​បាន​ទទួល​សំណង​វិញ​ហើយ។

លោក​ស្រី​បាន​និយាយ​តាម​សារ​អេឡិចត្រូនិក​ថា “បន្ទាប់ពី​មាន​សហ​ប្រតិបត្តិការ​ល្អ​រវាង​ផ្នែក​សន្តិសុខ​អេប៊ីអេ​និង​នគរបាល​មូលដ្ឋាន យើង​បាន​ឃាត់​ខ្លួន​ជន​ល្មើស។ ប្រាក់​ប្រគល់​គ្រប់​ចំនួន​ឲ្យ​ទៅ​អតិថិជន​វិញ​ហើយ។

កាលពី​ខែ​វិច្ឆិកា ជនជាតិ​ប៊ុលហ្គារី​ពី​នាក់​ត្រូវ​បាន​ផ្តន្ទា​ទោស​ពី​បទ​ចោរកម្ម​មិន​បាន​សម្រេច ក្នុង​ការ​ប្រើ​ឧបករណ៍​លួច​កូដ​អតិថិជន​នៅ​ម៉ាស៊ីន​អេធីអឹម​មួយ​កន្លែង​ក្នុង​ក្រុង​ភ្នំពេញ៕ និត (រាយការណ៍​បន្ថែម​ដោយ George Wright)

 

The post បុរស​ប៊ុលហ្គារី​និង​រ៉ូម៉ានី​ជាប់ចោទ​ពី​បទ​លួច​ដក​ប្រាក់​ពី​ម៉ាស៊ីន​អេធីអឹម appeared first on ខេមបូឌា ដេលី.