​ច្បាស់​ហើយៈ ការ​ប្រកួត​លីក​កំពូលឆ្នាំ​២០១៦ មាន​តែ​១០​ក្រុម​ទេ

ការ​ប្រកួត​ក្រប​ខ័ណ្ឌ​មិត្ត​ហ្វូន​ខេមបូឌាន​លីក ឆ្នាំ​២០១៦ ដែល​នឹង​ចាប់​ដំណើរ​ការ​ប្រកួត ក្នុង​ពាក់​កណ្តាល​ខែ​កុម្ភៈ​នេះ គឺ​មាន​តែ​​១០​ក្រុម​ប៉ុណ្ណោះ គឺ​​តិច​ជាង​ការ​ប្រកួត​កាល​ពី​ឆ្នាំ​២០១៥​ចំនួន​២​​ក្រុម ខណៈ​ក្រុម​បៀល​ប្រាយ​យូណាយ​ធីត និង​ក្រុម​គិរីវង់សុខសែន​ជ័យ បាន​សុំ​ដក​ខ្លួន​ចេញ​ពី​ការ​ប្រកួត ដោយ​សារ​តែ​ខ្វះ​ថវិកា​ទ្រ​ទ្រង់​ដល់​ក្លិប​នោះ។

mpl-playerបើ​តាម​ប្រភព​ច្បាស់​ការ​ពី​មន្ត្រី​របស់​សហព័ន្ធ​កីឡា​បាល់​​ទាត់​កម្ពុជា បាន​ប្រាប់​ថា​ ការ​ប្រកួត​​ក្រប​ខ័ណ្ឌ​មិត្ត​ហ្វូន​ខេម​បូឌាន​លីក ប្រចាំ​ឆ្នាំ​២០១៦ មាន​តែ​១០​ក្រុម​ប៉ុណ្ណោះ ព្រោះ​ការ​ផ្គូ​ផ្គង និង​កម្ម​វិធី​នៃការ​ប្រកួត បាន​ធ្វើ​រួច​រាល់​អស់​ហើយ គឺ​រង់​ចាំ​តែការ​ចុះ​ហត្ថលេខា​ទទួល​ស្គាល់​ពី​ប្រធាន​សហព័ន្ធប៉ុណ្ណោះ ដើម្បី​ចែក​ជូន​ដល់​ភាគី​ពាក់​ព័ន្ធ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ។

យោង​តាម​ប្រភព​ច្បាស់​ការ​នេះ អាច​បញ្ជាក់​បាន​ថា ក្រុម​ទាំង​១០ ដែល​នឹង​ត្រូវ​ចូល​រួម​ការ​ប្រកួត​នេះមាន បឹង​កេតអង្គរ ភ្នំពេញ​ក្រោន ណាហ្គាវើល ស្វាយ​រៀងព្រះខ័នរាជ អគ្គស្នង​ការដ្ឋាន​នគរ​បាល​ជាតិ ខេម​បូឌាន​ថាយហ្គឺ មជ្ឈមណ្ឌល​កំចាត់​មីន​កម្ពុជា វេស្ទើន​អេហ្វស៊ី ក្រសួង​ការពារ​ជាតិ និង​ក្រុម​អាស៊ីអឺរ៉ុប ខណៈ​រូប​មន្ត​នៃ​ការ​ប្រកួត​គឺ​ប្រកួត​វិល​ជុំ​ចំនួន​២​ជើង រួច​បូក​សរុប​លទ្ធ​ផល​កំណត់​យក​ក្រុម​​ម្ចាស់​ជើង​ឯក ក្រុម​លេខ២ និង​ក្រុម​លេខ​៣ តែ​ម្តង ដោយ​គ្មាន​ការ​ប្រកួត​វគ្គ​ខ្វែង និង​វគ្គ​ផ្តាច់​ព្រ័ត្រ​ដូច​កាល​ពី​ឆ្នាំ​២០១៥​ទៀត​នោះ​ឡើយ៕