ក្រុមដំឡើងវប្បធម៌ សន្ទនា CPP-CNRP នឹងជួបគ្នាជាផ្លូវការ នៅចុងខែកុម្ភៈ

ភ្នំពេញ ៖ ក្រុមដំឡើងវប្បធម៌សន្ទនា រវាងគណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្រ្គោះជាតិ(CNRP) នឹងកំណត់ពេលជួប គ្នានៅចុងខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខ ដើម្បីពិភាក្សាទៅលើក្រុម តំណាងរាស្រ្ត សំឡេងភាគតិច និងភាគច្រើនរបស់រដ្ឋសភា ព្រមទាំងការបង្កើតច្បាប់នានា។

ការកំណត់ពេលជួបគ្នានេះ ក្រោយពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្រ្គោះជាតិ បានសម្រេចបង្កើត ក្រុមការងារចំនួន២រួចមក គឺក្រុមដំឡើងវប្បធម៌សន្ទនា និងក្រុមការងារចំពោះកិច្ចពិភាក្សាលើការបង្កើតច្បាប់។

លោក យ៉ែម បុញ្ញឫទ្ធិ បានមានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦ ថា នេះជាការជួបគ្នាជាផ្លូវការ បន្ទាប់ពីក្រុមដំឡើងវប្បធម៌សន្ទនា រវាងបក្សទាំងពីរបានជួបគ្នា ជាលើកទី១ ប៉ុន្តែមិនផ្លូវការ ក្រោយពីការព្រមព្រៀងគ្នា កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៥កន្លងមក ក្នុងគ្រា បក្សទាំងពីរ កំពុងមានភាពប្រទាក់ប្រទិសជាមួយគ្នាខ្លាំងលើផ្នែកនយោបាយ។

លោកបន្តថា “យើងមិនទាន់បានកំណត់ថ្ងៃជាក់លាក់ទេ ប៉ុន្តែគ្រាន់តែមានគម្រោងថា នឹងជួបគ្នា ដើម្បីបន្តពិភាក្សា បន្ថែមទៅលើការងាររបស់យើង។ ក្នុងនោះពាក់ព័ន្ធនឹងនីតិវិធីនៃការប្រព្រឹត្តទៅនៃសំឡេងភាគតិចនិងភាគច្រើន និងនីតិវិធីនៃការពិនិត្យសេចក្តីព្រាង ច្បាប់អីជាដើម”។

អ្នកនាំពាក្យ CNRP រូបនេះបន្ថែមថា ក្រុមការងារបានបង្កើតឡើងដោយម្ខាង៥រូប ដែល CPP មាន លោកព្រុំ សុខា ជាប្រធាន ចំណែក CNRP មានលោក ប៉ុល ហំមជាប្រធាន។

លោក យ៉ែម បុញ្ញឫទ្ធិ បានសង្កត់ធ្ងន់ថា ករណីលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯង ទៅក្រៅប្រទេសនោះ ក៏អាចជា ប្រធានបទសំខាន់ក្នុងការពិភាក្សាគ្នាផងដែរ។

មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានព្យាយាមទាក់ទងទៅលោក ព្រុំ សុខា ប៉ុន្តែទូរស័ព្ទមិនអាចទាក់ទងបាន៕

ក្រុមដំឡើងវប្បធម៌ សន្ទនា CPP-CNRP នឹងជួបគ្នាជាផ្លូវការ នៅចុងខែកុម្ភៈ