ជន​រងគ្រោះ​ជា​អ្នក​រើស​អេតចាយ​ទទូច​រក​យុត្តិធម៌​នៅ​ក្នុង​ការ​បាញ់ប្រហារ​លើ​ខ្លួន

ជន​រងគ្រោះ​ជា​អ្នក​រើស​អេតចាយ​ទទូច​រក​យុត្តិធម៌​នៅ​ក្នុង​ការ​បាញ់ប្រហារ​លើ​ខ្លួន

លោក វ៉ាន់​ សុភា​ បង្ហាញ​មុខ​របួស​ដែល​អ្នក​បើក​ឡាន​ Lexus បាញ់ឲ្យ​រង​របួស​កាល​ពី​ខែ​ធ្នូ​នៅ​ពេល​រើស​អេត​ចាយ​ក្នុង​រាជ​ធានី​ភ្នំពេញ។ លោក​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​អ្នក​ប្រព្រឹត្ត​នេះ នៅ​ឯ​ផ្ទះ​របស់​លោក​ ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦។លោក ​វ៉ាន់​ សុភា​ ត្រូវ​បាន​បាញ់​ចំ​ខ្នង ​ដោយ​ខ្មាន់​កាំភ្លើង​ម្នាក់​ជិះ​ឡាន​ឡិចស៊ីស ​ពណ៌​ស​ នៅ​ពេល​ដែល​លោក ​កំពុង​រើស​អេត​ចាយ​នៅ​តាមផ្លូវ​​លូ​ទឹក​ស្អុយ ​នៅ​ក្នុង​សង្កាត់​បឹង​ត្របែក​ នៅ​ពាក់​កណ្តាល​យប់​ថ្ងៃ​ទី​១៥​ខែ​ធ្នូ​ឆ្នាំ​២០១៥។ ភ្នំពេញ—

ជនរង​គ្រោះ​ និង​អង្គការ​សង្គម​ស៊ីវិល​ បាន​អំពាវនាវ​ឲ្យ​សមត្ថ​កិច្ច​ ចាប់​ខ្លួន​អ្នក​ដែល​បាញ់​លោក​ វ៉ាន់​ សុភា​ នៅ​ពេល​ដែល​លោក​ កំពុង​រើស​អេតចាយ​កាល​ពី​ខែ​ធ្នូ។

លោក​ វ៉ាន់​ សុភា​ ត្រូវ​បាន​អ្នក​បើក​ឡាន ឡិចស៊ីស (Lexus) ម្នាក់​បាញ់​ ហើយ​គេច​ខ្លួន​បាត់។ ក្រោយ​ពី​ការ​បាញ់​នោះ​ ​លោក សុភា ​ត្រូវ​បាន​ប៉ូលិស​ដឹក​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​មិត្តភាព​កម្ពុជា~​សូវៀត ​បន្ទាប់​ពី​លោក​ បាន​សន្លប់​បាត់បង់​ស្មារតី។

ជាង​មួយ​ខែ​មក​ហើយ​ បន្ទាប់​ពី​ហេតុ​ការណ៍​នេះ​ បាន​កើត​ឡើង​ លោក ​វ៉ាន់​ សុភា ​មិន​ទាន់​ដឹង​ថា ​នរណា​ជា​អ្នក​ដែល​បាញ់​លោក​នោះទេ ហើយ​លោក ​បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​ ចាប់​ខ្លួន​ជន​ដៃ​ដល់​ ដែល​បាន​ធ្វើ​ការ​បាញ់​ប្រហារ​មក​លើ​រូប​លោក​នោះ។

លោក ​វ៉ាន់​ សុភា​ ត្រូវ​បាន​បាញ់​ចំ​ខ្នង ​ដោយ​ខ្មាន់​កាំភ្លើង​ម្នាក់​ជិះ​ឡាន​ឡិចស៊ីស ​ពណ៌​ស​ នៅ​ពេល​ដែល​លោក ​កំពុង​រើស​អេត​ចាយ​នៅ​តាមផ្លូវលូ​ទឹក​ស្អុយ ​នៅ​ក្នុង​សង្កាត់​បឹង​ត្របែក​ នៅ​ពាក់​កណ្តាល​យប់​ថ្ងៃ​ទី​១៥​ខែ​ធ្នូ​ឆ្នាំ​២០១៥។

