ក្រសួងអប់រំណែនាំ សាលារដ្ឋរឹតបន្តឹង ការធ្វើបញ្ជី វត្ដមានសិស្ស នៅថ្ងៃបុណ្យ ចូលឆ្នាំចិន-វៀតណាម

ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំទៅគ្រប់គ្រឹះស្ថាន អប់រំក្រោមឱវាទ របស់រដ្ឋទាំងអស់ ឱ្យរឹតបន្តឹងការធ្វើ បញ្ជីវត្តមាន សិស្សឱ្យបានត្រឹមត្រូវក្នុង ឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្ដទៅក្នុង រយៈពេល៣ថ្ងៃខាងមុខនេះ។

យោងតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) បានឲ្យដឹង បានដក់ស្រងសម្តី របស់លោក រស់ សាលីន អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា ការបង្កើនការគ្រប់គ្រងបញ្ជីវត្តមាននេះ ដើម្បីកុំឱ្យសិស្សានុសិស្សឈប់ច្រើន ដែលនាំឱ្យប៉ះពាល់ដល់គុណភាពលើវិស័យអប់រំ។

លោកបានបន្តថា ក្នុងករណីសិស្សានុសិស្សឈប់ទាំងបីថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម នឹងធ្វើឱ្យសិស្សរៀនអត់ទាន់ ហើយលោកគ្រូ អ្នកគ្រូពុំអាចរម្លឹកមេរៀនឡើងវិញបានឡើយ។ លើសពីនេះទៀត បន្ទាប់ពីត្រលប់មកចូលរៀនវិញ សិស្សដែលបានឈប់នោះ នឹងមានបញ្ហាបែកអារម្មណ៍ អស់កម្លាំងក្នុងការរៀនសូត្រ ដែលអាចនាំឱ្យសិស្សរៀនចុះខ្សោយជាងសិស្ស ដែលបានមករៀនទៀងទាត់។

លោក រស់ សាលីន បានបញ្ជាក់ថា ក្រសួងគ្មានផែនការដាក់ទោសទណ្ឌដល់សិស្សដែលបានឈប់នោះទេ ប៉ុន្តែគ្រប់សាលាទាំងអស់នឹងអនុវត្តន៍ តាមបទបញ្ជាផ្ទៃក្នុង រៀងៗខ្លួន ដូច្នេះអាណាព្យាបាលគួរតែផ្តល់ឱកាស ឱ្យកូនទៅរៀនឱ្យបានទៀងទាត់ ចៀសវាងឱ្យកូនឈប់សម្រាកធ្វើដំណើរកម្សាន្ដជាដើម។

ក្រសួងត្រូវតែរឹតបន្តឹងឱ្យខាងតែបានដោយសារតែពិធីបុណ្យនេះ វាពុំមែនជាប្រពៃណីជាតិខ្មែរ ហើយពុំមែនជាថ្ងៃឈប់សម្រាក ដែលទទួលស្គាល់ដោយរដ្ឋនោះដែរ៕