មន្ត្រី​និង​សកម្មជន​គណបក្ស​ប្រឆាំង​ខេត្ត​រតនគិរី​តវ៉ា​ឲ្យ​ដក​ប្រធាន​ក្រុម​ការងារ

ក្រុម​ប្រតិភូ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២ ខែ​កុម្ភៈ បាន​ព្យាយាម​សម្របសម្រួល​បញ្ចប់​ជម្លោះ​ផ្ទៃក្នុង​រវាង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ថ្នាក់ដឹកនាំ​នៅ​ខេត្ត​រតនគិរី ប៉ុន្តែ​មិន​បាន​ជោគជ័យ​ឡើយ។ សកម្មជន​អ្នក​តវ៉ា​នៅ​តែ​ទទូច​ឲ្យ​មេដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​នេះ​ប្ដូរ​តួ​នាទី​ប្រធាន និង​អនុ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ខេត្ត​ដោយ​ចោទ​ប្រកាន់​ថា មន្ត្រី​មូលដ្ឋាន​ទាំង​ពីរ​រើសអើង និង​បក្សពួកនិយម។

សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ជា​មន្ត្រី​មាន​តួនាទី​ដឹកនាំ​នៅ​ស្រុក និង​ឃុំ​មួយ​ចំនួន​ក្នុង​ខេត្ត​រតនគិរី មាន​គ្នា​ជាង ១០​នាក់ បាន​នាំ​យក​ញត្តិ​មាន​ស្នាម​មេដៃ​អ្នក​គាំទ្រ​ប្រមាណ ១​ពាន់​នាក់​ទាមទារ​ឲ្យ​ប្ដូរ​តួនាទី​ប្រធាន និង​អនុ​ប្រធាន​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ថ្នាក់​ខេត្ត។

អ្នក​តវ៉ា​នាំគ្នា​មក​ការិយាល័យ​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ខេត្ត​រតនគិរី បន្ទាប់​ពី​ពួកគេ​មិន​ព្រម​ទទួល​យក​ការ​សម្របសម្រួល​របស់​ប្រតិភូ​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ដឹកនាំ​ដោយ​លោក អេង ឆៃអ៊ាង ដែល​បាន​បើក​កិច្ចប្រជុំ​ពង្រឹង​ស្មារតី​សកម្មជន​នៅ​មូលដ្ឋាន​ប្រមាណ ២០០​នាក់​នៅ​សណ្ឋាគារ​សុលឆេង ក្នុង​ក្រុង​បានលុង នៅ​ថ្ងៃ​ទី​​២ ខែ​កុម្ភៈ។

ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ស្រុក​កូនមុំ នៃ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​រតនគិរី លោក ឈិត ផាត ថ្លែង​បញ្ជាក់​ថា សមាជិក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ មួយ​ចំនួន​ធំ​មិន​ពេញចិត្ត​ចំពោះ​ការ​ដឹកនាំ​របស់​​ប្រធាន អនុ​ប្រធាន​ក្រុម​ការងារ​គណបក្ស​នៅ​ខេត្ត​ដែល​អសមត្ថភាព​រើសអើង និង​ប្រកាន់​បក្សពួក។

លោក​បន្ត​ថា សកម្មជន​ភាគច្រើន​មិន​គាំទ្រ​ការ​សម្របសម្រួល និង​ការ​តែងតាំង​ប្រធាន និង​អនុ​ប្រធាន​ក្រុម​ការងារ​ថ្នាក់​ខេត្ត គឺ​លោកស្រី យឹម លៀង និង​លោក ខាត់ សុជាតិ តាម​ការ​សម្របសម្រួល​ពី​ក្រុម​ប្រតិភូ​អ្នក​តំណាងរាស្ត្រ​នោះ​ឡើយ៖ «មូលហេតុ​គាត់​ធ្វើការ​កន្លង​មក​នេះ អស់​លោក​ទាំង ៩​ស្រុក​ក៏​មិន​ពេញចិត្ត​ដូច​រូប​ខ្ញុំ​ដែរ។ គាត់​ធ្វើការ​កន្លង​ទៅ​នេះ​មិន​តម្លាភាព​ក្នុង​ជួរ​គណបក្ស​សង្គ្រោះ​ជាតិ»

​ដូច​គ្នា​នេះ​ដែរ ប្រធាន​គណៈកម្មការ​ប្រតិបត្តិ​ស្រុក​អណ្ដូងមាស គណបក្ស​សង្គ្រោះ​ជាតិ អ្នកស្រី ទួន សុខាន់ បញ្ជាក់​ដែរ​ថា ប្រសិន​គ្មាន​ការ​ផ្លាស់ប្ដូរ​ថ្នាក់ដឹកនាំ​ក្រុម​ការងារ​ទាំង​ពីរ​នាក់​នេះ​ទេ សមាជិក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ និង​ធ្វើ​ការ​តវ៉ា​ជា​ថ្មី​ទៀត​ទៅ​ប្រធាន អនុ​ប្រធាន​គណបក្ស​ថ្នាក់​ជាតិ​ជួយ​អន្តរាគមន៍​តាម​ការ​ស្នើ​សុំ​របស់​អ្នក​តវ៉ា៖ «ឲ្យ​មាន​ការ​ផ្លាស់ប្ដូរ​ឲ្យ​រហ័ស បើ​មិន​អ៊ីចឹង​ទេ​បរាជ័យ​ហើយ ខេត្ត​រតនគិរី នៅ​តែ​រកាំរកូស អត់​ស្រួល​ទេ។ ល្អ​តែ​មើល​ទេ ធ្វើ​ព្រឹក​មិញ​នេះ»

