ជប៉ុន បើកកិច្ចប្រជុំបន្ទាន់ ដើម្បីរកដំណោះស្រាយ ទប់ស្កាត់មេរោគ Zika

តូក្យូ៖ ក្រោយពីតំបន់អាស៊ីហាក់ បង្ហាញការ ព្រួយបារម្ភខ្លាំង ចំពោះការរាតត្បាតនៃមេរោគ Zika ដែលកំពុង ផ្ទុះឡើងខ្លាំងនៅទ្វីបអាមេរិក ខណៈពេលនេះ រដ្ឋាភិបាលជប៉ុន បានបើកកិច្ចប្រជុំជាបន្ទាន់មួយ នៅរសៀល ថ្ងៃអង្គារនេះ ដើម្បីពិភាក្សាគ្នាថាតើត្រូវទប់ស្កាត់មេរោគនេះ ដោយរបៀបណា។

ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ចេញផ្សាយថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ នេះបន្ដទៀតថា កិច្ចប្រជុំនេះធ្វើឡើង បន្ទាប់ពីអង្គការសុខភាពពិភពលោក WHO បានចេញសេចក្ដីប្រកាសអាសន្នជំងឺឆ្លងបង្កដោយសត្វមូស សម្រាប់ សុខភាពសាធារណៈអន្ដរជាតិ។

ក្រសួងសុខាភិបាលជប៉ុន គ្រោងនឹងរាយការណ៍ពីលក្ខណៈនៃជំងឺនេះទៅកាន់វេជ្ជបណ្ឌិតជំនាញ ដើម្បីជា ជំហានទប់ស្កាត់ និងចាត់វិធានការការពារ នៅតាមតំបន់ដាច់ស្រយាលនៃប្រទេស។

អាការធម្មតានៃមេរោគ Zika នេះត្រូវបានគេស្គាលថារួមទាំង ឈឺក្បាល វិលមុខ និងកន្ទួលរមាស់ ហើយវា ត្រូវបានគេសង្ស័យទៀតមានករណីទារកកើតមកមានក្បាលតូចខុសពីប្រក្រតី នៅពេលដែលម្ដាយឆ្លងជំងឺ Zika នេះក្នុងអំឡុងពេលមានផ្ទៃពោះ។ យ៉ាងណាក្ដីក្រសួងសុខាភិបាលជប៉ុន បានជំរុញឲ្យពលរដ្ឋរបស់ខ្លួន កុំទៅកាន់តំបន់ដែលមានមេរោគនេះ៕

ជប៉ុន បើកកិច្ចប្រជុំបន្ទាន់ ដើម្បីរកដំណោះស្រាយ ទប់ស្កាត់មេរោគ Zika