ពលរដ្ឋ​ស្រុក​មេមត់​ប្រតិកម្ម​នឹង​អាជ្ញាធរ​យក​ដី​រួម​ទៅ​ធ្វើ​ទីស្នាក់ការ​គណបក្ស​ប្រជាជន

ប្រជាពលរដ្ឋ​នៅ​ឃុំ​គគីរ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ សម្ដែង​ការ​ហួស​ចិត្ត ខណៈ​អាជ្ញាធរ​មូលដ្ឋាន​សម្រេច​យក​ដី​សម្បត្តិ​រួម​ជាប់​រោង​បុណ្យ​នៅ​ក្នុង​ភូមិ ទៅ​ធ្វើ​ជា​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា។

ពលរដ្ឋ​ថា ករណី​នេះ គឺ​ជា​រឿង​មិន​ត្រឹមត្រូវ ត្បិត​អី​ដី​នោះ​ជា​ទ្រព្យ​សម្បត្តិ​សម្រាប់​បម្រើ​ផល​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ បែរ​ជា​យក​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​បក្ស​ទៅ​វិញ។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ទួលថ្ម ឃុំ​គគីរ ចង់​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន មុន​ពេល​សម្រេច​ចិត្ត​យក​ដី​រួម​ធ្វើ​ជា​ទីស្នាក់ការ​គណបក្ស​នោះ គឺ​ត្រូវ​ពិភាក្សា​ជាមួយ​អ្នក​ភូមិ​ឲ្យ​បាន​ត្រឹមត្រូវ ព្រោះ​វា​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​រួម មិន​មែន​ធ្វើ​ឡើង​ដោយ​លួច​លាក់​នោះ​ទេ។

ពលរដ្ឋ​ចង់​ឲ្យ​រក្សា​ទុក​ដី​ក្បែរ​រោង​បុណ្យ​នៅ​ក្នុង​ភូមិ​ដូច​ដើម​វិញ សម្រាប់​ជា​ប្រយោជន៍​ប្រជាពលរដ្ឋ​ទូទៅ​នៅ​ក្នុង​ភូមិ គឺ​ល្អ​ជាង​យក​ទៅ​បម្រើ​ផល​ប្រយោជន៍​របស់​គណបក្ស​នយោបាយ។

ពលរដ្ឋ​នៅ​ឃុំ​គគីរ សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ និយាយ​ថា លោក​មិន​ប្រឆាំង​ទៅ​នឹង​ការ​សាងសង់​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ក្នុង​ភូមិ​នោះ​ទេ ប៉ុន្តែ​កុំ​ឲ្យ​មក​យក​ដី​សម្បត្តិ​រួម​ដែល​នៅ​បរិវេណ​សាលា​បុណ្យ​នៅ​ក្នុង​ភូមិ ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​របស់​បក្ស។ លោក​ថា ករណី​នេះ ប្រជាពលរដ្ឋ​ភាគ​ច្រើន​មិន​ពេញ​ចិត្ត ប៉ុន្តែ​ពួក​គាត់​មិន​ហ៊ាន​និយាយ ដោយ​ខ្លាច​អំណាច​អាជ្ញាធរ​មូលដ្ឋាន​គាប​សង្កត់៖ «ដី​ហ្នឹង​ពី​មុន​ជា​ដី​ប្រជាពលរដ្ឋ ដែល​ម្ចាស់​គេ​ឲ្យ​ដី​ហ្នឹង​ធ្វើ​សាលា​បុណ្យ។ ដល់​ឥឡូវ ដី​ហ្នឹង​ត្រូវ​បាន​ខាង​គណបក្ស​ប្រជាជន យក​ទៅ​ធ្វើ​មន្ទីរ​បក្ស»

ដី​បរិវេណ​សាលា​បុណ្យ​នៅ​ភូមិ​ទួលថ្ម ឃុំ​គគីរ គឺ​មាន​ទំហំ​បណ្តោយ ២៥​ម៉ែត្រ និង​ទទឹង ៥០​ម៉ែត្រ។ ចំណែក​ផ្ទៃ​ដី​កាត់​យក​ធ្វើ​មន្ទីរ​គណបក្ស​ប្រជាជន​កម្ពុជា មាន​ទំហំ​ទទឹង​ជាង ១០​ម៉ែត្រ និង​បណ្តោយ​ជាង ២០​ម៉ែត្រ។ បច្ចុប្បន្ន អាជ្ញាធរ​ឃុំ កំពុង​សាងសង់​អគារ​ស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​បាន​ចាក់​គ្រឹះ ព្រម​ទាំង​បណ្ដុះ​សសរ​ជា​បណ្ដើរៗ​ហើយ។