​ទាក់ទិន​ការ​ចោទ​ប្រកាន់​នេះ អ្នកស្រី យឹម លៀង មាន​ប្រសាសន៍​បញ្ជាក់​តាម​រយៈ​ជំនួយ​ការ​អ្នកស្រី​ថា បើ​ទោះបី​មាន​ស្នាម​មេដៃ​ច្រើន​ទាមទារ​ដក​អ្នកស្រី​យ៉ាង​ណា​ក្តី រឿង​នេះ​អាស្រ័យ​លើ​គណៈកម្មការ​ថ្នាក់​ជាតិ​ធ្វើការ​សម្រេច៖ «ការ​ស្នើ​សុំ​ដក​លោកស្រី​ពី​តួនាទី​ជា​សិទ្ធិ​របស់​អ្នក​តវ៉ា ក៏​ប៉ុន្តែ​បញ្ហា​នេះ​ឋិត​លើ​ការ​​វាយ​តម្លៃ​របស់​គណៈកម្មការ​ថ្នាក់​ជាតិ​ដែល​បាន​សម្រេច​តែងតាំង​លោកស្រី​តែប៉ុណ្ណោះ»

​អនុ​ប្រធាន​គណៈកម្មការ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ប្រតិភូ​ដឹកនាំ​កិច្ច​សម្របសម្រួល​ជួបពិភាក្សា​ជាមួយ​សកម្មជន​នៅ​មូលដ្ឋាន លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​បញ្ជាក់​​ថា នេះ​ជា​បញ្ហា​ផ្ទៃក្នុង​របស់​គណបក្ស​ដែល​ត្រូវ​បន្ត​ដោះស្រាយ​ជម្លោះ​នេះ​បន្ថែម​ទៀត ខណៈ​សកម្មជន​ខ្លះ​មិន​បាន​យល់​ពី​គោលនយោបាយ​ចាត់​តាំង​របស់​គណបក្ស​នៅ​មូលដ្ឋាន។

លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ និង​បន្ត​ពង្រឹង​សាមគ្គីភាព​ផ្ទៃក្នុង​ដើម្បី​ដឹកនាំ​នៅ​មូលដ្ឋាន​ដណ្ដើម​ជោគជ័យ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ឆ្នាំ​២០១៧ និង​បោះឆ្នោត​ជ្រើសរើស​តំណាង​​រាស្ត្រ​ឆ្នាំ​២០១៨ ខាង​មុខ​នេះ៖ «អ្នក​ខ្លះ​គាត់​អត់​ទាន់​យល់​ពី​បញ្ញត្តិ​នៃ​គណបក្ស ពី​លក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង​គណបក្ស។ អ៊ីចឹង​ខ្ញុំ​មក​ពន្យល់​ពួកគាត់​ដើម្បី​គាត់​យល់​ទៅ​គាត់​សហការ​បាន​ល្អ»

យ៉ាង​​ណា​ក៏ដោយ មន្ត្រី​សម្របសម្រួល​សមាគម​អាដហុក ខេត្ត​រតនគិរី លោក ឆាយ ធី កត់សំគាល់​ថា នេះ​ជា​ជម្លោះ​ផ្ទៃក្នុង​របស់​គណបក្ស​នយោបាយ​មួយ ហេតុនេះ​សមាគម​អាដហុក ប្រឹក្សា​យោបល់​ឲ្យ​អ្នក​តវ៉ា​ស្វែង​រក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​នេះ​តាមរយៈ​ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​គណបក្ស​បន្ត​​ទៀត៖ «តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ច្រើន​រូប​មក​ធ្វើការ​ដោះស្រាយ​ផ្សះផ្សា ប៉ុន្តែ​​​ពួកគាត់​មិន​អាច​ទទួល​យក​បាន គាត់​មក​សមាគម​អាដហុក ឲ្យ​ជួយ​អន្តរាគមន៍។ អ៊ីចឹង​យើង​គិត​ថា ជា​រឿង​ផ្ទៃក្នុង​របស់​គណបក្ស​គាត់ យើង​អាច​ប្រឹក្សា​យោបល់»

​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​រតនគិរី គ្រោង​តវ៉ា​ប្រឆាំង​ការ​តែងតាំង​សមាសភាព​គណៈកម្មការ​ប្រតិបត្តិ និង​សមាសភាព​ក្រុម​ការងារ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​រតនគិរី ខណៈ​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​លោក យឹម សុវណ្ណ គ្រោង​ប្រកាស​សមាសភាព​គណៈកម្មការ​ប្រតិបត្តិ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មករា។ នៅ​ថ្ងៃ​ទី​២០ និង ២១ ខែ​ដដែល ក្រុម​អ្នក​តវ៉ា​បាន​នាំ​គ្នា​ទៅ​តវ៉ា​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ និង​នៅ​ការិយាល័យ​អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​រដ្ឋសភា​ផង​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។