ឆ្នាំ​២០១៥ ភ្ញៀវទេសចរ​តាម​នាវា​ចំនួន ៤២ មក​ទស្សនា​ខេត្ត​ព្រះសីហនុ

ព្រះសីហនុ: នៅ​ឆ្នាំ​២០១៥ ខេត្ត​ព្រះសីហនុ មាន​ភ្ញៀវទេសចរ​មក​តាម​នាវា​មាន​ចំនួន ៤២ មាន​ទេសចរ​ចំនួន ៤៤.១៣៨​នាក់ កើនឡើង ១០៧,៣%​។
​ក្នុង​ឆ្នាំ​នោះដែរ ខេត្ត​ព្រះសីហនុ​បានទទួល​ទេសចរ (​ជាតិ និង​អន្តរជាតិ​) ប្រមាណ​ជាង ១,៥​លាន​នាក់ កើនឡើង​ក្នុង​អត្រា (១៤,៩%) ដែល​ក្នុងនោះ ភ្ញៀវទេសចរ​អន្តរជាតិ​មាន​ប្រមាណ ៣៦​ម៉ឺន​នាក់​។

​តាម​ការរំពឹងទុករ​បស់​ក្រសួងទេសចរណ៍ ខេត្ត​ព្រះសីហនុ​នឹង​ក្លាយជា​គោលដៅ​ទេសចរណ៍​សមុទ្រ​ដ៏​ទាក់ទាញ​ក្នុង​តំបន់ និង​ពិភពលោក ដែល​អាចនឹងទទួល​ភ្ញៀវ​ទេសចរ​អន្តរជាតិ ១​លាន​នាក់ នៅ​ឆ្នាំ​២០២០ ក្នុងនោះ​ទេសចរ​តាម​នាវា​សមុទ្រ​នឹង​ក្លាយជា​ប្រភេទ​ទេសចរណ៍​សក្តានុពល ខណៈដែល​ខេត្ត​ព្រះសីហនុ​ត្រូវបាន​ដាក់​ក្នុង​ផែនទី ASEAN Cruise Tourism Line ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ផ្សព្វផ្សាយ​រួមគ្នា (Joint branding) – “Cruise Southeast ASIA – Feel the warmth.” ដែល​ប្រកាស​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ កាលពី​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០១៦ ក្នុងឱកាស​វេទិកា​ទេសចរណ៍​អាស៊ាន (ATF – 2016)​។​

​សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​១ ខែកុម្ភៈ ឆ្នាំ​២០១៦ នាវា​ទេសចរណ៍​អាមេរិក​មួយ​ដែលមាន​ឈ្មោះថា Regent Seven Seas បាន​ដឹក​ភ្ញៀវទេសចរ​ចំនួន ៦៦១​នាក់ មក​ទស្សនា​ឆ្នេរសមុទ្រ​កម្ពុជា​។ មុនពេល​មកដល់​ឆ្នេរសមុទ្រ​កម្ពុជា នាវា​ទេសចរណ៍​ដ៏​ធំ​មួយ​នេះ បានធ្វើ​ដំណើរ​មកពី​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី រួច​បាន​ចុះចត​នៅ​កំពង់ផែ​ព្រះសីហនុ​នេះ ហើយ​បាន​បន្តដំណើរ​ទៅ​ប្រទេស​ថៃ​៕

ឆ្នាំ​២០១៥ ភ្ញៀវទេសចរ​តាម​នាវា​ចំនួន ៤២ មក​ទស្សនា​ខេត្ត​ព្រះសីហនុ