តុលាការ​​​ក្រុង​​​ភ្នំ​​​ពេញ​​​ច្រាន​​​ចោល​​​បណ្ដឹង​​​លោក សួន ​​​សេរីរដ្ឋា​​​​​​ ទាក់​​​​​​ទង​​​ការ​​​ប្តឹង​​​លោក ហោ ណាំហុង​​​

តុលាការ​​​ក្រុង​​​ភ្នំពេញ​​​​​​បាន​​​ច្រាន​​​ចោល​​​បណ្ដឹង​​​របស់​​​លោក សួន ​​​សេរីរដ្ឋា ​​​ប្រធាន​​​គណបក្ស​​​អំណាច​​​ខ្មែរ​​​ដែល​​​ទើបតែ​​​​​​នឹង​​​​​បង្កើត​​​ថ្មី​​​​​​ ​​​ទាក់​​​ទង​​​នឹង​​​​​​ការ​​​ប្តឹង​​​លោក ហោ ​​​ណាំហុង ​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​ពីបទ​​​បរិហារ​​​កេរ្តិ៍ និង​​​ញុះញង់​​​ឲ្យមាន​​​ការ​រើស​​​អើង​​​​​​​​​​​​​។

ក្នុង​​​លិខិត​​​មួយ​​​ផ្ញើ​​​ជូន​​​លោក សួន ​​​សេរីរដ្ឋា កាល​​​ពី​​​ថ្ងៃទី​​​២៩ ខែ​​​មករា ព្រះ​​​រាជ​​​អាជ្ញា​​​រង មាស ច័ន្ទ​​​ពិសិដ្ឋ​​​ បាន​​​និយាយ​​​ថា សំណុំ​​​រឿង​​​​​​ដែល​​​​​​លោក សួន ​​​សេរីរដ្ឋា បាន​​​ប្តឹង​​​លោក ហោ ណាំ​​​ហុង​​​ ពី​​​បទ​​​បរិហារកេរ្តិ៍ និង​​​ញុះញង់​​​ត្រូវ​​​តម្កល់​​​ទុក​​​ឥត​​​ចាត់​​​ការ។

​លោក ​​មាស ច័ន្ទ​​​ពិសិដ្ឋ​​​ ​​​បាន​​​សរសេរ​​​ថា “ជម្រាប​​​មក​​​លោក សួន សេរី​​​រដ្ឋា​​​ ឲ្យ​​​​​​បាន​​​ជ្រាប​​​ថា ត្បិត​​​សំណុំ​​​រឿង​​​ដែល​​​លោក​​​បាន​​​ប្តឹង​​​លោក ហោ ណាំហុង​​​ ពីបទ​​​បរិហារ​​​កេរ្តិ៍ជា​​​សាធារណៈ និង​​​ញុះញង់​​​ឲ្យ​​​មាន​​​ការ​​​រើស​​​អើង​​​ នោះ​​​យើង​​​បាន​​​សម្រេច​​​តម្កល់​​​រឿង​​​ទុក​​​ឥត​​​ចាត់​​​ការតាម​​​ដីកា​​​សម្រេច ចុះ​​​ថ្ងៃ​​​ទី​​​២៩ ខែ​​​មករា ឆ្នាំ​​​២០១៦​​​រួច​​​ហើយ”។

លោក ​​មាស ច័ន្ទ​​​ពិសិដ្ឋ​​​ មិន​​​អាច​​ទាក់​​​ទង​​​សុំ​​​ការ​​​បំភ្លឺ​​​បាន​​​ទេ។​​​

លោក ទេព វីរៈ អ្នក​​​នាំ​​​ពាក្យ​​​គណបក្ស​​​អំណាច​​​ខ្មែរ បាន​​​និយាយ​​​ថា​​​គណបក្ស​​​​​​នេះ​​​នឹង​​​ប្តឹង​​​ឧទ្ធរណ៍ បន្ទាប់​​​ពី​​​ធ្វើ​​​សមាជ​​​នៅ​​​ថ្ងៃ​​​ទី​​​១៨ ខែ​​​មីនា។

