លោក​ Ted Cruz​ ឈ្នះ​ការ​ជួប​ប្រជុំ​គណបក្ស​ឬ​Caucus​ខាង​សាធារណរដ្ឋ​នៅ ​Iowa

លោក​ Ted Cruz​ ឈ្នះ​ការ​ជួប​ប្រជុំ​គណបក្ស​ឬ​Caucus​ខាង​សាធារណរដ្ឋ​នៅ ​Iowa

បេក្ខជន​ប្រធានាធិបតីនៃ​គណបក្ស​សាធារណរដ្ឋ លោក Ted Cruz ជាមួយ​ភរិយា​របស់​លោក​អ្នកស្រី Heidi Cruz ថ្លែង​ក្រោយ​ពេល​បាន​ឈ្នះ​ការ​ជួប​ប្រជុំ​គណបក្ស​នៅ​រដ្ឋ Iowa កាលពីថ្ងៃទី១ ខែ​កុម្ភៈ​ ឆ្នាំ២០១៦។

សមាជិក​ព្រឹទ្ធសភា​ លោក​ Ted Cruz ​បាន​ផ្តួល​មហាសេដ្ឋី​ Donald Trump​ នៅ​ក្នុង​ការ​ជួប​ជុំ​គណបក្ស​សាធារណៈ​នៅក្នុង​រដ្ឋ​ Iowa​ កាល​ពី​យប់​ថ្ងៃ​ចន្ទ​ ខណៈ​ដែល​អតីត​រដ្ឋមន្ត្រី​ការបរទេស​ លោកស្រី ​Hillary Clinton និងសមាជិក​ព្រឹទ្ធសភា​មក​ពី​រដ្ឋ ​Vermont ​លោក ​Bernie Sanders​ បាន​បញ្ចប់​ការ​ប្រកួត​ក្នុង​គណបក្ស​ប្រជាធិបតេយ្យ​យ៉ាង​ប្រកៀក​ប្រកិត​បំផុត។

លោក​ Ted Cruz​ ដែល​ជា​សមាជិក​ព្រឹទ្ធ​សភា​អភិរក្ស​និយម​ មក​ពី​រដ្ឋ​តិចសាស់​ បាន​បញ្ចប់​ការ​ប្រកួត​ដោយ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​២៨​ភាគរយ។ ពិន្ទុ​នេះ​ច្រើន​ជាង​លោក​ Donald Trump ​ដែល​ជា​បេក្ខជន​នាំមុខ​ខាង​គណបក្ស​សាធារណរដ្ឋ​ចំនួន​៣ពិន្ទុ​កន្លះ។

សមាជិក​ព្រឹទ្ធសភា ​មក​ពី​រដ្ឋ​ Florida ​លោក ​Marco Rubio ​បាន​បញ្ចប់​ការ​ប្រកួត​ដោយ​ទទួល​បាន​សំឡេង​២៣​ភាគរយ ដែល​ធ្វើ​ឲ្យ​រូប​លោក​ក្លាយ​ជា​បេក្ខជន​នាំ​មុខ​គេ​ម្នាក់ដែរ នៅ​ខាង​គណបក្ស​សាធារណរដ្ឋ។

ចំណែក​ខាង​ប្រជាធិបតេយ្យ​វិញ ការ​ប្រកួត​ប្រជែង​មាន​លក្ខណៈ​ប្រកៀក​ប្រកិត​គ្នា​មែនទែន ​រវាង​ លោកស្រី ​Hillary Clinton​ និង​លោក ​Bernie Sanders។ ក្រោយ​ពី​រាប់​សំឡេង​ឆ្នោត​បាន​៩៤​ភាគរយ លោក​ស្រី គ្លីនតុន បាន​នាំ​មុខ​ លោក ​Sanders​ តែ​បន្តិច​ប៉ុណ្ណោះ។

លទ្ធផល​នេះ​បាន​បង្ហាញ​ពី​មនោ​សញ្ចេតនា​របស់​អ្នក​បោះឆ្នោត​យ៉ាង​ប្រាកដ​ប្រជា​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ការ​ធ្វើយុទ្ធនាការ​ដ៏​ខ្លាំងក្លា​របស់​បេក្ខជន​ទាំង​នេះ ​ដើម្បី​រក​សំឡេង​គាំទ្រ​អស់​១​ឆ្នាំ​មក​នេះ៕