ឃាតកម្ម​សម្លាប់​ជនរងគ្រោះ ពេល​រកឃើញ​នៅសល់តែ​គ្រោងឆ្អឹង នៅ​ស្រុក​កណ្តាលស្ទឹង នគរបាល​ចាប់បាន​ជនដៃដល់​បាន​ម្នាក់​ហើយ​ក្នុងចំណោម​បក្ខពួក​ពីរ​នាក់

​ខេត្តកណ្ដាល​៖ ត្រឹម​រយ​:​ពេល​២​ថ្ងៃ​តែប៉ុណ្ណោះ ក្រោយពេល​ប្រទះឃើញ សាកសព​រលួយ សល់​តែ​គ្រោងឆ្អឹង ដែល​ត្រូវបាន​ឃាតក យក​សព​ប្លុង​ចោល នៅក្នុង​ព្រៃ ស្ថិតនៅ​ចំណុច​ព្រៃ​ឫស្សី នៅ​ភូមិ​តា​ឡឹ​ក ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង កាលពី​ថ្ងៃ ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងទៅ ឥឡូវនេះ​ឃាតក​ម្នាក់ ក្នុងចំណោម​២​នាក់ ដែល​បានធ្វើ​សកម្មភាព ត្រូវបាន​ចាប់ខ្លួនបាន​ហើយ នៅ​ល្ងាច​ថ្ងៃទី​០១ ខែកុម្ភ​: ឆ្នាំ​២០១៦​។ ជនសង្ស័យ​ដែល​ត្រូវបាន​ចាប់ខ្លួន​នោះ មានឈ្មោះ​ប៉ាត់ តុល អាយុ ២៤ ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្បែង ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី​ខេត្តតាកែវ (​ជា​មុខរបរ​ជា​កម្មករសំណង់​ធ្វើ​ចេ​តី​យ ក្នុង​វត្ត​ពោធិសាត់ ក្នុងភូមិ តា​ឡឹ​ក ឃុំ​ត្រពាំងវែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល​)​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ជនរងគ្រោះ​សេង ប៊ុនលី អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​កុក​ទឹល ឃុំ​ត្បែង ស្រុក​ណ្តា​ល​ស្ទឹង ខេត្តកណ្តាល​មុខរបរ​កសិករ​។ បាន​ចេញពីផ្ទះ​ដោយ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក C125 ពណ៌​ខ្មៅ​សេរី​ឆ្នាំ 2015 ពាក់​ផ្លាកលេខ​ភ្នំពេញ​1CY-4497 ទៅ​ដើរលេង​បុណ្យអុំទូក បន្ទាប់មក​ជនរងគ្រោះ​បាន បាត់​ដំណឹង​រហូត ជាមួយនិង​ម៉ូតូ​។ លុះដល់​វេលា​ម៉ោង ១១ និង​៣០​នាទី ព្រឹក​ថ្ងៃទី​៣១ ខែមករា ឆ្នាំ​២០១៦​ប្រជាពលរដ្ឋ​ដើរ រក​អុស​បាន ប្រទះឃើញ សាកសព​ស្អុយ រលួយ​នៅក្នុង​ព្រៃ​ឫស្សី ចម្ងាយ​ប្រហែល​១៥០​ម៉ែត្រ ពី​ផ្លូវលំ​ទៅ​កន្លែង​សព​។​

​ក្រោយពី​ទទួលបាន​ព័ត៌មាន​កម្លាំង​ជំនាញ​បើក​ការស៊ើបអង្កេត​រហូត​ឈានដល់​កំណត់​មុខសញ្ញា​នឹង​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់​គឺ​ឈ្មោះ ប៉ាត់ តុល អាយុ​២ ឆ្នាំ មាន​ទីលំនៅ ភូមិ​ត្បែង ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី​ខេត្តតាកែវ មុខរបរ​ជា​កម្មករ​សំណង់ (​ត្រូវជា​មិត្ត​ភ័​ក្រ​ជនរងគ្រោះ ធ្លាប់​ដើរលេង និង​ជក់​ថ្នាំញៀន​ជាមួយគ្នា​)​។​

#​ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ថា​៖ នៅ​ល្ងាច​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​ឈ្មោះ សេង ប៊ុនលី បាន​ជិះ​ម៉ូតូ​ម៉ាក​ខាងលើ​តែម្នាក់ឯង​ទៅរក​ខ្លួន នៅ​កន្លែង​ធ្វើ​សំណង់​ចេ​តី​យ ក្នុង​វត្ត​ពោធិសាត់ ក្នុងភូមិ តា​ឡឹ​ក ឃុំ​ត្រពាំងវែង ស្រុក​កណ្ដាលស្ទឹង ខេត្តកណ្ដាល ដើម្បី​នាំគ្នា​ទៅ​ដើរលេង​បុណ្យ​អ៊ុំ​ទូក នៅ​ភ្នំពេញ​តែ​ពេលនោះ​មិនទាន់​ទៅ​ភ្លាម​ទេ គឺ​ឈ្មោះ​សេង ប៊ុនលី បាន​ជូន​ខ្លួន​មក​ផ្ទះ​ដើម្បី​ផ្លាស់​ខោអាវ រួច​នាំគ្នា​ទៅ​ផឹកស្រា​នៅផ្ទះ​ម្ចាស់​អ័​រកា​ដង់ ដែល​នៅ​ខាងកើត​ផ្ទះ​សេង ប៊ុនលី​។ ពេល​ផឹក​បាន​ជួប​ឈ្មោះ យឺន ចន្ទី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​អ្នកចម្រៀង មាន​ទីលំនៅ ភូមិ​ត្បែង ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្តតាកែវ​។