លោក​ ត្រូវ​បាន​វេជ្ជ​បណ្ឌិតនៅ​មន្ទីរ​ពេទ្យ​សូវៀត​ ធ្វើ​ការ​វះ​កាត់ ​ដើម្បី​យក​គ្រាប់​កាំភ្លើង​ចេញ​ពី​ពោះ​របស់​លោក។

លោក ​បាន​មាន​ប្រសាសន៍​យ៉ាង​ដូច្នេះ​ថា៖

«ចង់​ឲ្យ​អាជ្ញាធរ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ។ ខ្ញុំ​ អត់​បាន​ធ្វើ​អី​ទាំង​អស់​ អត់​បាន​បំពាន​ ឬ​ក៏​ធ្វើ​អី​ទេ។ ខ្ញុំ​ អត់​ដឹង​ខ្លួន​ផង​ អត់​ដឹង​ថា ​គេ​បាញ់​ខ្ញុំ​ផង។ អត់​ដឹង​ខ្លួន​អី​សោះ ​ដឹង​តែ​ថា ​គេ​បាញ់​ខ្ញុំ​តែ​ម្តង»។

ជន​រងគ្រោះ​ជា​អ្នក​រើស​អេតចាយ​ទទូច​រក​យុត្តិធម៌​នៅ​ក្នុង​ការ​បាញ់ប្រហារ​លើ​ខ្លួន

លោក វ៉ាន់​ សុភា​ បង្ហាញ​មុខ​របួស​ដែល​អ្នក​បើក​ឡាន​ Lexus បាញ់ឲ្យ​រង​របួស​កាល​ពី​ខែ​ធ្នូ​នៅ​ពេល​រើស​អេត​ចាយ​ក្នុង​រាជ​ធានី​ភ្នំពេញ។ លោក​បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​តាម​ចាប់​អ្នក​ប្រព្រឹត្ត​នេះ នៅ​ឯ​ផ្ទះ​របស់​លោក​ ថ្ងៃ​ទី​១ ខែ​កុម្ភៈ​ ឆ្នាំ​២០១៦។

លោក​ និយាយ​ថា ​នៅ​កន្លែង​កើត​ហេតុ​នោះ​ មាន​អ្នក​យាម​សន្តិសុខ ​និង​មាន​កាមេរ៉ា​សុវត្ថិភាព ​ដូច្នេះ​ករណី​របស់​លោក ​គួរតែ​មាន​ពន្លឺ​ខ្លះៗ។

លោក សុភា មាន​ប្រសាសន៍​ថា​ លោក​មិន​ហ៊ានដាក់​ពាក្យ​ទៅ​តុលាការ​ទេ​ ដោយ​សារ​លោក​ មិន​មាន​ប្រាក់​គ្រប់​គ្រាន់។

«តាំង​ពី​បាញ់​មក​ដល់​ឥឡូវ​ អត់​ឮ​សូរ​ដំណឹង​ម៉េច​ផង»។

លោក​វ៉ាន់ សុភា ​ដែល​កាល​ពី​មុន​ អាច​រក​ប្រាក់​បាន​១ម៉ឺន​៥ពាន់​រៀល​ក្នុង​មួយ​ថ្ងៃ​ពី​ការ​រើស​អេតចាយ ​បាន​ឲ្យ​ដឹង​ថា ​ លោក​បាន​ប្រកប​មុខរបរ​នេះអស់​រយៈ​ពេល​១៨​ឆ្នាំ​ ដើម្បី​ចិញ្ចឹម​កូនៗ​និង​ប្រពន្ធ​របស់​លោក។ ​

លោក​ បាន​និយាយ​ថា​ លោក​ មិន​អាច​ធ្វើ​ការ​ធ្ងន់​បាន​ទេ​ ដោយសារ​ពោះ​វៀន​របស់​លោក​ដាច់​បី​កំណាត់​ ដោយសារ​គ្រាប់​កាំភ្លើង​នោះ។

