ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​ស៊េរី​ឆ្នាំ​២០១៣ មួយ​គ្រឿង​ពី​ក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​សម្រេច​និង​គេចខ្លួន​ដោយ​សុវត្ថិភាពលុះ​ថ្ងៃ ​បន្ទាប់​បាន​ជិះ​ម៉ូតូ​ដែល​លួច​បាន​នោះ​ទៅ​ធ្វើ​សកម្មភាព​លួច​ប្ដូរ​យក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​២០១៥  នៅ​ក្នុង​នាយកដ្ឋាន​អន្តោប្រវេសន៍​វិញ​។

ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ដែល​ជា​មន្ត្រី​ប៉ូលិស​នៅ​ទីនោះ​តាម​ទាន់​ក៏​បាន​ចាប់ខ្លួន និង​ស្វា​គម​ន៏​ដោយ​កណ្ដាប់ដៃ​ខ្លះ​ៗ​រួច​ទើប​ប្រគល់​ទៅ​ឲ្យ​ប៉ូ​លី​ស​ប៉ុស្ដិ៍​កា​កាប សាកសួរ​និង​កសាង​សំណុំរឿង ចាត់ការ​តាម​ផ្លូវច្បាប់​។ ហេតុ​ការ​ណ៏​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣៥​នាទី​ព្រឹក ថ្ងៃ​ទី​០២ខែមករា ឆ្នាំ​២០១៦​នៅ​ក្នុង​នាយកដ្ឋាន​អន្តោប្រវេសន៍​ស្ថិត​នៅ​តាម​បណ្ដោយ​មហាវិថី​សហព័ន្ធ​រុ​ស្សី ភូមិ​ក្បាលដំរី សង្កាត់​កាប​ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ជនសង្ស័យ​ម្នាក់​នោះ ឈ្មោះ ហេង វ៉ា​ន់  អាយុ​៣២​ឆ្នាំ​មានស្រុក​កំណើត​នៅ​ភូមិ​ត្នោត ឃុំ​ត្នោត ស្រុក​មេ​សាង ខេត្តព្រៃវែង ។ បាន​ធ្វើ​សកម្មភាព​ជិះ​ម៉ូតូ​ដែល​លួច​បាន​ពី​ក្នុង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ 1BX-7971​មិន​ទាន់​ស្គាល់​ម្ចាស់​នៅឡើយ​ទេ​។ ចំណែក​ម៉ូតូ​ដែល​ជនសង្ស័យ​នោះ​ចូល​ទៅ​លួច​ក្នុង​នាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៏​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 1CT-9054 ជា​កម្មសិទ្ធិ​របស់​ឈ្មោះ ជិន វ៉េ​ង​លាង ភេទ​ប្រុស​ជា​មន្ត្រី នគរបាល​អន្តោប្រវេសន៍​មាន​ទីលំនៅ​ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១ ខែមករា ជនសង្ស័យ​ខាងលើ​បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​កាច់​សោក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣​ពណ៌​ខ្មៅ ពី ក្នុង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​សម្រេច​ហើយ​បាន​ជិះ​គេចខ្លួន​បាត់​ដោយ​សុវត្ថិភាព​។​លុះដល់​ថ្ងៃ​កើតហេតុ​ខាងលើ​ជន​នេះ​បាន​ជិះ​ម៉ូតូ​ដែល​លួច​បាន​ចូល​ទៅ​ក្នុង​នាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៏​ហើយ​ធ្វើ​សកម្មភាព កាច់​សោក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ១​គ្រឿង​បាន​សម្រេច​ទៀត​ហើយ​ប្រុង​ជិះ​ចេញ​ដោយ​ទុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៣ នៅ​ទីនោះ​ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ចេញ​មក​ទាន់​ចាប់​បាន​ភ្លាម​ៗ​តែ​ម្តង​បន្ទាប់​មក​បាន​ស្វា​គម​ន៏​ដោយ​កណ្ដាប់ដៃ​រួច​ទើប​ប្រគល់​ឲ្យ​ប៉ូលិស​ប៉ុស្តិ៍​កា​កាប​ចាត់ការ​ទៅ​តាម​ច្បាប់​៕​​