​ជនសង្ស័យ​បាន​សារភាព​ប្រាប់​សមត្ថកិច្ច​ទៀតថា ក្រោយពី​ផឹកស្រា​រួច​ពួកខ្លួន​ទាំង​៣​នាក់​បាន​ជិះ ម៉ូតូ​របស់ ឈ្មោះ​សេង ប៊ុនលី ទៅ​ភ្នំពេញ​ជក់​ថ្នាំញៀន​ម្ដុំ​ពេទ្យ​លោកសង្ឃ រួច​បន្ត​ដើរលេង​រហូតទល់​ភ្លឺ ម៉ោង​ជិត​៤ និង​០០​នាទី​ទើប​ត្រឡប់មកផ្ទះ​វិញ ។ ដោយ​ជិះ​តាមផ្លូវ​ជាតិ​លេខ​៣ គឺ ឈ្មោះ សេង ប៊ុនលី ជា​អ្នក​ឌុប រហូតមកដល់​ជិត​ផ្លូវ រទេះភ្លើង ភូមិ​តា​ឡឹ​ក ឈ្មោះ យឺន ចន្ទី បាន​ប្រាប់ថា​៖ ឈឺពោះ​ចង់​បត់ជើងធំ ក៏​ឲ្យ ឈ្មោះ សេង ប៊ុនលី ជិះ​ផ្លូវ​កាត់​អែប​ផ្លូវ​រថភ្លើង ចូល​ពី​ផ្លូវជាតិ​លេខ​៣ ប្រហែល​២.០០០​ម៉ែត្រ ក៏​នាំគ្នា​ឈប់​ម្ដុំ​ព្រៃ​ឫស្សី ។​

#​ពេលនោះ​ខ្លួន (​ប៉ាត់ តុល​) បាន​ចុះ​ធ្វើ​សកម្មភាព​ចាប់​ក្រៀក​ដៃ​ទៅក្រោយ​ចំណែក​ឈ្មោះ យឺន ចន្ទី បាន​យក​ខ្សែ​ទៅ​ទា​ក់ក ឈ្មោះ សេង ប៊ុនលី រួច​រុញ​ផ្កាប់មុខ អង្គុយ​សង្កត់ពីលើ​រហូត​ដាច់ខ្យល់​ស្លាប់ រួច​បាននាំគ្នា​សែង​ចូល​ព្រៃ​ឫស្សី ដោយ​ខ្លួន​ជា​អ្នក​សែង​ជើង​ចំណែក ឈ្មោះ យឺន ចន្ទី សែង​ដៃ រួច​បាន​ជិះ ម៉ូតូ​ឡើងទៅ​វត្ត​ពោធិសាត់ ដោយ​ទុក​ខ្លួន​ចោល​នៅក្នុង​វត្ត រួច​ជិះ​ម៉ូតូ​យកទៅលក់​នៅ​ភ្នំពេញ​តែម្នាក់ឯង រហូតដល់​ម៉ោង ជិត ៩ និង​០០​នាទី​ទើប​ត្រឡប់​មករក​ខ្លួន វិញ​ដោយ​ជិះ​ម៉ូតូឌុប និង​បាននាំគ្នា​ទៅ​ផឹកស៊ី​នៅ​ម្ដុំ​វត្ត​ស្លែង គឺ​មិនបាន​ឲ្យ​លុយ ឬ​ប្រាប់ថា លក់​ម៉ូតូ​បាន​ប៉ុន្មាន​ទេ​គ្រាន់តែ​នាំ​ដើរលេង នឹង​ផឹកស៊ី​តែប៉ុណ្ណោះ​។

នៅពេលនេះ ជនសង្ស័យ​បាន​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល និង​កំពុង​បន្ត​ចាត់ការ​តាម​នីតិវិធី បញ្ជូន​ទៅកាន់​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល នៅ​រសៀល​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ ហើយ​នគរបាល កំពុង​បន្ត​តាម​ចាប់ខ្លួន​ជនដៃដល​ម្នាក់ទៀត​ឈ្មោះ យឺន ចន្ទី ៕

KA-02-02-2016-23 KA-02-02-2016-32 KA-02-02-2016-24 KA-02-02-2016-25 KA-02-02-2016-26 KA-02-02-2016-27 KA-02-02-2016-28ជនរងគ្រោះ

KA-02-02-2016-29 KA-02-02-2016-30