ស្រដៀង​គ្នា​នេះ ចាស់​ព្រឹទ្ធាចារ្យ​នៅ​ក្នុង​ភូមិ​មួយ​រូប​ទៀត​ឲ្យ​ដឹង​ដែរ​ថា លោក​មិន​ពេញ​ចិត្ត​ឡើយ​ចំពោះ​ការ​សាងសង់​ស្នាក់ការ​គណបក្ស​នៅ​លើ​ដី​សមូហភាព។ ម្យ៉ាង​លោក​ថា ការ​សម្រេច​របស់​អាជ្ញាធរ​មូលដ្ឋាន ធ្វើ​ឡើង​មិន​បាន​ទូលំទូលាយ​ទេ៖ «ដូចជា​មន្ទីរពេទ្យ សាលា​រៀន​អី គឺ​អត់​ជំទាស់​ទេ ព្រោះ​អា​ហ្នឹង​ជា​សម្បត្តិ​រួម​របស់​ប្រជាពលរដ្ឋ​យើង​នៅ​ក្នុង​ភូមិ»

ឆ្លើយ​តប​បញ្ហា​នេះ មេ​ឃុំ​គគីរ លោក គ្រុយ ឡេង និយាយ​ថា លោក​កំពុង​ធ្វើ​ការងារ​សង្គម ហើយ​ការ​យក​ដី​បរិវេណ​សាលា​បុណ្យ​ធ្វើ​ស្នាក់ការ​គណបក្ស ក៏​មិន​ខុស​អ្វី​នោះ​ដែរ៖ «បើ​លោក​ចង់​ដឹង​ពិត លោក​អញ្ជើញ​មក​ដល់ បើ​ធ្វើ​ស្នាក់ការ​បក្ស តើ​វា​ខុស​ទាស់​អី»

ចំណែក​សមាជិក​ក្រុមប្រឹក្សា​ស្រុក​មេមត់ មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​តាម​ដាន​រឿង​នេះ លោក គង់ សំអាន មាន​ប្រសាសន៍​ថា បញ្ហា​យក​ដី​សម្បត្តិ​រួម​ទៅ​ធ្វើ​មន្ទីរ​គណបក្ស​បែប​នេះ គឺ​ជា​រឿង​ខុស​ច្បាប់​តែ​ម្តង ហើយ​លោក​ក៏​បាន​លើក​ពី​បញ្ហា​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នាក់​ស្រុក ដើម្បី​ស្វែងរក​ដំណោះស្រាយ ប៉ុន្តែ​មិន​ទាន់​មាន​លទ្ធផល​ឡើយ៖ «ដី​ហ្នឹង​ជា​ដី​រួម​ពី​ដើម​មក ជា​ដី​របស់​សាលា​បុណ្យ មិន​អាច​ទៅ​ធ្វើ​ម៉េច ផ្ដិត​មេដៃ​ម៉េច​អី​ណា»

ជាមួយ​គ្នា​នេះ នាយក​ប្រតិបត្តិ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា លោក សន ជ័យ យល់​ថា ស្នាក់ការ​គណបក្ស​នីមួយៗ​ដែល​ចង់​សាងសង់​ឡើង គឺ​ត្រូវ​ប្រើប្រាស់​ធនធាន ឬ​ទ្រព្យ​សម្បត្តិ​ផ្ទាល់​របស់​បក្ស មិន​មែន​ទៅ​យក​ដី​រួម​របស់​ប្រជាពលរដ្ឋ​ទេ។ លោក​ថា ការ​យក​ដី​រួម​មក​ធ្វើ​មន្ទីរ​គណបក្ស​នោះ គឺ​ជា​រឿង​ខុស​ច្បាប់ ប៉ុន្តែ​បើ​យក​ដី​នោះ​ទៅ​បម្រើ​ប្រយោជន៍​សាធារណៈ គឺ​អាច​ទៅ​រួច ប្រសិន​បើ​ប្រជាពលរដ្ឋ​យល់ព្រម។ លោក​សង្កេត​ឃើញ​ថា កន្លង​មក​ដោយសារ​គណបក្ស​កាន់​អំណាច​មួយ​នេះ ដឹក​នាំ​ប្រទេស​យូរ ទើប​នាំ​ឲ្យ​ពួក​គេ​អាច​ភ្ជាប់​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ​មួយ​ចំនួន មក​ធ្វើ​ជា​កម្មសិទ្ធិ​បក្ស​របស់​ខ្លួន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។