បាត់​ស្រមោល​ដី​ព្រៃ​បម្រុង​ទុក​របស់​រដ្ឋ​៥០០​ហិ​កតា​នៅ​ខេត្តរតនគិរី​ ក្រោម​ស្នាដៃ​កាប់​ទន្ទ្រាន​ក្លាយជា​កម្មសិទ្ធិឯកជន​

​សេចក្តីរាយការណ៍​ពី​ខេត្តរតនគិរី​ បាន​ឲ្យ​ដឹង​ថា​ ដី​ព្រៃ​បម្រុង​ទុក​របស់​រដ្ឋ​ប្រមាណ​៥០០​ហិ​កតា​ ឋិត​នៅ​ភូមិ​កុក​ព្នង​ និង​ភូមិ​តា​កុក​ច្រា​យ​ ឃុំ​បរខាំ​ ស្រុក​អូ​រយ៉ា​ដាវ​ ខេត្តរតនគិរី​ បាន​បាត់​ស្រមោល​ពី​ក្នុង​ផែនទី​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ហើយ​ ក្រោម​ស្នាដៃ​នៃ​ការ​កាប់​ទន្ទ្រាន​ និង​ឈូស​ឆាយ​ដោយ​គ្រឿងចក្រ​តាម​រូបភាព​សមគំនិត​គ្នា​ជា​ប្រព័ន្ធ​ រវាង​អ្នកមាន​អំណាច​ និង​អ្នកមាន​លុយ​ ក្លាយជា​កម្មសិទ្ធិឯកជន​ជា​ហូរហែ​ ។​

​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​មូលដ្ឋាន​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​ បាន​ឲ្យ​ដឹង​ថា​ នា​រយៈពេល​កន្លង​មក​ សកម្មភាព​កាប់​ទន្ទ្រាន​ និង​ឈូស​ឆាយ​ដោយ​ប្រើប្រាស់​គ្រឿងចក្រ​ តាម​រូបភាព​សមគំនិត​គ្នា​ជា​ប្រព័ន្ធ​រវាង​អ្នកមាន​លុយ​ និង​អ្នកមាន​អំណាច​ នៅ​លើ​ដី​ព្រៃ​បម្រុង​ទុក​របស់​រដ្ឋ​នោះ​ មាន​យ៉ាង​គគ្រឹកគគ្រេង​ រហូត​កែប្រែ​ដី​ព្រៃ​ក្លាយជា​ទីវាល​រហោស្ថាន​ ។​ បន្ទាប់​មក​ អ្នកមាន​លុយកាក់​ ដោយ​មាន​ប្រថាប់ត្រា​ពី​មេ​ភូមិ​ និង​មេឃុំ​ផង​ ប្រើ​វិធីសាស្ត្រ​បំពេញ​ឯកសារ​ទិញ​-​លក់​ពី​ប្រជាពលរដ្ឋ​ រួច​ហើយ​ក៏​បាន​ដីធ្លី​ដែល​ប្រភព​ដើម​ជា​ដី​ព្រៃ​បម្រុង​ទុក​របស់​រដ្ឋ​ ធ្វើ​ជា​កម្មសិទ្ធិឯកជន​ផ្ទាល់ខ្លួន​តែ​ម្តង​ ។​

​មិន​ទាន់​ទទួល​បានការ​បញ្ជាក់​ណាមួយ​ពី​សំណាក់​អាជ្ញាធរ​ខេត្តរតនគិរី​ ទាក់ទង​នឹង​ការ​បាត់បង់​ដី​ព្រៃ​បម្រុង​ទុក​របស់​រដ្ឋ​ប្រមាណ​៥០០​ហិ​កតា​ នៅ​ឃុំ​បរខាំ​ ស្រុក​អូ​រយ៉ា​ដាវ​ ខេត្តរតនគិរី​នោះ​នៅឡើយ​ គិត​ត្រឹម​ថ្ងៃ​ទី​០២​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​នេះ​ ៕​

បាត់​ស្រមោល​ដី​ព្រៃ​បម្រុង​ទុក​របស់​រដ្ឋ​៥០០​ហិ​កតា​នៅ​ខេត្តរតនគិរី​ ក្រោម​ស្នាដៃ​កាប់​ទន្ទ្រាន​ក្លាយជា​កម្មសិទ្ធិឯកជន​ បាត់​ស្រមោល​ដី​ព្រៃ​បម្រុង​ទុក​របស់​រដ្ឋ​៥០០​ហិ​កតា​នៅ​ខេត្តរតនគិរី​ ក្រោម​ស្នាដៃ​កាប់​ទន្ទ្រាន​ក្លាយជា​កម្មសិទ្ធិឯកជន​

Related