ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

រាជធានី​ភ្នំពេញ ៖ ក្នុង​សន្និបាតបូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៥ និង​ទិស​ដៅ​ការងារ​ឆ្នាំ​២០១៦​ របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​២៩​ មក​រា​ ២០១៦​ លោក មាន ចាន់​យ៉ា​ដា នាយក​រដ្ឋបាល​រាជធានី​ភ្នំពេញ ​បាន​ឲ្យ​ដឹង​ថា ឆ្នាំ​២០១៥​កន្លង​មកនេះ ភ្ញៀវ​ទេសចរ​​អន្តរជាតិ​ចូល​ទស្សនា​មណ្ឌល​ឧក្រិដ្ឋ​កម្ម​ជើងឯក និង​រមណីយដ្ឋាន​នានា​ ក្នុង​រាជធានី​ភ្នំពេញ មាន​ជិត​៤០​ម៉ឺន​នាក់ កើន​៧,៩៩% ចំណែកឯ​ភ្ញៀវ​ទេសចរ​​​ក្នុងស្រុក​ ​បាន​ថយ​ចុះ​៤០,១០%​ បើ​ប្រៀបធៀប​​​ឆ្នាំ​២០១៤​កន្លង​ទៅ ។

លោក មាន ចាន់​យ៉ា​ដា បាន​​បន្ត​​ថា ភ្ញៀវ​ទេសចរ​​អន្តរជាតិ​ដែល​ចូល​ទស្សនា​រមណីយដ្ឋាន​វត្ត​ភ្នំ​មាន​ចំនួន​១២២.៤៨២​នាក់ មាន​៦០​សញ្ជាតិ ច្រើន​ជាង​ឆ្នាំ​២០១៤ ​ចំនួន​៣.៣៤៩​នាក់ កើន​២,៨១% ចូល​ទស្សនា​មណ្ឌល​ឧក្រិ​ដ្ឋ​កម្ម​ជើងឯក មាន​ចំនួន​២៧៣.៣២៣​នាក់ ច្រើន​ជាង​ឆ្នាំ​២០១៤​ ចំនួន​១៣.៤៨៩​នាក់ កើនឡើង​៥,១៨% ។​

ចំណែក​ភ្ញៀវ​ទេសចរ​​ក្នុងស្រុក ជា​ប្រជា​ពល​រដ្ឋ​ខ្មែរ​ បាន​ចូល​ទស្សនា​រមណីយដ្ឋាន​នានា​ក្នុង​រាជធានី​ភ្នំពេញ ឆ្នាំ​២០១៥ រួម​មាន វត្ត​ភ្នំ ព្រះ​បរមរាជវាំង សារមន្ទីរ​ជាតិ និង​មណ្ឌល​ឧក្រិដ្ឋ​កម្ម​ជើងឯក មាន​ចំនួន​១៨៣.៩១៣​នាក់​ តិច​ជាង​ឆ្នាំ​២០១៤​ ចំនួន​១២៣.១២៤​នាក់ ឬ​ថយ​ចុះ​៤០,១០% មូលហេតុភ្ញៀវ​ទេសចរ​​ជាតិ ទៅ​ទេសចរ​នៅ​ក្រៅ​ស្រុក​ច្រើន ៕