ព័ត៌មាន​ជាតិ &raquo សន្ដិសុខ​សង្គម

រាជធានីភ្នំពេញ៖លំនៅស្ថានមួយកន្លែងដែល ស្ថិតនៅផ្ទះលេខ៦២អឺសូន្យ ផ្លូវ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោគ រាជធានីភ្នំពេញ លំនៅស្ថាននេះត្រូវបានគេស្គាល់ថាជា ក្រុមហ៊ុនខាហ្សា ថប ខមភើរេសិន ដែលកម្មសិទ្ធិរបស់លោកឧកញ៉ា យិន សុវណ្ណនី ត្រូវបានចោរចូលគាស់យកប្រាក់ជិត៣ម៉ឺនដុល្លារ រួមទាំងឯកសារសំខាន់ៗជាច្រើនទៀតបានដោយសុវត្ថិភាព  កាលពីវេលារំលងអាធ្រាត្រឈានចូលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ ។

លោកឧកញ៉ា យិន សុវណ្ណនី បានបញ្ជាក់ថាមុនពេលកើតហេតុប្រហែលពីរបីម៉ោងមុនប៉ុណ្ណោះ ដែលរូបគាត់ និងមិត្តភក្តិពីរបីនាក់ផ្សេងទៀតបានផឹកស៊ីនៅកន្លែងកើតហេតុ បន្ទាប់មកម៉ោងប្រមាណប្រហែល១២យប់ មិត្តភក្តិបានចែកផ្លូវទៅទីកន្លែងផ្សេងរៀងៗខ្លួន ហើយរូបលោកក៏ធ្វើដំណើរទៅជួបមិត្តភក្តិផ្សេងទៀតដើម្បីបន្តការសប្បាយបន្ថែម ។

លុះដល់ម៉ោង៣ទាបភ្លឺទើបលោកត្រឡប់មកផ្ទះវិញ ពេលឃើញទ្វារបន្ទប់គេងជាប់សោ ក៏ទៅសម្រាកនៅបន្ទប់មួយទៀត ហើយម៉ោង៨ព្រឹកក៏ក្រោកទៅធ្វើការបាត់ទៅ ។ ពេលចេញពីធ្វើការក៏ទៅមើលម្តាយឈឺទៀត លុះដល់ម៉ោង២រសៀលក៏ត្រឡប់មកផ្ទះវិញក៏ឃើញវ៉ាលីជ្រុះរាត់រាយនៅចំហៀងផ្ទះ លោកក៏បានចូលមើលក្នុងផ្ទះឃើញអីវ៉ាន់ ព្រមទាំងឯកសារផ្សេងៗពាសវាលពាសកាល ហើយក៏បានប្តឹងសម្ថកិច្ច កងរាជអាវុធហត្ថមកត្រួតពិនិត្យនិងកសាងសំនុំរឿងតែម្ដងទៅ ។

លោកឧកញ៉ាបញ្ជាក់ផងដែរថាកន្លងទៅលំនៅស្ថាននេះត្រូវបានធ្លាប់ចោរចូលលួចពីរបីដងហើយ ៕