ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តព្រៃវែង ៖ ស្រប​ទៅ​តាម​ប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់ របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​លើក​ឡើង​នៅ​គ្រប់​ទីកន្លែង​ដែល​សម្តេច​បាន​ទៅ​ដល់​ថា​((​យើង​មិន​អោយ​ប្រជាជន​ខ្មែរ​ណា​ម្នាក់​ស្លាប់​ដោយសារ​តែ​អត់បាយ​នោះ​ទេ​)) កាលពី​ព្រឹក​ថ្ងៃ​ទី​២​កុម្ភៈ លោក​ឩ​ត្តម​សេនី​យ៌​ទោ យិ​ន ច​ន្ទ័​ធួន ព្រមទាំង​ក្រុមការងារ​បញ្ជាការដ្ឋាន​អង្គរក្ស បាន​នាំ​យក​អំណោយ​របស់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ទៅ​ចែក​ជូន​ដល់​គ្រួសារ​លោកយាយ ចាន់ អូន ដែល​មាន​ជីវភាព​ក្រីក្រ​ខ្លាំង ហើយ​កំពុង​រស់នៅ​យ៉ាង​លំបាក​វេទនា​ជាមួយនឹង​កូនប្រុស​សតិ​មិន​ប្រក្រតី​នៅ​ក្នុង​កូនខ្ទម​ដ៏​តូច​មួយ​ក្នុងភូមិ​ហប់ ឃុំ​គោក​ខ្ចក ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​។

លោក​ឩ​ត្តម​សេនី​យ៌ យិ​ន ច​ន្ទ័​ធួន បានអោយ​ដឹង​ថា គ្រួសារ​លោកយាយ ចាន់ អូន រស់នៅ ក្នុង​ដី​ភូមិ​មួយ​ដែល​មានព្រៃ​ដុះ​ជុំ​ជិត ស្ថិត​នៅ​ឯ​ជាយ​ភូមិ​ឆ្ងាយ​ពី​គេ​ហើយ​ផ្លូវ​ក៏​ពិបាក​ចូល​ទៅ​ដល់​ដែរ ប៉ុន្តែ​ជា​ភ​ព្វ័​សំណាង​របស់​លោកយាយ ត្រូវ​បាន​ក្រុមការងារ​របស់​លោក​ចូល​ទៅ​ឃើញ បានដឹង​ពី​ភាព​ក្រលំបាក​វេទ្ទនា​របស់​ក្រុម​គ្រួសារ​គាត់ ទើប​នាំ​យក​ព​ត៌​មាន​នេះ រាយ​ការ​ណ៌​ជូន​អោយ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​បាន​ជ្រាប ហើយ​លោក​ទាំង ២​មានការ​អាណិតអាសូរ ក៏​ផ្តល់​អំណោយ​ជា​ថវិកា និង​សម្ភារៈ គ្រឿង​ឩ​ប​ភោគ​បរិភោគ យក​មក​ជូន​គ្រួសារ​លោកយាយ​តែ​ម្តង​។

អំណោយ​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ផ្តល់​ជូន​គ្រួសារ​លោកយាយ ចាន់ អូន រួម​មាន​ថវិកា​២​លាន​៥​សែន​រៀល មី​១​កេស ត្រីខ​១​កេស ទឹកស៊ីអ៊ីវ​២​យួរ ទឹកត្រី​២​យួរ ត្រី ងៀត​២​គីឡូ ប៊ី​ចេ​ង​២,៥​គីឡូ អង្ករ​២៥០​គីឡូ ស្ករស​០,៥​គីឡូ និង​សា​រ៉ុ​ង​៤​។ ជាមួយ​គ្នា​នេះ​ដែរ ដោយ​មើលឃើញ​ថា​ខ្ទម​របស់​លោកយាយ មាន​សភាព​ចាស់​ទ្រុឌទ្រោម​ណាស់​ទៅ​ហើយ​នោះ ក្រោម​គំនិត​ផ្តួចផ្តើម​របស់​សម្តេច​តេ​ជោ ឯក​ឩ​ត្តម ស្បោង សា​រ៉ាត់ ប្រធាន​ក្រុមប្រឹក្សា​ខេត្តព្រៃវែង បាន​ស្ម​គ្រ័​ចិត្ត​ជួយ​ធ្វើ​ផ្ទះ​ទេវតា ជូន​ក្រុម​គ្រួសារ​លោកយាយ​១​ខ្នង​ថែម​ទៀត ដោយ​ចាប់ផ្តើម​ធ្វើ​នៅ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​តែ​ម្តង​។

ដោយឡែក  ប្រជាពលរដ្ឋ​ចំនួន​៣៥​នាក់​ដែល​នៅ​ក្បែ​ផ្ទះ​លោកយាយ ព្រមទាំង​សមត្ថកិច្ច​១៣​នាក់​ទៀត ក៏​ទទួល​បាន​អំណោយ​ពី​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត  គឺ​ក្នុង​ម្នាក់​ៗ​ទទួល​បាន​ថវិកា​២​ម៉ឺន​រៀល និង​សា​រ៉ុ​ង​១​ផង​ដែរ​៕