ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

រាជធានី​ភ្នំពេញ ៖ សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​បញ្ជា​ក់ថាៈ នៅ​វេលា​ម៉ោង​៧:០០​នាទី មុខ​ផ្សារ​ជម្ពូ​វន្ត តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ភូមិ​ជម្ពូ​វន្ត សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ​សែន​ជ​យ័ រាជធានី​ភ្នំពេញ ។ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង រថយន្ត​កុង​តឺ​នើ​ម៉ាក Hino ពណ៌​ស​ពាក់​ស្លាក​លេខ 3C-0188 និង​ម៉ូតូ​ម៉ាក Viva​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ 1A-1368 បើកបរ​ក្នុង​ទិស​ដៅ​ស្របគ្នា ពី​លិចទៅ​កើត ។

សាក្សី​បានឃើញ​ហេតុការណ៍​នោះ​បញ្ជាក់​បន្ថែម​ទៀត​ថា​នៅ​ពេល​ដែល​ឡាន និង​ម៉ូតូ​កើតហេតុ​ខាងលើ​ធ្វើ​ដំណើរ​មក​ដល់​មុខ​ផ្សារ​ជម្ពូ​វន្ត​ស្រាប់តែ​រថយន្ត​កុង​តឺ​នើ​ខាងលើ​ប៉ះ​ជាមួយ​ដៃចង្កូត​ម៉ូតូ បណ្តាល​ឲ្យ​ម៉ូតូ​ដួល​បោក​ទៅ​ក្រោម​រថយន្ត​រង​របួស​បែក​ប្លោក​នោម ហើយ​បាន​ឡានពេទ្យ​ដឹក​ជញ្ជូន​ទៅ​មន្ទីរពេទ្យ តែ​ត្រូវ​បាត់បង់​អាយុជីវិត​តែ​ម្ដង ។

ចំណែកឯ​រថយន្ត និង​ម៉ូតូ ត្រូវ​បាន​ប៉ូ​លី​ស​ចរាចរណ៍​ក្រុង​យក​ទៅ​រក្សា​ទុក​រង់ចាំ​ភាគី​ទាំង​សង្ខាង​មក​ដោះស្រាយ​តាម​ផ្លូវច្បាប់ ៕