ស្ថានទូត​បារាំង បង្ហាញ​បុគ្គលិក​ស្ថានទូត​វ័យក្មេង​មួយរូប​ទៀត ជា​អនុព័ន្ធ​សេដ្ឋកិច្ច​នៅ​ការិយាល័យ​សេដ្ឋកិច្ច​នៃ​ស្ថានទូត​

ភ្នំពេញ: ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា នៅ​ថ្ងៃទី​២​ខែកុម្ភៈ​នេះ បាន​ឲ្យ​ដឹងថា បន្ទាប់ពី​បង្ហាញ​នូវ​បុគ្គលិក​ស្ថានទូត ដែល​ចូល​បម្រើ​ការងារ និង​បុគ្គលិក​ដែល​ចប់​អាណត្តិ នៅថ្ងៃនេះ ស្ថានទូត​សូម​បង្ហាញ​បុគ្គលិក​ស្ថានទូត​វ័យក្មេង​មួយរូប​ទៀត ដែល​ដើរតួនាទី​សំខាន់​ក្នុង​សកម្មភាព​ប្រចាំថ្ងៃ​របស់​ស្ថានទូត ហើយ​កាន់តែ​សំខាន់​ទៅទៀត​ក្នុង​ប្រទេសមួយ ដូចជា​កម្ពុជា ដែល​ប្រជាជន​ភាគច្រើន​ជា​យុវជន​។​

​លោក​ទូច សុទ្ធា​មាន​អាយុ​២៩ ឆ្នាំ បម្រើ​ការងារ​ក្នុង​ការិយាល័យ​សេដ្ឋកិច្ច លោក​កើត​នៅ​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា​។ លោក​ទទួលបាន​បរិញ្ញាបត្រ​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​ពី​សាកលវិទ្យាល័យ​ភូមិន្ទ នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​។​

- តើ​អ្វីដែល​លោក​ពេញចិត្ត​ជាងគេ​ក្នុងការ​រស់នៅក្នុង​រាជធានី​ភ្នំពេញ ?
​អ្វីដែល​ខ្ញុំ​ពេញចិត្ត​បំផុត​គឺ​ភាព​ផ្សេងៗ​គ្នា​នៃ​ម្ហូប​ដែល​យើង​អាច​រក​ទទួលទាន​បាន​។​

- តើ​លោក​បំពេញការងារ​អ្វី​នៅ​ស្ថានទូត​?
​ខ្ញុំ​ជា​អនុព័ន្ធ​សេដ្ឋកិច្ច​នៅ​ការិយាល័យ​សេដ្ឋកិច្ច​នៃ​ស្ថានទូត​។ ខ្ញុំ​សង្កេត​តាមដាន​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ជាប្រចាំ​ដោយ​ធ្វើការ​សង្ខេប​ព័ត៌មាន​ប្រចាំថ្ងៃ​អំពី​សេដ្ឋកិច្ច​។ ខ្ញុំ​ទទួលបន្ទុក​ទំនាក់ទំនង​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន និង​ចូលរួម​រៀបចំ​ទស្សនកិច្ច​ក្រុមហ៊ុន​បារាំង​នៅ​កម្ពុជា​។ ខ្ញុំ​ក៏​ទទួលខុសត្រូវ​ផងដែរ​ផ្នែក​ព័ត៌មានវិទ្យា​របស់​ការិយាល័យ​។​

- តើ​អ្វី​ទៅ​ដែល​ជំរុញ​ឲ្យ​លោក​មាន​ចំណូលចិត្ត​ចំពោះ​ប្រទេស​បារាំង​?
​អ្វីៗ​ចាប់ផ្តើម​នៅពេល​ខ្ញុំ​ស្គាល់​ជនជាតិ​បារាំង ដែល​បាន​ក្លាយជា​មិត្តភក្តិ​របស់ខ្ញុំ​។ ក្នុងន័យនេះ ខ្ញុំ​បាន​ស្វែងយល់​ពី​វប្បធម៌ និង​ម្ហូបអាហារ​បារាំង​។ ការណ៍​នេះ​បានធ្វើ​លោក​ខ្ញុំ​ចង់​សិក្សា​ភាសា​បារាំង​នៅ​វិទ្យាស្ថាន​បារាំង​នៅ​កម្ពុជា​(IFC)​។​

- បន្ទាប់ពី​បំពេញការងារ​យ៉ាង​មមាញឹក​ពេញ​មួយថ្ងៃ ជាទូទៅ​តើ​លោក​ចំណាយ​ពេលយប់​/​ពេល​ចុង​សប្តាហ៍​ធ្វើ​អ្វី​?
​ខ្ញុំ​ចូលចិត្ត​រៀន​ភាសាបរទេស ហើយ​ជា​ញឹកញាប់​បន្ទាប់ពី​បញ្ចប់​ការងារ ខ្ញុំ​ឆ្លៀត​ពង្រឹង​ភាសា​របស់ខ្ញុំ ជាពិសេស​ភាសា​ជប៉ុន​។ ក្រៅពីនេះ​ខ្ញុំ​ទៅ​លម្ហែ ឬ​ទទួលទាន​បាយល្ងាច​នៅ​ខាងក្រៅ​ម្តងម្កាល​ជាមួយ​មិត្តភក្តិ​។​

- តើ​លោក​ធ្វើដំណើរ​កម្សាន្ត​ច្រើន​ទេ​នៅ​កម្ពុជា​? តើ​កន្លែង​ណា​ជា​កន្លែង​ដែល​លោក​ចូលចិត្ត​ទៅ​បំផុត​?
​ខ្ញុំ​ធ្វើដំណើរ​កម្សាន្ត​ច្រើន​នៅ​កម្ពុជា​។ ខ្ញុំ​ចូលចិត្ត​សៀមរាប ប្រាសាទ និង​ដើមឈើ​ធំៗ​ដែល​ដុះ​តាម​បណ្តោយ​ផ្លូវ​។ ខ្ញុំ​ចង់ទៅ​ទីនោះ​ទៀត​នៅ​ឆ្នាំក្រោយ ដើម្បី​ចូលរួម​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រា​តុង​ជុំវិញ​សួន​អង្គរវត្ត​។​

- តើ​លោក​មាន​គម្រោង​ធ្វើ​អ្វី​នៅពេល​បញ្ចប់​ការងារ​របស់លោក​នៅ​ស្ថានទូត​បារាំង​?
​តាមពិត​ខ្ញុំ​បាន​ចុះកិច្ចសន្យា​ការងារ​មាន​ថិរវេលា​មិន​កំណត់ ដូច្នេះ​រយៈពេល​បំពេញការងារ​របស់ខ្ញុំ​នឹង​នៅ​បន្ត​យូរ​ទៀត​។ ខ្ញុំ​ឈប់​បម្រើ​ការងារ​ការិយាល័យ​សេដ្ឋកិច្ច​នៅពេលណា​ខ្ញុំ​បន្ត​ការសិក្សា​នៅ​បរទេស បន្ទាប់មក​ត្រឡប់មក​កម្ពុជា​វិញ ឬ​ប្រសិនបើ​ខ្ញុំ​បើក​ក្រុមហ៊ុន​ដោយ​ខ្លួនឯង​៕

ស្ថានទូត​បារាំង បង្ហាញ​បុគ្គលិក​ស្ថានទូត​វ័យក្មេង​មួយរូប​ទៀត ជា​អនុព័ន្ធ​សេដ្ឋកិច្ច​នៅ​ការិយាល័យ​សេដ្ឋកិច្ច​នៃ​ស្ថានទូត​