ប្រធានរដ្ឋសភា មិនបញ្ជូនលិខិតបក្ស ប្រឆាំង ទៅនាយករដ្ឋមន្រ្តី ក្នុងករណីវៀតណាម បោះមូលដ្ឋាន យោធានៅរតនគិរី

ភ្នំពេញ៖ លោក អ៊ុំ សំអាន តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ ដែលកំពុងរស់នៅក្រៅប្រទេស នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានលើកឡើងថា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បដិសេធមិនបញ្ជូនលិខិតរបស់លោក ទៅសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីស្នើឲ្យវៀតណាមដកទីតាំងមូលដ្ឋានយោធាលើដីសម្បទានសេដ្ឋកិច្ចនៅខេត្តរតនគិរី។

លោក អ៊ុំ សំអាន បានលើកឡើងនៅក្នុងបណ្តាញទំនាក់សង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា “សម្តេច ហេង សំរិន បដិសេធមិនបញ្ជូនលិខិត របស់ខ្ញុំទៅសម្តេច ហ៊ុន សែន ស្នើឲ្យដកហូតដីសម្បទានសេដ្ឋកិច្ចពីទាហានវៀតណាម ដែលបានកាន់កាប់ និងបោះទីតាំងមូលដ្ឋាន យោធាលើដីសម្បទានសេដ្ឋកិច្ចនៅខេត្តរតនគិរី”។

លោកបន្តថា ការបដិសេធរបស់សម្តេច ហេង សំរិន នេះ គឺជាការរំលោភមាត្រា ៩៦ និងមាត្រា១៥០ថ្មី នៃរដ្ឋធម្មនុញ្ញ ព្រមទាំងរំលោភប្រការ៣២ នៃបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ លោក អ៊ុំ សំអាន បានផ្ញើលិខិតមួយច្បាប់ទៅសម្តេចតេជោ ហ៊ុន សែន តាមរយៈសម្តេច ហេង សំរិន ដោយស្នើឲ្យដកហូតដីសម្បទានសេដ្ឋកិច្ចពីកងទ័ពប្រជាជនកម្ពុជា ដែលកាន់កាប់និងបោះទីតាំងមូលដ្ឋាន យោធាលើដីសម្បទាន សេដ្ឋកិច្ចនៅខេត្តរតនគិរី៕

ប្រធានរដ្ឋសភា មិនបញ្ជូនលិខិតបក្ស ប្រឆាំង ទៅនាយករដ្ឋមន្រ្តី ក្នុងករណីវៀតណាម បោះមូលដ្ឋាន យោធានៅរតនគិរី