ក្រោយ​ពេល​លៀង​ពោះវៀន​ដែល​លាន​ចេញ​មកក្រៅ លោក​ និយាយ​ថា៖

«ពេទ្យ​និយាយ​ថា​ ពោះ​វៀន​របស់​ខ្ញុំ ​បើ​គេ​ត​ដាក់​វិញ​ហើយ​ ខ្ញុំ​មិន​ធ្វើ​ការ​វិញ​ដូច​ដើម​ទេ។​ អត់​ហ៊ាន​ធ្វើ​ការ​...ប៉ះពាល់​ធ្ងន់ ​អត់​បាន​ហ្មង ហើយ​បើ​ថា​ ធ្វើ​ការ​ប៉ះពាល់​ធ្ងន់ ​វា​នឹង​មាន​បញ្ហា​ដល់​ជីវិត​យើង»។

អ្នកស្រី មឿន​ សុខឿន ​ដែល​ជា​អ្នក​រស់​នៅ​ជាប់​ផ្ទះ​របស់​លោក វ៉ាន់​ សុភា ​មាន​ប្រសាសន៍​ថា ​អាជ្ញាធរ​ គួរ​ចាប់​ជនដៃ​ដល់​ឲ្យ​បាន ​ដើម្បី​ជា​ការ​ព្រមាន​ដល់​អ្នក​ដទៃ​ទៀត។

«បើ​សិន​ជា​រក​ឃើញ​ ឲ្យ​កាត់​ទោស​ទៅ​តាម​ច្បាប់​ទៅ​ សម្រាប់​អ្នក​ផ្សេង​ កុំ​ឲ្យ​ធ្វើ​តម្រាប់​តាម​ កុំ​ឲ្យ​ធ្វើ​ដូច​អ្នក​មុនៗ​ទៀត ​ដូច​ថា ​កែ​ចរិត​បាញ់​បោះ​នេះ​ចោល​ទៅ!»

លោក​ អំ សំអាត​ មន្ត្រី​ជាន់​ខ្ពស់​របស់​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​ បាន​និយាយ​ថា​ រដ្ឋាភិបាល ​គួរ​តែ​រក​ជន​ដៃ​ដល់​ ឲ្យ​ឃើញ ​បើ​ទោះ​ជា ​មិន​មាន​ពាក្យ​បណ្តឹង​ពី​ជន​រង​គ្រោះ​ក៏​ដោយ។

លោក ​បាន​មាន​ប្រសាសន៍​ថា​ ទោះ​បី​ជា​គាត់​ ជា​អ្នក​រើស​អេត​ចាយ​ អ្នក​រើស​សម្រាមអី​ក៏​ដោយ​ ក៏​គាត់​ជា​មនុស្ស​ដែរ​ ហើយ​បទ​ល្មើស​ដែល​កើត​ឡើង​ មិនចាំ​ទាល់​តែ​មាន​ពាក្យ​បណ្តឹង​បាន​ធ្វើ​ទេ​ ព្រោះ​អា​នេះ​ជា​បទ​ល្មើស​ព្រហ្ម​ទណ្ឌ»។

«ការ​បាញ់​នេះ​ ជា​ការ​ប៉ុនប៉ង​មនុស្ស​ឃាត។ ក្រោយ​ពី​ទទួល​ព័ត៌មាន គឺ​ព្រះ​រាជអាជ្ញា ​និង​មន្ត្រី​យុត្តិធម៌ ​ត្រូវ​តែ​ចាត់​វិធាន​ការ​ធ្វើ​ការ​ស៊ើប​អង្កេត​ ស្វែង​រក​ជន​ដៃដល់​ យក​មក​ផ្តន្ទា​ទោស​តាម​ផ្លូវ​ច្បាប់ ​មិនមែន​ចាំ​ឲ្យ​ជនរង​គ្រោះ​គាត់​ប្តឹង​ទេ»។

លោក​ អំ សំអាត​ បាន​បន្ថែម​ថា ​ការ​រក​ឲ្យ​ឃើញ​ជន​ដៃ​ដល់ ​នឹង​ជួយ​កាត់​បន្ថយ​និទណ្ឌភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា។

ក្នុង​ពេល​កន្លង​មក​ ប្រទេស​កម្ពុជា ​ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស​រិះគន់​ថា ​ជា​ប្រទេស​ដែល​មាន​វប្បធម៌​និទ្ទណ្ឌភាព៕