អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បង្កើត​កិច្ចសហការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ ​ជាមួយ​គ្រប់​ដៃគូ​សហប្រតិបត្តិការ​នៅ​អង្គរ​

សៀមរាប: ​អ្នកជំនាញ​ជាតិ និង​អន្តរជាតិ​នៃ​បណ្តា​ស្ថាប័ន​អន្តរជាតិ​នានា ដែល​កំពុង​អនុវត្ត​ការងារ​អភិរក្ស និង​ជួសជុល​ក្នុង​រមណីយដ្ឋាន​អង្គរ ត្រូវបាន​អញ្ជើញ​មកជួប​ប្រជុំគ្នា​នៅ​ទីស្នាក់ការ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា នា​រសៀល​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ​។ ពិធី​ជួបជុំ​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​លោក ស៊ុ ម៉ាប់ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា និង​លោក​សាស្ត្រាចារ្យ Azedine BESCHAOUCH លេខាធិការ​វិទ្យាសាស្ត្រ​នៃ​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​អង្គរ​។​

​ជំនួប​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ផ្លាស់ប្តូរ​បទពិសោធន៍រ​វាង​ស្ថាប័ន​ពាក់ព័ន្ធ​នានា ជាមួយនឹង​អាជ្ញាធរ​ជាតិ​អប្សរា និង​ដើម្បី​ទទួលបាន​ព័ត៌មាន​ថ្មីៗ​មួយចំនួន ដែល​ពាក់ព័ន្ធ​នឹង​ការងារ​អភិរក្ស ដែល​ស្ថិតក្រោម​ដែន​សមត្ថកិច្ច​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​។​
​មានប្រសាសន៍​ក្នុងឱកាស​នេះ លោក ស៊ុ ម៉ាប់ បញ្ជាក់ថា ការជួប​ជុំគ្នា​រវាង​អ្នកជំនាញ​ទាំង​ការងារ​អភិរក្ស និង​ក្រុម​អ្នកស្រាវជ្រាវ​នេះ គឺ​ដើម្បី​ស្វែងយល់​ពីគ្នា​ទៅវិញទៅមក​ឲ្យ​បាន​កាន់តែ​ជិតស្និទ្ធ ដើម្បី​ជំរុញ​ប្រសិទ្ធភាព​ការងារ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ជាង​មុន​ថែមទៀត​។ ការជួប​ជុំគ្នា​នេះ ក៏​រំឭក​ផងដែរ​អំពី​ធម្មនុញ្ញ​អង្គរ ដែលជា​ឯកសារ​គោល​ដ៏​ចម្បង​មួយ​សម្រាប់​រាល់​ការងារ​អភិរក្ស និង​ជួសជុល​ក្នុង​រមណីយដ្ឋាន​អង្គរ​។​

លោក​បញ្ជាក់ថា បើទោះជា​ធម្មនុញ្ញ​អង្គរ​ត្រូវបាន​ផ្សព្វផ្សាយ​ជាច្រើន​ឆ្នាំ ហើយ​ស្ថាប័ន​អន្តរជាតិ​នានា​បាន​អនុវត្ត​ពេញលេញ​យ៉ាងណាក្តី តែ​ស្ថាប័ន​ជំនាញ​មួយចំនួន​នៅ​មិនទាន់បាន​ជ្រាប​ច្បាស់​នៅឡើយ​អំពី​សារៈប្រយោជន៍​នៃ​ឯកសារ​នេះ​។​

​ក្នុង​កិច្ចប្រជុំ​នេះដែរ ក៏មាន​ការលើកឡើង​អំពី​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៃ​អាជ្ញាធរ​ជាតិ​អប្សរា ដោយ​អ្នកជំនាញ​ជាន់ខ្ពស់​ជាច្រើនរូប ដែល​ទទួលស្គាល់​ដោយ​អង្គការ​យូណេស្កូ សំដៅ​បង្កើន​នូវ​សមត្ថភាព​នៃ​ចំណេះដឹង និង​ចំណេះធ្វើ​។ ជាមួយគ្នានេះ ក៏មាន​ការលើកឡើង​នូវ​សំណូមពរ​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា ចំពោះ​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ និង​សំណូមពរ​របស់​ស្ថាប័ន​ពាក់ព័ន្ធ មកកាន់​អាជ្ញាធរ​ជាតិ​អប្សរា​វិញ ក្នុងន័យ​ធ្វើយ៉ាងណា​ឲ្យ​ដំណើរការ​នៃ​កិច្ចសហប្រតិបត្តិការ​ដំណើរការ​ប្រកបដោយ​ភាពជោគជ័យ​៕​

អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បង្កើត​កិច្ចសហការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ ​ជាមួយ​គ្រប់​ដៃគូ​សហប្រតិបត្តិការ​នៅ​អង្គរ​

អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បង្កើត​កិច្ចសហការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ ​ជាមួយ​គ្រប់​ដៃគូ​សហប្រតិបត្តិការ​នៅ​អង្គរ​

អាជ្ញាធរ​ជាតិ​អប្សរា​នឹង​បង្កើត​កិច្ចសហការ​ឲ្យ​កាន់តែ​ជិតស្និទ្ធ​ ​ជាមួយ​គ្រប់​ដៃគូ​សហប្រតិបត្តិការ​នៅ​អង្គរ​