កងទ័ព​ចិន​បន្ត​កែទម្រង់ បន្ថយ​ភូមិភាគ​យោធា​ពី​៧​មក​៥​វិញ​

​ក្រសួងការពារជាតិ​ចិន​នៅ​ថ្ងៃទី​១ ខែកុម្ភៈ បានដាក់​សម្ពោធ​តំបន់​ភូមិភាគ​យោធា​ថ្មី​ចំនួន​៥​ដែល​ទើបតែ​ត្រូវបាន​កែសម្រួល​ថ្មី​។ នេះ​ជា​ជំហាន​ថ្មី​មួយទៀត​សម្រាប់​ការកែទម្រង់​កងទ័ព​រំ​ដោះ​ប្រជាជន​ចិន​ដែលជា​ផែនការ​ដាក់ចេញ​ដោយ​លោក​ប្រធានាធិបតី ស៊ី ជិន​ពីង ដើម្បី​ពង្រឹងសមត្ថភាព​យោធា​ចិន​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​ប្រធានាធិបតី​ចិន​លោក ស៊ី ជិន​ពីង បាន​ចូលរួម​ជា​អធិបតី​ក្នុង​ពិធី​ប្រកាស​តំបន់​ភូមិភាគ​ទើប​បង្កើត​ថ្មី​ចំនួន​៥ ដែល​នេះ​ជា​សញ្ញា​នៃ​ការពង្រឹង​កាន់តែខ្លាំង​បន្ថែមទៀត​របស់​ប្រព័ន្ធ​បញ្ជា​កងទ័ព​នៅ​ថ្នាក់​តំបន់ ក៏ដូចជា​ជំរុញ​សមត្ថភាព​កងទ័ព​រំដោះ​ប្រជាជន​ចិន​ទាំងមូល​ផងដែរ​។​លោក ស៊ី បានប្រគល់​ទង់​ដល់​មេបញ្ជាការ​ថ្មី​នៃ​ភូមិភាគ​ទាំង​៥ ខណៈ​ពីមុន​មាន​ដល់​ទៅ​៧​ភូមិភាគ​។​

​ភូមិភាគ​ថ្មី​ទាំង​៥​ដែល​ទើប​បង្កើត​នឹង​ជំនួស​ឲ្យ​ភូមិភាគ​ចាស់​ចំនួន​៧​។ ក្នុងចំណោម​ភូមិភាគ​ថ្មី​ទាំង​៥ ត្រូវបាន​ដាក់ឈ្មោះ​ទៅតាម​ទិស​ធំ​ទាំង​៤ រួមទាំង​តំបន់​កណ្ដាល​។ ខណៈ​ភូមិភាគ​យោធា​ចាស់​ទាំង​៧ ត្រូវបាន​ដាក់ឈ្មោះ​ទៅតាម​ទីក្រុង​ដែលមាន​ស្នាក់ការ​ភូមិភាគ​យោធា​ទាំងនោះ​ដូចជា ភូមិភាគ​ប៉េកាំង​ឬ​ភូមិភាគ​ស៊ិន​យ៉ាង​ជាដើម​។​

​លោក ស៊ី ជិន​ពីង ដែលជា​ប្រធាន​គណៈកម្មាការ​យោធា​មជ្ឈិម​របស់​បក្ស​កុម្មុយនីស្ត​ចិន​ដែរនោះ​បញ្ជាក់ថា ភូមិភាគ​ថ្មី​ទាំង​៥​នឹង​ទទួលខុសត្រូវ​លើ​បញ្ហា​ក្នុង​តំបន់​របស់ខ្លួន​ដូចជា​បញ្ហា​សន្តិសុខ​និង​ការរក្សា​សន្តិភាព ព្រមទាំង​ការពារ​ប្រទេសជាតិ​ទាំងមូល​ផងដែរ​។ ចំណែក​អ្នក​ពាក្យ​ក្រសួងការពារជាតិ​ចិន​វិញ​ក៏បាន​បញ្ជាក់ដែរថា ការកែសម្រួល​នេះ​នឹងមិន​ប៉ះពាល់​ដល់​ការងារ​របស់​កងទ័ព​អ្វី​ទេ ហើយ​យោធា​នឹង​មើល​ខុសត្រូវ​លើ​មន្ត្រី​ណា​ដែល​ប៉ះពាល់​ដោយសារ​បញ្ហា​នេះ​។​

​ការកែសម្រួល​នេះ​គឺជា​ជំហាន​ថ្មី​មួយទៀត​របស់​ចិន​ក្នុងការ​បង្កើន​សមត្ថភាព​របស់​កងទ័ព​រំដោះប្រជាជន​ចិន ក្នុងការ​ប្រឈម​នឹង​បញ្ហា​ដែល​កំពុង​កើតឡើង ជាពិសេស​នោះ​គឺ​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​តែម្ដង​។ ការកែទម្រង់​ទ្រង់ទ្រាយ​បែបនេះ ចាប់ផ្ដើម​នៅពេលដែល​លោក ស៊ី ជិន​ពីង ប្រកាស​កាត់បន្ថយ​ទ័ព​ចំនួន​៣​សែន​នាក់​កាលពី​ឆ្នាំមុន​។ ចាប់ពីពេលនោះ​មក គេ​សង្កេតឃើញ​មាន​ផែនការ​សកម្មភាព​ជាច្រើន​ត្រូវបាន​ដាក់ចេញ​។​
 
​ជាក់ស្ដែង គ្រាន់តែ​ឆ្នាំ​២០១៦​មកដល់​ភ្លាម មហា​យក្ស​ចិន​ប្រកាស​បង្កើត​អង្គភាព​យោធា​ធំៗ​បី ស្ថិតក្រោម​រចនាសម្ព័ន្ធ​កងទ័ព​រំដោះប្រជាជន​ចិន​។ ក្រៅពីនោះ​ចិន​ក៏​ប្រកាសប្រាប់​គេឯង​ពី​ផែនការ​កសាង​នាវា​ដឹក​យន្តហោះ​ចម្បាំង​ទី​២ ព្រមទាំង​បញ្ចេញ​ផែនការ​ទំនើបកម្ម​យោធា​ជំហាន​ថ្មី​ដែល​នឹងត្រូវ​សម្រេច​ជោគជ័យ​ឆ្នាំ ២០២០ ថែម​ទៀតផង​។

​ជារួម ចិន​កាន់តែ​មានអំណាច​យោធា​ខ្លាំង ហើយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​បច្ចុប្បន្ន​ក៏​កំពុង​ប្រឹងប្រែង​ធ្វើ​ឲ្យ​កងទ័ព​ចិន​ខ្លាំង​ស្មើ​ទ័ព​បណ្តា​មហាអំណាច​ជំនាន់​មុន​ថែមទៀត​៕

អាថ៌កំបាំង​នៃ​ការរៀប​ការ​ លោក ប៉ែន សុវណ្ណ ជាមួយ​ភរិយា​ជនជាតិ​វៀតណាម​កម្ពុជា​ត្រូវ​ដាក់ទុន​ជិត​១​ពាន់​លាន​ដុល្លារ​ទៀត ទើប​មាន​អគ្គិសនី​គ្រប់​ភូមិ​ចា​រលើ​ជញ្ជាំង​គុក​«​រស់​ដើម្បី​ជាតិ ដើម្បី​ប្រជាជន​ខ្ញុំ​»​ធ្វើ​ឲ្យ​លោក​ ប៉ែន សុវណ្ណ មាន​ទឹកចិត្ត​រស់​បន្ត​