ជនរងគ្រោះ​ខ្មែរ​៥​នាក់ ត្រូវ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហូជីមិញ និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​សា​កែវ​ជួយសង្គ្រោះ​

ភ្នំពេញ: លោក ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ អន្តរជាតិ បាន​ឲ្យ​ដឹងថា តាម​ការណែនាំ​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ទីក្រុង​ហាណូយ និង​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហូជីមិញ ប្រទេស វៀតណាម បាន​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​វៀតណាម អន្តរាគមន៍​ជួយសង្គ្រោះ ស្ត្រី​ខ្មែរ​រងគ្រោះ​ចំនួន​៣​នាក់ ពី​ការ​ជូ​ញ​ដូរ​មនុស្ស​ខុសច្បាប់​នាំទៅ​រៀបការ​នៅ​ប្រទេស​ចិន ដោយ​ឆ្លងកាត់​ប្រទេស​វៀតណាម   ឲ្យ​បាន​វិល​ត្រឡប់មក​កម្ពុជា​វិញ​។
​នារី​ខ្មែរ​រងគ្រោះ​ទាំង​៣​នាក់ មានឈ្មោះ​៖
-​    ​សន សាវឿន  អាយុ ២៤ ឆ្នាំ នៅ​ភូមិ​សំរោង ឃុំ​ត្រឡាច ស្រុក​ទ្រាំង ខេត្ត តាកែវ​។
-​    ​រស់ រ៉ានី អាយុ ២៨ ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​សន្លុង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្តាល​។​
-​    ​    ​គាំ កុល អាយុ ២៣ ឆ្នាំ នៅ​ភូមិ​បាត់​ឡា​ស្នាប់ ឃុំ​ពាមជីលាំង ស្រុក​ត្បូងឃ្មុំ ខេត្ត ត្បូងឃ្មុំ​។​
​នារី​រងគ្រោះ​ទាំង​៣​នាក់​នេះ ត្រូវបាន​មេខ្យល់​នាំទៅដល់​ព្រំដែន​វៀតណាម​-​ចិន (​ភាគ ខាងជើង​ប្រទេស​វៀតណាម​) ដើម្បី​យកទៅ​រៀបការ​ជាមួយ​បុរស​ជនជាតិ​ចិន​។​
​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​បានផ្ដល់​ការ​ស្នាក់នៅ ការហូបចុក ប្រាក់ឧបត្ថម្ភ និង​ថ្លៃ សំបុត្រ​រថភ្លើង​ពី​ទីក្រុង​ហាណូយ​មក​ទីក្រុង​ហូជីមិញ ដល់​ស្ត្រី​ខ្មែរ​ទាំង​៣​នាក់ ។​
​ចំណែកឯ​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំ​ទីក្រុង​ហូជីមិញ ក៏បាន​បន្ត​រ៉ាប់រង​ផ្ដល់នូវ​កន្លែង ស្នាក់នៅ ម្ហូបអាហារ ប្រាក់ឧបត្ថម្ភ និង​ថ្លៃ​សំបុត្រ​រថយន្តក្រុង​ពី​ទីក្រុង​ហូជីមិញ​មក​ទីក្រុង ភ្នំពេញ ដល់​ស្ត្រី​ខ្មែរ​ទាំង​៣​នាក់​នេះ​ផងដែរ​។​
​មន្ត្រី​ស្ថាន​អគ្គ​កុងស៊ុល​នឹង​ជូន​ដំណើរ​ស្ត្រី​រងគ្រោះ​ទាំង​៣​នាក់​នេះ ត្រឡប់មក​កម្ពុជា វិញ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​បាវិត​-​ម៉ុក​បាយ ដោយ​រថយន្តក្រុង នៅ​ថ្ងៃទី​២ ខែកុម្ភៈ ឆ្នាំ​២០១៦ ។​
២-​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា​ប្រចាំខេត្ត​សា​កែវ ប្រទេស​ថៃ បាន​ចុះ​អន្តរាគមន៍​ជួយ​កម្មករ ខ្មែរ​ខុសច្បាប់​ចំនួន​២​នាក់ ដែល​ធ្វើការ​នៅ​រោងចក្រ​ផលិត​ស្ករ​នៅ​ស្រុក​វ​ឌ្ឍ​នាណា​ខន ប្រទេស ថៃ ដែល​ត្រូវ​អាជ្ញាធរ​ថៃ​ឃាត់ខ្លួន​ពីបទ​ពុំមាន​ឯកសារ​ស្របច្បាប់ ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ​។​
​កម្មករ​ខ្មែរ​ទាំងពីរ​នាក់​មានឈ្មោះ​៖
-​    ​ឃី ខា   ភេទ​ប្រុស  អាយុ ២៣ ឆ្នាំ  នៅ​ស្រុក​ពួក ខេត្តសៀមរាប​
-​    ​ធួន ណា ភេទ​ស្រី  អាយុ​៣៣ ឆ្នាំ  នៅ​ស្រុក​ពួក ខេត្តសៀមរាប​
​ស្ថាន​អគ្គ​កុងស៊ុល​កម្ពុជា បាន​ជួយ​សំរួល​ជាមួយ​សមាគម​កសិកម្ម​ព្រំដែន​ដើម្បី​ចុះឈ្មោះ កម្មករ​ទាំងពីរ​នាក់​នេះ ជា​កម្មករ​រោងចក្រ​ស្ករ​ដោយ​ស្របច្បាប់ និង​អោយ​វិល​ត្រលប់​ទៅធ្វើ​ការ នៅ​រោងចក្រ​ស្ករ​ដូចដើម ដោយ​ពុំ​ចាំបាច់​បញ្ជូនមក​កម្ពុជា​៕​