ក្រសួងការបរទេស ជួយសង្គ្រោះពលរដ្ឋខ្មែរ ៥នាក់ ពីការជួញដូរមនុស្ស និងធ្វើការខុសច្បាប់ នៅប្រទេស២ផ្សេងគ្នា

ភ្នំពេញ៖ ក្រសួងការបរទេស និងសហប្រតិបត្តិ ការអន្តរជាតិកម្ពុជា បានជួយសង្គ្រោះ ជនរងគ្រោះ ជាប្រជាពលរដ្ឋខ្មែរចំនួន ៥នាក់ ពីការជួញដូរមនុស្ស និងធ្វើការងារខុសច្បាប់ នៅប្រទេសថៃ និងប្រទេសចិន។

យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងការបរទេស នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្នុងករណីទី១. ក្រសួងការបរទេស តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំនៅទីក្រុងហាណូយ និងស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ សហការជាមួយ អាជ្ញាធរវៀតណាម បានអន្តរាគមន៍ ជួយសង្គ្រោះស្ត្រីខ្មែរ ៣នាក់ ពីការជួញដូរមនុស្សខុសច្បាប់ នាំទៅរៀបការនៅប្រទេសចិន ដោយឆ្លងកាត់តាម ប្រទេសវៀតណាម ឲ្យត្រឡប់មកកម្ពុជាវិញ។

ជនរងគ្រោះទាំង ៣នាក់ រួមមាន ទី១. ឈ្មោះ សន សាវឿន អាយុ ២៤ឆ្នាំ រស់នៅភូមិសំរោង ឃុំត្រឡាច ស្រុកទ្រាំង ខេត្តតាកែវ, ទី២. ឈ្មោះ រស់ រ៉ានី អាយុ ២៨ឆ្នាំ រស់នៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្តាល និងទី៣. ឈ្មោះ គាំ កុល អាយុ ២៣ឆ្នាំ រស់នៅភូមិបាត់ឡាស្នាប់ ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ។

នារីរងគ្រោះទាំង ៣នាក់នេះ ត្រូវបានមេខ្យល់នាំទៅ ដល់ព្រំដែនវៀតណាម-ចិន (ភាគ ខាងជើងប្រទេសវៀតណាម) ដើម្បីយកទៅរៀបការ ជាមួយបុរសជនជាតិចិន។

ស្ថានឯកអគ្គរាជទូតកម្ពុជា បានផ្ដល់ការស្នាក់នៅ ការហូបចុក ប្រាក់ឧបត្ថម្ភ និងថ្លៃសំបុត្ររថភ្លើង ពីទីក្រុងហាណូយមក ទីក្រុងហូជីមិញ ដល់ស្រ្តីខ្មែរទាំង ៣នាក់ ។

ចំណែក ឯស្ថានអគ្គកុងស៊ុល កម្ពុជាប្រចាំទីក្រុងហូជីមិញ ក៏បានបន្តរ៉ាប់រងផ្ដល់ នូវកន្លែងស្នាក់នៅ ម្ហូបអាហារ ប្រាក់ឧបត្ថម្ភ និងថ្លៃសំបុត្ររថយន្តក្រុង ពីទីក្រុងហូជីមិញ មកទីក្រុង ភ្នំពេញ ដល់ស្រ្តីខ្មែរទាំង០៣នាក់នេះផងដែរ។ មន្រ្តីស្ថានអគ្គកុងស៊ុល នឹងជូនដំណើរស្រ្តីរងគ្រោះទាំង ៣នាក់នេះ ត្រឡប់មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែន អន្តរជាតិបាវិត-ម៉ុកបាយ ដោយរថយន្តក្រុង នៅថ្ងៃទី ០២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។

សេចក្តីជូនដំណឹង បានបន្តថា ករណីទី២. ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តសាកែវ ប្រទេសថៃ បានចុះអន្តរាគមន៍ជួយកម្មករ ខ្មែរខុសច្បាប់ចំនួន ២នាក់ ដែលធ្វើការនៅរោងចក្រ ផលិតស្ករនៅស្រុកវឌ្ឍនាណាខន នៃប្រទេសថៃ ដែលត្រូវអាជ្ញាធរថៃឃាត់ខ្លួន ពីបទពុំមានឯកសារស្របច្បាប់ ទៅធ្វើការនៅប្រទេសថៃ។

កម្មករខ្មែរទាំង ២នាក់ ទី១. ឈ្មោះ ឃី ខា ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅស្រុកពួក ខេត្តសៀមរាប និងទី២. ឈ្មោះ ធួន ណា ភេទស្រី អាយុ ៣៣ឆ្នាំ រស់នៅស្រុកពួក ខេត្តសៀមរាប។ ស្ថានអគ្គកុងស៊ុលកម្ពុជា បានជួយសម្រួលជាមួយ សមាគមកសិកម្មព្រំដែន ដើម្បីចុះឈ្មោះកម្មករទាំង ២នាក់នេះ ជាកម្មកររោងចក្រស្ករដោយស្របច្បាប់ និងឲ្យវិលត្រលប់ទៅធ្វើការ នៅរោងចក្រស្ករដូចដើម ដោយពុំចាំបាច់បញ្ជូនមកកម្ពុជា៕