អ្នកភូមិ​បឹង​កក់​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​ប៉ុនប៉ង​បណ្តេញ​ធនាគារ​ពិភពលោក​ចេញ​ពី​ប្រទេស

ក្នុង​ការ​ងាក​ចេញ​ពី​វិធី​មុនៗ​នៃ​ការ​សុំ​ជំនួយ​ពី​ធនាគារ​ពិភពលោក អ្នក​ភូមិ​សព្វថ្ងៃ​និង​អ្នក​ភូមិ​ពី​មុន​នៅ​តំបន់​បឹង​កក់​ក្រុង​ភ្នំពេញ បាន​ចោល​ពង​មាន់​ឆៅ​ទៅ​លើ​ការិយាល័យ​ប្រចាំ​ប្រទេស​របស់​ធនាគារ​នេះ​កាលពី​ម្សិលមិញ ដើម្បី​ទាមទារ​ឲ្យ​អង្គការ​នេះ​ដក​ចេញ​ពី​ប្រទេស​កម្ពុជា។

ក្រុម​អ្នក​តវ៉ា​ចោទ​ធនាគារ​នេះ​ថា​ឈរ​មើល នៅ​ពេល​ដែល​រដ្ឋាភិបាល​បាន​យក​ប្រាក់​របស់​ធនាគារ​សម្រាប់​គម្រោង​ផ្តល់​កម្មសិទ្ធិ​ដី​ធ្លី ហើយ​បង្ខំ​ប្រជាពលរដ្ឋ​ប្រហែល​៣.០០០​គ្រួសារ​ឲ្យ​ចេញ​ពី​ផ្ទះ​សំបែង​របស់​ពួកគេ​នៅ​បឹង​កក់ ដើម្បី​បើក​ផ្លូវ​សម្រាប់​គម្រោង​អចលនទ្រព្យ​ថ្លៃៗ​របស់​សមាជិក​ព្រឹទ្ធ​សភា​គណបក្ស​ប្រជាជន​កម្ពុជា។ គ្រួសារ​ទាំង​នោះ​បាន​នឹង​កំពុង​អង្វរ​ឲ្យ​ធនាគារ​នេះ​ជួយ​រហូត​មក។ កាលពី​ថ្ងៃ​ច័ន្ទ ជា​លើក​ដំបូង​ហើយ ដែល​ពួកគេ​បាន​អំពាវនាវ​ឲ្យ​ ស្ថាប័ន​ឲ្យ​ខ្ចី​ប្រាក់​អន្តរជាតិ​នេះ​ចាក​ចេញ​ពី​ប្រទេស​កម្ពុជា។

ស៊ី ណារ៉េត ជន​រងគ្រោះ​ពី​ការ​បណ្តេញ​ចេញ​ពី​ដី​ធ្លី​ម្នាក់ បាន​និយាយ​នៅ​ពេល​បាតុកម្ម​ថា “យើង​មិន​ត្រូវ​ការ​ធនាគារ​ពិភពលោក​ទេ ពីព្រោះ​វា​រំលោភ​សិទ្ធិ​មនុស្ស និង​ដី​ធ្លី​របស់​ប្រជាជន​ខ្មែរ។ ប្រសិនបើ​ធនាគារ​ពិភពលោក​នៅ​បន្ត​ទៀត គ្រួសារ​ច្រើន​ទៀត​នឹង​រង​ទុក្ខ​វេទនា”។

“យើង​ចោល​ពង​មាន់​បណ្តេញ​ធនាគារ​ពិភពលោក ពីព្រោះ​ប្រាក់​របស់​ធនាគារ​នេះ​បង្ក​ឲ្យ​គ្រួសារ​ជាច្រើន​រង​ទុក្ខ​វេទនា​ដោយសារ​គម្រោង​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល។ យើង​នឹង​មក​វិញ​រាល់​អាទិត្យ​ដើម្បី​តវ៉ា និង​គប់​ពង​មាន់​រហូតដល់​ពួកគេ​ចេញពី​ប្រទេស​កម្ពុជា”។

ក្រុម​អ្នក​តវ៉ា ដែល​បាន​មក​ដល់​នៅ​ម៉ោង​ប្រហែល​៨​និង​៣០​នាទី បាន​ចាកចេញ​ទៅ​វិញ បន្ទាប់ពី​លោក ប៊ូ សារឿន អ្នកនាំពាក្យ​ធនាគារ​នេះ​បាន​ចេញ​មក​ក្រៅ​ទទួល​ញត្តិ​ពី​ពួកគេ​នៅ​ម៉ោង​១០​ព្រឹក។ លោក សារឿន មិន​បាន​ឆ្លើយ​តប​នឹង​សំណើ​សុំ​ការ​អត្ថាធិប្បាយ​ទេ។

ធនាគារ​នេះ​បាន​ផ្អាក​ការ​ផ្តល់​កម្ចី​ថ្មី​ទាំង​អស់​ដល់​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ​២០១១ ជា​ការ​តវ៉ា​ទាក់ទិន​នឹង​ការ​បណ្តេញ​អ្នក​បឹង​កក់​ចេញ ប៉ុន្តែ​កំពុង​រៀបចំ​ចាប់​ផ្តើម​ការ​ផ្តល់​កម្ចី​ជាថ្មី ប្រហែល​ក្នុង​ពេល​ប៉ុន្មាន​ខែ​ទៀត​នេះ។

លោក គួច ចំរើន អភិបាល​ខណ្ឌ​ដូនពេញ បាន​មាន​ប្រសាសន៍​ថា ការ​តវ៉ា​នេះ​ខុស​ច្បាប់ ពីព្រោះ​អ្នក​ចូលរួម​មិន​បាន​សុំ​ការ​អនុញ្ញាត​ដើម្បី​តវ៉ា​ទេ ហើយ​ដោយសារ​វា​មាន​ការ​ចោល​ពង​មាន់​ទៀត​ផង។

លោក ចំរើន បាន​និយាយ​ថា “ខ្ញុំ​បាន​ផ្តិត​រូបថត​មួយ​ចំនួន​ដែល​បង្ហាញ​ថា ពួកគេ​បាន​ចោល​ពង​មាន់​ទៅ​លើ​ខ្លោង​ទ្វារ​ធនាគារ ហើយ​ខ្ញុំ​បាន​រាយការណ៍​រឿង​នេះ​ទៅ​សមត្ថកិច្ច​ក្រុង​ភ្នំពេញ សុំ​ការ​ណែនាំ ប្រសិនបើ​ពួកគេ​ធ្វើ​ម្តង​ទៀត”។

លោក​បាន​បន្ថែម​ថា “ប្រសិនបើ​សកម្មភាព​ណាមួយ​ខុស​ច្បាប់ ហើយ​បង្ក​បញ្ហា​ដល់​មន្ត្រី​ធនាគារ យើង​នឹង​ចាត់​វិធានការ”៕ និត

 

The post អ្នកភូមិ​បឹង​កក់​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​ប៉ុនប៉ង​បណ្តេញ​ធនាគារ​ពិភពលោក​ចេញ​ពី​ប្រទេស appeared first on ខេមបូឌា ដេលី.