លោក ទេព វីរៈ បាន​​​និយាយ​​​ថា “តុលាការ​​​គឺ​​​ស្ថិត​​​ក្រោម​​​គណ​​​បក្ស​​​កាន់​​​អំណាច​​​ ដូច្នេះ​​​គេ​​​ចាត់​​​ការ​​​ ឬ​​​មិន​​​ចាត់​​​ការ​​​ គឺ​​​ស្រេច​​​តែ​​​គេ។ គេ​​​ចង់​​​បិទ​​​សំណុំ​​​រឿង​​​​​​តែ​​​ត្រឹម​​​ហ្នឹង។​​​ ចំណុច​​​នេះ​​​បង្ហាញ​​​ថា​​​ តុលាការ​​​មិន​​​មាន​​​យុត្តិធម៌”។​​​

លោក សេរីរដ្ឋា បាន​​​ដាក់​​​ពាក្យ​​​ប្តឹង​​​​​​លោក ​​​ហោ ណាំហុង ទៅ​​​​​​តុលាការ​​​ក្រុង​​​ភ្នំពេញ​​​កាល​​​ពី​​​​​​ថ្ងៃ​​​ទី​​​២១ ខែ​​​ធ្នូ  ហើយ​​​ទាម​​​ទារ​​​ជំងឺ​​​ចិត្ត​​​៥០០​​​លាន​​​រៀល​​​។

លោក​​​ សេរីរដ្ឋា បាន​​​វិល​​​ត្រឡប់​​​មក​​​ប្រទេសកម្ពុជា​​​វិញ​​​កាល​​​ពី​​​ខែតុលា ក្រោយ​​​​​​ពី​​​និរទេស​​​ខ្លួនទៅ​​​​រស់​​​នៅ​​​បរទេស​​​អស់​​​រយៈ​​​ពេល​​​​​​៩​​​ឆ្នាំ ​​​ក្នុង​​​ពេល​​​នោះ​​​លោក​​​បាន​​​​​​រិះ​​​គន់​​​ជា​​​បន្ត​​​បន្ទាប់​​​លើ​​​រដ្ឋាភិបាល​​​របស់​​​​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន។

កាល​​​ពី​​​ខែ​​​មករា ឆ្នាំ​​​មុន​​​​​​ តុលាការ​​​បាន​​​​​​ផ្តន្ទា​​​ទោស​​​លោក​​​ សេរីរដ្ឋា​​​ កំបាំង​​​មុខ​​​ពី​​​បទ​​​ញុះញង់ ​​​​​​មានគំនិត​ក្បត់​​​ និង​​​រារាំង​​​ការ​​​បោះ​​​​​​ឆ្នោត​​​ ប៉ុន្តែលោក​​​​បាន​​​​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​វិញ​​​ ដោយ​​​សារ​​​តែ​​​មាន​​​ការ​​​លើក​​​លែង​​​ទោស​​​​​​​​​​​​​ដែល​​​រៀប​​​ចំ​​​ឡើង​​​​​​ដោយ​​​លោក​​​ ហ៊ុន សែន។

លោក ហោ ណាំហុង បាន​​​មាន​​​ប្រសាសន៍​​​​​​ក្នុង​​​​​​​​​​​​ខ្សែ​​​អាត់​​​​​​សំឡេង​​​​​​កាលពី​​​ថ្ងៃ​​​ទី​​​៧ ខែ​​​ធ្នូ​​​ថា “ជាពិសេស គណបក្ស​​​​​​​​​​​​របស់​​​សួន សេរី រដ្ឋា នៅ​​​អាមេរិក ដែល​​​កន្លង​​​មក​​​រហូត​​​ដល់​​​មាន​​​​​​សមាជិក​​​របស់គេ​​​ធ្វើ​​​ភេរវ​​​​​កម្ម​​​​​​នៅកម្ពុជាផង ដែល​​​យើង​​​បាន​​​លើក​​​លែង​​​​​​ទោស​​​ឲ្យ​​​ពួក​​​គេ ហើយ​​​យើង​​​ចង់​​​ពង្រឹង​​​​​​ប្រ​​​ជា​​​ធិបតេយ្យ​​​​​ពហុបក្ស”៕

 

The post តុលាការ​​​ក្រុង​​​ភ្នំ​​​ពេញ​​​ច្រាន​​​ចោល​​​បណ្ដឹង​​​លោក សួន ​​​សេរីរដ្ឋា​​​​​​ ទាក់​​​​​​ទង​​​ការ​​​ប្តឹង​​​លោក ហោ ណាំហុង​​​ appeared first on ខេមបូឌា ដេលី.