ផ្ទុះ​រឿង​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន​ EBC​ ឋិត​ក្បែរ​ក្លៀក​នាយក​រដ្ឋមន្ត្រី​

​មិនមែន​ជា​រឿង​ថ្មី​ទេ​សម្រាប់​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​ប្រមុខ​ ពាក់ព័ន្ធ​ទៅ​នឹង​ដំណើរការ​របស់​ក្រុមហ៊ុន​ EBC​ (Empire​ Big​ Capital)​ ក្នុង​ការ​អនុវត្ត​គម្រោង​វិនិយោគ​ដាក់​ប្រាក់​សន្សំ​តាម​រយៈ​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​អាស៊ី​អាគ្នេយ៍​ (Asean​ Instrument​ Foundation-AIF)​ និង​សមាគម​អ្នក​ប្រឹក្សា​វិនិយោគ​ (Invesment​ Consultant​ Association-ICA)​ នៅ​កម្ពុជា​ ដោយ​សន្យា​របៀប​ឃោសនា​យ៉ាង​គគ្រឹកគគ្រេង​ថា​ នឹង​ផ្តល់​ដល់​អ្នក​ដាក់​ប្រាក់​វិនិយោគ​នូវ​ផលប្រយោជន៍​ជា​កម្រៃ​ហិរញ្ញវត្ថុ​ប្រចាំខែ​ខ្ពស់​រហូត​ដល់​១០​ភាគរយ​ ពីព្រោះ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ និង​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​(​គ​.​ម​.​ក​)​ ធ្លាប់​បាន​ប្រកាស​ជូនដំណឹង​ឲ្យ​ដឹង​រួច​ហើយ​ កាលពី​ថ្ងៃ​ទី​០៨​ ខែឧសភា​ ឆ្នាំ​២០១៥​កន្លង​ទៅ​ ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ខូចខាត​ផលប្រយោជន៍​ ដោយសារ​ការ​ឃោសនា​របស់​អង្គការ​ AIF​ និង​សមាគម​ ICA​ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ អាជ្ញាធរ​មិន​បាន​ចាត់ការ​ក្តៅ​គគុក​ទៅ​លើ​បណ្តាញ​បម្រើសេវា​ដាក់​ប្រាក់​សន្សំ​បោកប្រាស់​នោះ​ទេ​ ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​នាក់​ចាញ់បោក​ក្រុមហ៊ុន​ EBC​ នៅ​ក្បែរ​ក្លៀក​នាយក​រដ្ឋមន្ត្រី​ ខាតបង់​ទឹកប្រាក់​អស់​រាប់​ម៉ឺន​ សែន​ដុល្លារ​អា​មេ​រិ​ក​ ។​

​បុរស​ឈ្មោះ​ ហួត​ សុវណ្ណ​ ជា​ប្រធាន​អង្គការ​ AIF​ ធ្លាប់​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា​ មាន​អតិថិជន​ច្រើន​ជាង​៣.០០០​នាក់​ បាន​ដាក់​ប្រាក់​សន្សំ​ក្នុង​គម្រោង​វិនិយោគ​របស់​អង្គការ​ AIF​ ជា​បក្សសម្ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​ EBC​ មាន​ចំនួន​ជាង​១,៥​លាន​ដុល្លារ​អា​មេ​រិ​ករួច​ហើយ​ គិត​ត្រឹម​ពាក់កណ្តាល​ឆ្នាំ​២០១៥​កន្លង​ទៅ​ ។​

​កាលពី​ថ្ងៃ​ទី​០១​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ម្សិលមិញ​ ក្រុម​ប្រជាពលរដ្ឋ​ដែល​អះអាង​ថា​បាន​ចាញ់បោក​ក្រុមហ៊ុន​ EBC​ ប្រមាណ​៥០០​នាក់​ បាន​ប្រមូលផ្តុំ​គ្នា​តវ៉ា​ទៅ​អាជ្ញាធរ​ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ឲ្យ​ជួយ​អន្តរាគមន៍​ស្វែងរក​បុរស​ឈ្មោះ​ ហួត​ សុវណ្ណ​ ជា​ប្រធាន​អង្គការ​ AIF​ និង​បុរស​ឈ្មោះ​ ជី​ ហ្គោ​សាលី​ ជា​ប្រធាន​សមាគម​ ICA​ ឲ្យ​ចេញ​មុខ​មក​ទទួលខុសត្រូវ​សង​ប្រាក់​ដល់​ពួក​គាត់​វិញ​ និង​យក​បុគ្គល​ទាំង​២​នាក់​នេះ​ទៅ​ផ្តន្ទាទោស​តាម​ច្បាប់​ជា​ធរមាន​ ខណៈ​ក្រុម​អ្នក​តវ៉ា​បាន​បញ្ជាក់​ថា​ បុគ្គល​ឈ្មោះ​ ហួត​ សុវណ្ណ​ និង​ ជី​ ហ្គោ​សាលី​ បោកប្រាស់​លុយកាក់​របស់​ពួក​គាត់​យក​ទៅ​ទិញ​វិឡា​ និង​ខុន​ដូ​ជា​កម្មសិទ្ធិ​ផ្ទាល់ខ្លួន​យ៉ាង​ហ៊ឺហា​ ។​

​ទោះ​យ៉ាងណា​ក៏​ដោយ​ រហូត​មក​ទល់​នឹង​ពេល​នេះ​ មិន​ទាន់​ឃើញ​មាន​ចំណាត់ការ​ដ៏​ជាក់លាក់​ និង​មាន​ប្រសិទ្ធភាព​ណាមួយ​ពី​សំណាក់​អាជ្ញាធរ​ ទៅ​លើ​បុគ្គល​ឈ្មោះ​ ហួត​ សុវណ្ណ​ និង​ឈ្មោះ​ ជី​ ហ្គោ​សាលី​ ព្រមទាំង​ក្រុមហ៊ុន​ EBC​ ប្រចាំ​នៅ​កម្ពុជា​(​មា​នទី​តាំងនៅ​ក្រុង​ហុងកុង​ ប្រទេស​ចិន​)​នោះ​នៅឡើយ​ទេ​ ៕​

ផ្ទុះ​រឿង​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន​ EBC​ ឋិត​ក្បែរ​ក្លៀក​នាយក​រដ្ឋមន្ត្រី​ផ្ទុះ​រឿង​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន​ EBC​ ឋិត​ក្បែរ​ក្លៀក​នាយក​រដ្ឋមន្ត្រី​ផ្ទុះ​រឿង​ការ​តវ៉ា​របស់​ប្រជាពលរដ្ឋ​ចាញ់បោក​ក្រុមហ៊ុន​ EBC​ ឋិត​ក្បែរ​ក្លៀក​នាយក​រដ្ឋមន្ត្រី​

Related